តម្លៃដីធ្លីនៅចិន បន្តធ្លាក់ចុះបន្ថែមទៀតក្នុងខែទី២ ជាការខាតបង់សាច់ប្រាក់រាប់សិបពាន់លានដុល្លារ

ប៉េកាំង៖ តម្លៃដី នៅក្នុងប្រទេសចិន កំពុងប្រឈមមុខនឹងការធ្លាក់ថ្លៃជាលើកដំបូង និងជាខែទី២ ផងដែរ បន្ទាប់ពីរដ្ឋាភិបាល បានរៀបចំនូវគោលនយោបាយថ្មី និងរឹតបន្តឹងការប្រើប្រាស់ប្រាក់កម្ចីតាមធនាគារ ដែលបានបង្កើតជាសម្ពាធធ្វើឱ្យ ក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន និងទីផ្សារមានការធ្លាក់ចុះ ពិសេសបានទាញឱ្យតម្លៃដី នៅចិនជួបបន្តជួបញ្ហាទីផ្សារ។

ទីផ្សារអចលនទ្រព្យ (ដីធ្លី) កាលពីខែកញ្ញា កន្លងទៅនេះ បានបន្តធ្លាក់ថ្លៃជាបន្តទៀត ដែលជាខែទី២ នាឆ្នាំ ២០២១ នេះ ដោយអត្រាធ្លាក់ថ្លៃនៅទូទាំងផ្ទៃប្រទេស មានសរុបដល់ទៅ ១១.១៥% បើធៀបទៅនឹងឆ្នាំ ២០២០ ។ ការធ្លាក់ចុះតម្លៃដីធ្លី នៅចិនក្នុងពេលនេះត្រូវបានកំណត់ធ្វើឡើងដោយភ្នាក់ងារព័ត៌មាន Reuters ដោយប្រៀបធៀបទៅនឹងរបាយការណ៍រដ្ឋាភិបាលចិន ចេញផ្សាយនាថ្ងៃសុក្រកន្លងទៅនេះ ដែលបង្ហាញថា ទីផ្សារដីធ្លីចិនមានការធ្លាក់ចុះ ដែលធ្វើឱ្យចិនខាតបង់ទឹកប្រាក់អស់ប្រមាណជា ៨៩ ពាន់លានដុល្លារអាមេរិកឯណោះ។

ប្រភពអន្តរជាតិដដែលបានបន្តឱ្យដឹងទៀតថា តម្រូវការពីក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន ចំពោះដីធ្លីនៅទំនេរ មានការថាំថយច្រើន ហើយបង្កើតបានជាសម្ពាធសម្រាប់អាជ្ញាធរក្នុងតំបន់ នៃការធ្លាក់ចុះប្រាក់ចំណូលជាតិ ចេញពីការធ្វើលទ្ធកម្មកម្មសិទ្ធិ ព្រោះពុំមានការសាងសង់អគារសហកម្មសិទ្ធិ ឬលំនៅឋានឯកជនថ្មីៗ ដោយជំនួសមកវិញនូវការដេញថ្លៃអលនវត្ថុវិញ។ ការថាំថយនេះត្រូវបានឱ្យដឹងថា ដោយសារតែរដ្ឋាភិបាលចិន បានដាក់ចេញជាគោលការណ៍ និងលក្ខខណ្ឌសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវគោរព និងអនុវត្តតាម បើពុំដូច្នោះទេ នឹងពុំអាចប្រើប្រាស់ប្រាក់កម្ចីឥណទាន នៅតាមធនាគារបានឡើយ។

ការរឹតបន្តឹងនេះ មិនត្រឹមតែកំពុងធ្វើឱ្យទីផ្សារដីធ្លីធ្លាក់ថ្លៃប៉ុណ្ណោះទេ រាប់បញ្ចូលលំនៅឋានផងដែរ ជាមូលហេតុធ្វើឱ្យគម្រោងអភិវឌ្ឍលំនៅឋានជាច្រើន លើផ្ទៃប្រទេសផ្អាកជាបណ្ដោះអាសន្ន នៅពេលជួបបញ្ហាហិរញ្ញវត្ថុ កាលពីខែកក្កដា និងកញ្ញាកន្លងទៅថ្មីៗនេះ។ ម្យ៉ាងវិញទៀត បើទោះបីជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន មួយចំនួន អាចលក់ទៅកាន់អតិថិជនបានក៏ដោយ តែការផ្ទេរប្រាក់មានភាពយឺតយ៉ាវខ្លាំង ដោយសារតែពួកគេត្រូវរង់ចាំថវិការពីអតិថិជន ដែលភាគច្រើនប្រើប្រាស់កម្ចីឥណទានពីធនាគារ ដែលការខ្ចីនោះត្រូវចំនាយពេល ៣ ទៅ ៤ ខែឯណោះ ជាហេតុធ្វើឱ្យល្បឿននៃការលក់យឺតយ៉ាវ និងហានិភ័យកើនឡើង។

ជុំវិញបញ្ហាធ្លាក់ចុះនៃតម្លៃដី ដែលទាញឱ្យតម្លៃអចលនទ្រព្យបន្តធ្លាក់ចុះនៅពេលនេះ កំពុងជាបញ្ហាប្រឈមខ្លាំងទៅដល់រដ្ឋាភិបាលចិន ក្នុងការខាតបង់ប្រាក់ចំណូលជាតិជាច្រើន ហើយបើតាមការព្យាករណ៍របស់អ្នកជំនាញខាងអចលនទ្រព្យនៅចិនផ្ទាល់ បានបង្ហើបឱ្យដឹងទៀតថា តម្លៃដីធ្លី នៅចិនសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២១ នឹងបន្តធ្លាក់ចុះថែមទៀតរហូតដល់ចុងឆ្នាំ។ គួរបញ្ជាក់ថា ប្រាក់ចំណូលរបស់រដ្ឋាភិបាលចិន បានចេញពីការទិញលក់ដីធ្លីគិតចាប់ពីខែមករា ដល់ខែកញ្ញា កន្លងទៅមានក្នុងអត្រា ៨.៧% ឬគិតជាប្រាក់ប្រមាណជា  ៨៣ ពាន់លានដុល្លារអាមេរិក៕