តៃវ៉ាន់ និងកាណាដាចាប់ផ្តើមកិច្ចពិភាក្សាគ្នាស្តីពីកិច្ចព្រមព្រៀងវិនិយោគទ្វេភាគីសារជាថ្មី

រដ្ឋាភិបាលកោះតៃវ៉ាន់ និងកាណាដាកាលពីថ្ងៃចន្ទ ថ្មីៗនេះ បានព្រមព្រៀងគ្នាសារជាថ្មីម្ដងទៀតក្នុងការចាប់ផ្តើមកិច្ចព្រមព្រៀងស្ដីពីការវិនិយោគទ្វេភាគី  បន្ទាប់ពីភាគីទាំងពីរប្រឈមមុខគ្នាដោយសារការកើនឡើងនៃសម្ពាធពីទីក្រុងប៉េកាំង។ នៅក្នុងកិច្ចពិភាក្សាចរចារគ្នានេះ ភាគីទាំងពីរនេះរំពឹងថានឹងអាចជំរុញទំនាក់ទំនងរវាងគ្នា និងគ្នាឲ្យកាន់តែជិតស្និតជាងមុនទៀត ក៏ដូចជាជួយជំរុញវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ។ 

ក្នុងកិច្ចចរចាគ្នានេះផងដែរ មានការចូលរួមពីប្រធានផ្នែកចរចាពាណិជ្ជកម្មលោក John Deng និងរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិរបស់កាណាដា លោកស្រី Mary Ng ដែលបានយល់ព្រមចាប់ផ្តើម ការពិភាក្សាលើការរៀបចំការជំរុញ និងការការពារការវិនិយោគបរទេស ឬហៅកាត់ថា FIPA។ បន្ថែមពីនេះ រដ្ឋមន្ត្រីនៃភាគីទាំងពីរបាននិយាយថា ការព្រមព្រៀងពិភាក្សាគ្នានេះគឺជា មធ្យោបាយដ៏ល្អបំផុតមួយក្នុងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ពួកគេ។ តែយ៉ាងណាមិញ ជំនួបដោយផ្ទាល់រវាងរដ្ឋមន្ត្រី និងរដ្ឋាភិបាលទាំងពីរនេះក៏អាចធ្វើឱ្យប្រទេសចិនមានការមិនពេញខ្លាំងផងដែរ ដោយសារកន្លងមកប្រទេសចិនតែងតែមិនចង់ឲ្យកោះតៃវ៉ាន់មានទំនាក់ទំនងជាប្រទេសណាមួយឡើយ ដើម្បីជាការរារាំងមិនឲ្យកោះតៃវ៉ាន់ប្រកាសឯករាជ្យទឹកដី។ 

ជាក់ស្តែង តៃវ៉ាន់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសសេដ្ឋកិច្ចធំៗតែពីរប៉ុណ្ណោះ មួយគឺសិង្ហបុរី និងមួយទៀតគឺប្រទេសនូវែលសេឡង់ ដោយសារតែប្រទេសចិនបានដាក់សម្ពាធលើប្រទេសនានាមិនឱ្យធ្វើទំនាក់ទំនងដោយផ្ទាល់ជាមួយរដ្ឋាភិបាលកោះតៃវ៉ាន់នេះឯង។