ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃពុធ ទី12 ខែមករា ថ្មីៗនេះថា អតិផរណានៃវិស័យរោងចក្ររបស់ប្រទេសចិនបានកើនឡើងយឺតជាងការរំពឹងទុកនៅក្នុងខែធ្នូ ឆ្នាំមុននេះទៅទៀត ទោះបីជារដ្ឋាភិបាលចិនបានចាត់វិធានការដើម្បីទប់ស្កាត់ការឡើងថ្លៃនៃតម្លៃវត្ថុធាតុដើមក៏ដោយ។ ស្របគ្នានេះដែរ ការិយាល័យស្ថិតិជាតិ (NBS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សន្ទស្សន៍តម្លៃអ្នកផលិត (PPI) បានកើនឡើងត្រឹមតែ 10.3 ភាគរយប៉ុណ្ណោះបើធៀបទៅនឹងឆ្នាំមុន ដែលផ្ទុយទៅនឹងការស្ទង់មតិរបស់អ្នកវិភាគសេដ្ឋកិច្ចថានឹងកើនឡើង 11.1 ភាគរយកាលពីខែធ្នូ។
អតិផរណារោងចក្របានចាប់ផ្ដើមធ្លាក់ចុះពីកម្រិតខ្ពស់បំផុតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលទីក្រុងប៉េកាំងក៏បានធ្វើអន្តរាគមន៍ដើម្បីធ្វើឱ្យតម្លៃវត្ថុធាតុដើមមានភាពនឹងនរ និងបន្ធូរបន្ថយវិបត្តិថាមពលផងដែរ។ កំណើនអតិផរណាដ៏យឺតយ៉ាវនេះក៏បានធ្វើឲ្យរូបិយវត្ថុរបស់ចិនមានការធ្លាក់ចុះបន្ដិចផងដែរ ស្របគ្នាដែលប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកនេះកំពុងប្រឈមមុខនឹងបញ្ហាជាបន្តបន្ទាប់ក្នុងឆ្នាំ 2022 រួមទាំងបញ្ហាអចលនទ្រព្យ វិស័យផលិតកម្មដែលធ្លាក់ចុះ និងការផ្ទុះឡើងនៃ COVID-19 ជាដើម។
ដូចគ្នានេះផងដែរ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់ប្រទេសចិនវិញបានកើនឡើងត្រឹមតែ 0.9 ភាគរយពីកាលពីខែធ្នូ ឆ្នាំ 2021 កន្លងទៅ ដែលជាការធ្លាក់ចុះពីការកើនឡើង 2.5 ភាគរយកាលពីក្នុងឆ្នាំ 2020។ អត្រានៃកំណើននេះគឺស្ទើតែខុសគ្នាទាំងស្រុងទៅនឹងការរំពឹងទុករបស់អ្នកវិភាគសេដ្ឋកិច្ចថាអាចនឹងកើនឡើង 1.5 ភាគរយ ទៅ 1.8 ភាគរយ នៅក្នុងខែធ្នូ បន្ទាប់ពីការកើនឡើង 2.3 ភាគរយនៅក្នុងខែវិច្ឆិកា។