សណ្ឋាគារ Sky Hotel លើយន្ដហោះដ៏ធំ អាចផ្ទុកភ្ញៀវបាន ៥ ពាន់នាក់ នឹងក្លាយជាគម្រោង សម្រាប់ពេលអនាគត


វិទ្យាសាស្ដ្រក្នុងពិភពលោកបច្ចុប្បន្ន កាន់តែជឿនលឿនទៅៗ ហើយរបកគហើញថ្មីៗ ក៏នឹងត្រូវបានអភិវឌ្ឍ ជាបន្ដបន្ទាប់ផងដែរ ជាពិសេសទាក់ទង់ទៅនឹង វិស័យវិស្វកម្មគ្រឿងចក្រ មេកានិចជាដើម។ ជាក់ស្ដែង ដូចកាលពីពេលថ្មីៗនេះ តាមអ្នកបង្កើតវីដេអូ Concept អំពីវិទ្យាសាស្រ្ដ លោក Hashem Al-Ghaili បានបង្ហាញវីដេអូគំនិតគម្រូមួយ ទាក់ទងនឹងការបង្កើត សណ្ឋាគារលើអាកាស តាមរយៈយន្ដហោះខ្នាតធំមួយ ឈ្មោះថា Sky Cruise។ តាមរយៈវីដេអូ Concept នៃបង្កើតសណ្ឋាគារលើយន្ដហោះ Sky Cruise នេះ ត្រូវរៀបរាប់យ៉ាងលម្អិតជាច្រើន ចាប់តាំងពីថាមពល ដែលនឹងយកមកប្រើប្រាស់ សម្រាប់ដំណើរការហោះហើរ មុខងារឆ្លាតវៃផ្សេងៗ និងកន្លែងផ្ដល់សេវាកម្ម យ៉ាងសម្បូបែប ដូចជាសណ្ឋាគារ បារ ភោជនីយ៍ដ្ឋាន ផ្សារទំនើប សួនច្បារ កន្លែងមើលទេសភាព និងកីឡាដ្ឋានជាដើម។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺជា គម្រោងសណ្ឋាគារលើយន្ដហោះ Sky Cruise នេះ នឹងត្រូវដំណើរការ ដោយថាមពលបៃតង Nuclear-Power ដែលមិនប៉ះពាល់បរិស្ថាន ហើយថែមទាំងមានសមត្ថភាព ផ្គត់ផ្គង់ថាមពល បានយូរអង្វែងទៀតផង។ ជាមួយនឹងម៉ាស៊ីនថាមពល Nuclear-Power ចំនួន 20 វាអាចជួយឲ្យយន្ដហោះ Sky Cruise មួយនេះ អាចហោះហើរបានរហូតដល់ 2 ទៅ 3 ឆ្នាំឯណោះ ដោយមិនចាំបាច់ ចុះចតលើដី ដើម្បីសម្រាកឡើយ។ ចំណែកឯទំហំរបស់វាវិញ អាចមានសមត្ថភាពដឹកភ្ញៀវ បានរហូតដល់ទៅជាង 5,000 នាក់ឯណោះ។

លើសពីនេះ ការរចនារបស់យន្ដហោះ Sky Cruise នេះ ក៏មានភាពយ៉ាងសម្បូរបែបផងដែរ។ រូបរាងរបស់វាត្រូវបានរចនាឡើង ដោយយកលំនាំតាម ស្នាដៃគំនូររបស់លោក Tony Holmsten ផ្ទាល់តែម្ដង។ Sky Cruise មានរូបរាងមិនខុសពីនាវា ឬកប៉ាល់ធំៗ បច្ចុប្បន្នប៉ុន្មាននោះទេ គ្រាន់តែវាមានស្លាបសងខាង បូករួមជាផ្ទះដំបូលកញ្ចក់ ដ៏ធំមួយនៅចំកណ្ដាល និងមានភោជនីយ៍ដ្ឋាន រាងមូលសំប៉ែត នៅលើកន្ទុយរបស់យន្ដហោះ ដែលអាចឲ្យអ្នកធ្វើដំណើរ ទស្សនាទេសភាពបាន 360 ដឺក្រេ។ អ្នកដំណើរនឹងត្រូវជិះ លើយន្តហោះធម្មតា និងយន្តហោះឯកជន ដើម្បីចូលចតពី លើយន្ដហោះ Sky Cruise នេះ ហើយធ្វើដំណើរចូលទៅក្នុង តាមជណ្តើរយន្ត។

គួរបញ្ជាក់ផងដែរថា គំនិតនៃការបង្កើតទីក្រុង ឬសណ្ឋាគារអណ្តែត លើអាកាសនេះ វាមិនមែនជាគំនិត ទើបតែកើតថ្មី សម្រាប់មនុស្សជាតិនោះទេ ពោលគឺសូម្បីតែនៅក្នុង ស្នាដៃការងាររបស់អ្នកវិទូ សតវត្សទី 18 លោក Jonathan Swift ក៏ធ្លាប់បានព័ណ៌នាផងដែរ។ ចំណែកឯ អ្នកដែលនិយម គាំទ្រភាពយន្តគំនូរជីវចល Anime ក៏ប្រហែលជា ធ្លាប់បានស្គាល់គំនិតបែបនេះ នៅក្នុងខ្សែភាពយន្តជប៉ុនឆ្នាំ 1986 ដែលមានឈ្មោះថា Castle in the Sky ផងដែរ។