វៀតណាម គ្រោងសាងសង់ផ្លូវហាយវេ ៧២៩ គីឡូម៉ែត្រ នៅភាគខាងត្បូងប្រទេសឆ្ពោះទៅឆ្នាំ២០២៥

ហាណូយ៖ ភាគខាងត្បូងប្រទេសវៀតណាម នឹងត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត តាមរយៈការសាងសង់ផ្លូវហាយវេ តភ្ជាប់តំបន់សំខាន់ៗ ដែលមានសក្ដានុពល ទៅកាន់តំបន់ផ្សេងៗទៀត ដែលនឹងសម្រួលទៅដល់ការធ្វើដំណើរ និងសេដ្ឋកិច្ចផ្ទៃក្នុង ឆ្ពោះទៅកាន់ឆ្នាំ ២០២៥។

ក្រសួងដឹកជញ្ជូនវៀតណាម បានដាក់ស្នើទៅកាន់រដ្ឋាភិបាល រួចរាល់ហើយ ជាមួយនឹងផែនការសម្រាប់រយៈពេល ៥ ឆ្នាំ នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅភាគខាងត្បូងប្រទេស ដោយរង់ចាំការពិនិត្យ និងឈានដល់ការអនុម័ត នាពេលខាងមុខនេះតែប៉ុណ្ណោះ។ គម្រោងការ នៃការរៀបចំកសាងផ្លូវហាយវេ បន្ថែមលើកនេះ មានរយៈចម្ងាយសរុបប្រមាណ ៧២៩ គីឡូម៉ែត្រ ដែលត្រូវបានសិក្សា និងវាយតម្លៃកាលពីដើមឆ្នាំ ២០២១ កន្លងទៅ។

តាមការបញ្ជាក់របស់ ក្រសួងដឹកជញ្ជូនវៀតណាមបានឱ្យដឹងថា ផែនការរៀបចំសាងសង់ផ្លូវជាតិនេះនឹងបែកចែកជាគម្រោង ១២ ផ្សេងៗគ្នា ស្ថិតក្រោមការចំនាយថវិការរបស់រដ្ឋទាំងស្រុង។ ក្នុងនោះមានគម្រោង ៨ ដែលនឹងត្រូវផ្ដល់សិទ្ធិជូនទៅក្រុមហ៊ុនឯកជន ដើម្បីម៉ៅការសាងសង់ ស្របទៅតាមតម្រូវការដាក់ចេញដោយរដ្ឋាភិបាល និង មាន ៤ ផ្សេងទៀត ជាកិច្ចសហការរវាងក្រុមហ៊ុនឯកជន និងរដ្ឋាភិបាលវៀតណាមផ្ទាល់ ក្នុងការសាងសង់ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធ។

ការរៀបចំផ្លូវហាយវេ នេះ នឹងចាប់ផ្ដើមកិច្ចការងារនាឆ្នាំ ២០២២ ខាងមុខ ហើយអាចនឹងចាប់ផ្ដើមបើកការដ្ឋានជាបន្តបន្ទាប់នាឆ្នាំ ២០២៣ ដោយគម្រោងទាំងមូលនឹងបិទបញ្ចប់នាពាក់កណ្ដាលឆ្នាំ ២០២៦ ដោយចំនាយថវិការសរុបប្រមាណ USD ៦.៥២ លានដុល្លារអាមេរិក។ ផ្លូវហាវេ ដែលគ្រោងនឹងរៀបចំឡើងនោះ នឹងសម្រួលទៅដល់ការធ្វើដំណើរនៅតាមតំបន់ជាច្រើន ពីភាគខាងជើង ទៅភាគខាងត្បូងប្រទេស ថែមទាំងអំណោយផលដល់តំបន់សេដ្ឋកិច្ចពាណិជ្ជកម្មជាច្រើន ពិសេសគឺប្រជាពលរដ្ឋតាមតំបន់ ដែលមានភាពងាយស្រួល ជុំវិញការធ្វើដំណើរ និងប្រកបរបរ៕