ក្រុមអ្នកវិភាគបាននិយាយថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) នឹងជួយសម្រួលដល់វិស័យពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជំរុញការងើបឡើង វិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត និងជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពហុភាគី។ កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោកមួយនេះនឹងចូលជាធរមាននៅក្នុងខែមករាឆ្នាំក្រោយនេះ។ កិច្ចព្រមព្រៀង RCEP នឹងគ្របដណ្តប់ទីផ្សារដែលមានប្រជាជន 2,2 ពាន់លាននាក់ ដែលមាន តម្លៃជាង 25 ទ្រីលានដុល្លារអាម៉េរិកនៃទិន្នផលសកលលោក។ ភាពជាដៃគូនឹងបង្កើតក្រុមពាណិជ្ជកម្ម ដែលគ្របដណ្តប់ទៅលើប្រហែល 30 ភាគរយនៃចំនួនប្រជាជនសរុបពិភពលោក និងសេដ្ឋកិច្ច ពិភពលោក។
លោក Song Qingrun សាស្ត្រាចារ្យរងនៅសាលាសិក្សាអាស៊ីនៃសាកលវិទ្យាល័យ Beijing Foreign Studies បាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលត្រូវបានរៀបចំឡើងដើម្បីដកពន្ធទៅលើទំនិញ ប្រហែល 90 ភាគរយនេះនឹងជួយសម្រួលដល់វិស័យពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់។ លោក Song បាននិយាយថា បណ្តាប្រទេសនៃកិច្ចព្រមព្រៀង RCEP នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីកតិកាសញ្ញាពាណិជ្ជកម្មមួយនេះ ហើយអាចធ្វើពិពិធកម្មផលិតកម្ម និងទីផ្សាររបស់ពួកគេ ដោយលោក បាននិយាយបន្ថែមថា វានឹងក្លាយជាកម្លាំងជំរុញនៃការវិនិយោគផ្ទាល់ពីបរទេសទៅកាន់បណ្តាប្រទេស ទាំងអស់ដែលជាសមាជិកនៃកិច្ចព្រមព្រៀង RCEP ។ លោកបាននិយាយថា កិច្ចព្រមព្រៀង RCEP នឹងជួយដល់បណ្តាប្រទេសនៅក្នុងតំបន់ឱ្យមានការរួបរួមគ្នា និងទប់ទល់នឹងផលប៉ះពាល់អវិជ្ជមានដែល នាំមកដោយជំងឺរាតត្បាតដែលនៅតែលងបន្លាចពិភពលោក។
ការសិក្សារបស់ធនាគារអភិវឌ្ឍអាស៊ីកាលពីពេលថ្មីៗនេះបានព្យាករថា កិច្ចព្រមព្រៀង RCEP នឹងរួម ចំណែកយ៉ាងសំខាន់ដល់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងនៅទូទាំងពិភពលោក។ ការសិក្សានេះបាននិយាយថា នៅត្រឹមឆ្នាំ 2030 ប្រសិនបើការអនុវត្តរបស់វា ដំណើរការរលូន យើងប៉ាន់ស្មានថាវានឹងបង្កើនប្រាក់ចំណូលដល់ប្រទេសជាសមាជិកចំនួន 0,6 ភាគរយ ដោយបន្ថែមនូវទឹកប្រាក់ 245 ពាន់លានដុល្លារអាម៉េរិកជារៀងរាល់ឆ្នាំដល់ប្រាក់ចំណូលនៅក្នុងតំបន់ និង 2,8 លានការងារដល់វិស័យការងារក្នុងតំបន់។