មនី្ទរពេទ្យសាកលវិទ្យាល័យកម្រិតអន្តរជាតិនឹងសាងសង់នៅតំបន់កប់ស្រូវលើទំហំទឹកប្រាក់ ៨០លានដុល្លារ

កម្ពុជាចំណាយថវិកា ៨០លានដុល្លារ ដើម្បីសាងសង់មនី្ទរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខា ភិបាល កម្រិតអន្តរជាតិដំបូងគេ នៅតំបន់កប់ស្រូវ ក្រោមហិរញ្ញប្បទានកម្ចីពីធនាគារ នៃសាធារណរដ្ឋ កូរ៉េ។ នាទីសី្តការក្រសួងរសៀលថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២១ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យលោក គឹម ហ៊ុន (Kim Hoon) តំណាងសម្ព័ន្ធក្រុមហ៊ុន Inje (Inje Joint Venture) ដែលទទួលបានជោគជ័យក្នុងការដេញថ្លៃគម្រោងសាងសង់មនី្ទរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការអនុវត្តន៍គម្រោង មនី្ទរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ក្រោមហិរញ្ញប្បទានកម្ចីពីធនាគារ នៃសាធារណរដ្ឋ កូរ៉េ។

ក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរ បានផ្តោតសំខាន់លើការងារសាងសង់មនី្ទរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ដែលជាមនី្ទរពេទ្យមួយធំ ដំបូងគេក្នុងប្រទេសកម្ពុជា ក្រោមហិរញ្ញប្បទានកម្ចីពីធនាគារកូរ៉េ និងការចូលរួមថវិកាពីរាជរដ្ឋាភិបាលកម្ពុជា ក៏ជាមនី្ទរពេទ្យមួយ សម្រាប់បម្រើការដល់និសិ្សត និងផ្តល់នូវសេវាព្យាបាលជូនដល់ប្រជាពលរដ្ឋ និងជនបរទេស។ សម្រាប់គម្រោងសាងសង់មន្ទីរពេទ្យនេះ ទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានទីតាំងស្ថិតក្នុងតំបន់កប់ស្រូវ មានទំហំផ្ទៃដីជាង ២ហិកតា និងចំណាយទឹកប្រាក់៨០លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់ ៦៦លានដុល្លារអាមេរិក គឺជាប្រាក់កម្ចីធនាគារកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ចំនួន១៤លានដុល្លារអាមេរិក សរុបថវិកាសាងសង់មនី្ទរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចំនួន៨០លានដុល្លារអាមេរិក។

ក្រោយជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរ បានពិនិត្យលើឯកសារមួយចំនួនពាក់ព័ន្ធលើការងារបច្ចេកទេស ក្នុងរយៈពេលដែលប្រតិភូកូរ៉េ បានអញ្ជើញមកទស្សនកិច្ច និងសិក្សាទីតាំងជាក់ស្តែង និងស្នើខាងភាគីកូរ៉េ អញ្ជើញពិនិត្យមើលស្ថានភាពមនី្ទរពេទ្យនានាក្នុងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់ការងារសាងសង់មនី្ទរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដំណើរការស្របតាមបរិបទរបស់ព្រះរាជាណាចក្រកម្ពុជា។