ការផលិតថាមពលបៃតង ជុំវិញពិភពលោកបង្កើតទីផ្សារការងារជាង ១២ លានកន្លែងដល់មនុស្សជាតិ

ពិភពលោកកំពុងដើរទៅរកថាមពលបៃតង ជាជាងការប្រើប្រាស់ធ្យូងថ្ម ប្រេងឥន្ធៈ និងថាមពលនុក្លេអ័រ ដែលបង្ករជាហារនិភ័យខ្ពស់សម្រាប់អនាគតផែនដី។ ការចាប់ផ្ដើមដើរទៅរកការផលិតថាមពលបៃតង ដែលជាថាមពលកកើតឡើងវិញ និងពុំបំភាយឧស្ម័នពុលចូលទៅក្នុងបរិយាកាស បានកំពុងកើតមានឡើងបន្តិចម្ដងៗនៅតាមបណ្ដាប្រទេសជាច្រើន ដោយក្នុងនោះរួមមានកម្ពុជាយើងផងដែរ។

ស្ថានីយ៍ ក៏ដូចជារោងចក្រផលិតថាមពលបៃតង (Green Energy) រាប់សិបម៉ឺនកន្លែង កំពុងដំណើរការ និងផ្គត់ផ្គង់ថាមពលអគ្គិសនីទៅកាន់សង្គមជាច្រើន ហើយបានរួមចំណែកយ៉ាងសំខាន់នៃជោគវាសនារបស់មនុស្សជាតិនាថ្ងៃអនាគត។ ទន្ទឹមគ្នានោះដែរ ការបង្កើតការផលិតថាមពលបៃតង បានរួមចំណែកយ៉ាងច្រើនផងដែរ ក្នុងការបង្កើតទីផ្សារការងាររហូតដល់ទៅជាង ១២ លានកន្លែងឯណោះ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយ ភ្នាក់ងារអន្តរជាតិនៃថាមពលកកើតឡើងវិញ ហៅកាត់ថា (IRENA) និងអង្គការការងារអន្តរជាតិ ហៅកាត់ថា (ILO)។

យោងតាមរបាយការណ៍របស់អង្គការអន្តរជាតិធំៗទាំង ២ នោះបានឱ្យដឹងថា ថាមពលបៃតង បានបង្កើតទីផ្សារការងារជូនប្រជាពលរដ្ឋនៅតាមតំបន់ និងប្រទេសជាច្រើន ដោយគិតត្រឹមដំណាច់ឆ្នាំ ២០២០ កន្លងទៅ ពលរដ្ឋប្រមាណជា ១២ លាននាក់ បានកំពុងបម្រើការងារ តាមមុខងារ និងតួនាទីរបស់ខ្លួននៅតាមស្ថានីយ៍ទាំងនោះ។ ស្ថិតក្នុងចំនួនដ៏ច្រើននោះ ទីផ្សារការងារនៃវិស័យថាមពលបៃតង មានច្រើនជាងគេបំផុតនៅប្រទេសចិន គិតជាភាគរយនៃតួរលេខសរុប មានដល់ទៅ ៣៩% ឯណោះ និងប្រទេសប្រេស៊ីល ឈរក្នុងលេខរៀងទី២ មាន ១០% និងទី៣ គឺប្រទេសឥណ្ឌា មាន ៦%។

ជាមួយគ្នានោះដែរ របាយការណ៍អង្គការអន្តរជាតិទាំង ២ បានធ្វើការព្យាករណ៍ទៀតថា វិស័យថាមពលបៃតងនេះ នឹងជម្រុញឱ្យបង្កើតទីផ្សារការងារច្រើនបន្ថែមទៀត ដោយតួរលេខនោះអាចកើនឡើងចន្លោះពី ២៤ ទៅ ២៥ លានកន្លែង នាឆ្នាំ ២០៣០ ដែលជាការបោះជំហានលើកទី១ របស់បណ្ដាប្រទេសជាច្រើននៅលើពិភពលោក ហើយអាចនឹងកើនឡើងរហូតដល់ទៅជាង ៤៣ លានកន្លែង នាឆ្នាំ ២០៥០។ ការកើនឡើងនេះ ក៏នឹងបង្កើតជាហានិភ័យមួយផ្សេងទៀតផងដែរ ដោយនឹងកាត់បន្ថយកម្លាំងពលកម្ម ក៏ដូចជាទីកន្លែងការងារចេញពីវិស័យថាមពលមួយចំនួនផងដែរ ដូចជាប្រេងឥន្ធៈ រោងចក្រថាមពលបំភាយឧស្ម័នពុល រោងចក្រឧស្ម័នធម្មជាតិ ជាដើម ដែលនឹងរងផលប៉ះពាល់ កាត់បន្ថយបុគ្គលិកនាថ្ងៃអនាគត។

អង្គការ ILO ជឿជាក់ថាវិស័យថាមពលនាថ្ងៃអនាគត នឹងនាំមកនូវដំណោះស្រាយប្រសើរសម្រាប់អនាគតរបស់ផែនដី ក្នុងការឆ្លើយតបទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ក៏ដូចជាបង្កើតទីផ្សារការងារកាន់តែច្រើនសម្រាប់មនុស្សជាតិ ឱ្យបានសមប្រកបទៅនឹងការវិវឌ្ឍខ្លួននៃបច្ចេកវិទ្យា និងបែបបទនៃការផ្លាស់ប្ដូររបៀបរបបនៃការរស់នៅ៕