តម្លៃប្រាក់បាតធ្លាក់ចុះ តែវានឹងជួយជម្រុញដល់សន្ទុះនៃការនាំចេញ របស់ប្រទេសថៃ


ប្រាក់បាតដែលធ្លាក់ចុះ ត្រូវបានគេរំពឹងថា នឹងជំរុញសេដ្ឋកិច្ចថៃ និងបង្កើន GDP ពិតប្រាកដរបស់ប្រទេស ចំនួន 0.4% ប៉ុន្តែមិនមែនក្រុមហ៊ុនផលិតទាំងអស់ នឹងទទួលបានអត្ថប្រយោជន៍នោះទេ នេះបើយោងតាម ក្រសួងឧស្សាហកម្មរបស់ប្រទេសថៃ។ ក្រសួងបាននិយាយថា ឧស្សាហកម្មដូចជាដែកថែប ថ្នាំពេទ្យ និងប្រេងដែលពឹងផ្អែកយ៉ាងខ្លាំង លើការនាំចូលវត្ថុធាតុដើម និងមានការនាំចេញតិចតួច នឹងទទួលរងនូវការធ្លាក់ថ្លៃ យ៉ាងខ្លាំងនៃប្រាក់បាត។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក Suriya Jungrungreangkit បាននិយាយថា ក្រុមហ៊ុនផលិតនឹងជួប ប្រទះនូវលទ្ធផលផ្សេងៗគ្នា នៅពេលដែលតម្លៃប្រាក់បាតធ្លាក់ចុះ ប៉ុន្តែជារួម សេដ្ឋកិច្ចថៃនឹងទទួលបានអត្ថប្រយោជន៍។ ប្រាក់បាតបានធ្លាក់ចុះដល់ 34.46 ធៀបនឹងប្រាក់ដុល្លារអាមេរិក នៅថ្ងៃទី 7 ខែមិថុនា ធ្លាក់ចុះពី 33.38 បាតនៅថ្ងៃទី 30 ខែធ្នូឆ្នាំមុន។ អគ្គនាយកនៃ ការិយាល័យសេដ្ឋកិច្ចឧស្សាហកម្ម (OIE) លោក Thongchai Chawalitpichaet បាននិយាយថា ប្រសិនបើតម្លៃប្រាក់បាតធ្លាក់ចុះ 5 ភាគរយ GDP ពិតប្រាកដនឹងកើនឡើង 0.4%។ GDP ពិតប្រាកដគឺជារង្វាស់ នៃសកម្មភាពសេដ្ឋកិច្ច ដោយតម្លៃត្រូវបាន កែតម្រូវសម្រាប់អតិផរណា។

លោក Thongchai បានកត់សម្គាល់ថា ក្រុមហ៊ុនផលិតដែលមាន ការនាំចូលវត្ថុធាតុដើមខ្ពស់ និងការនាំ ចេញផលិតផលទាប ចាំបាច់ត្រូវអនុម័ត ការគ្រប់គ្រងហានិភ័យសមស្រប ដើម្បីទប់ទល់នឹងការប្រែប្រួលរូបិយប័ណ្ណ ដោយធ្វើកិច្ចសន្យាប្តូរប្រាក់ទៅមុខ និងជម្រើសប្តូរប្រាក់បរទេស។ សាកលវិទ្យាល័យសភា ពាណិជ្ជកម្មថៃ (UTCC) កាលពីថ្ងៃទី 17 ខែមិថុនា បានព្យាករណ៍ថា ការនាំចេញរបស់ថៃនៅឆ្នាំនេះនឹង កើនឡើង 6.3% ធៀបនឹងការប៉ាន់ប្រមាណពីមុន ដែលមាន 5.4%។