អាមេរិកសម្រេចផ្ដល់ជំនួយ ៨៩ លានដុល្លារអាមេរិក ដើម្បីបោសសម្អាតគ្រាប់មីន និងអាវុធជាតិផ្ទុះ នៅអ៊ុយក្រែន


យោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានយល់ព្រម ផ្តល់ជំនួយចំនួន 89 លានដុល្លារអាមេរិក ដល់ទៅប្រទេសអ៊ុយក្រែន ដើម្បីជួយបណ្តុះបណ្តាលក្រុមចំនួន 100 នាក់ ក្នុងការបោសសម្អាតមីន និងគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ចេញពីប្រទេសនេះ សម្រាប់រយៈពេលមួយឆ្នាំ។ មន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក បានបន្ថែមទៀតថា ការផ្តល់មូលនិធិជំនួយនេះ គឺស្ថិតក្រោមកម្មវិធី បោសសម្អាតមីនដ៏ធំបំផុតមួយ របស់សហរដ្ឋអាមេរិកតែម្ដង ហើយកម្មវិធីបោសសម្អាតមីននេះ នៅមិនធ្លាប់បានផ្ដល់ ទៅកាន់ប្រទេសអ៊ុយក្រែន ពីមុនមកនោះទេ។

មន្រ្ដីការបរទេសអាមេរិក ក៏បានប្រៀបធៀបបញ្ហាប្រឈម របស់អ៊ុយក្រែននេះ ទៅនឹងបណ្ដាប្រទេស អាស៊ីអាគ្នេយ៍មួយចំនួនផងដែរ ដូចជាប្រទេសវៀតណាម កម្ពុជា និងឡាវជាដើម ដែលសុទ្ធសឹងតែ ចាំបាច់ក្នុងការបោសសម្អាតមីន ចេញពីផ្ទៃប្រទេសទាំងអស់ បន្ទាប់ពីគ្រាប់មីនទាំងនោះ បានបន្សល់ទុក ក្រោយសង្រ្គាមអាមេរិក នៅអាស៊ីអាគ្នេយ៍ កាលពីទសវត្សរ៍ឆ្នាំ 1960 និង 70 កន្លងមក។ តាមរយៈកម្មវិធីបោសសម្អាតមីន របស់សហរដ្ឋអាមេរិកនេះ នឹងដំណើរការដោយមាន ការសហការគ្នា រវាងមន្រ្ដីចុះកិច្ចសន្យា និងអង្គការមិនមែនរដ្ឋាភិបាលជាដើម។ ក្រៅពីផ្ដល់ថវិកាជំនួយ ដល់ការបណ្ដុះបណ្ដាលជំនាញ បោសសម្អាតមីនហើយ សហរដ្ឋអាមេរិកក៏នឹងផ្ដល់ជា ឧបករណ៍បច្ចេកទេសជំនួយ ចាំបាច់ផ្សេងៗ ទៀតផងដែរ។

លោក Andriy Yermak ជំនួយការកំពូលរបស់ ប្រធានាធិបតី Volodymyr Zelenskyy បាននិយាយថា ជំនួយនេះបានដោះស្រាយ កិច្ចការសំខាន់បំផុតមួយ របស់ប្រទេសអ៊ុយក្រែន ហើយតាមការប៉ាន់ស្មាន របស់អ៊ុយក្រែនផ្ទាល់ ការបោសសម្អាតមីននេះ អាចនឹងធ្វើឡើងនៅលើ ផ្ទៃដីប្រមាណ 160,000 គីឡូម៉ែត្រការ៉េ ដែលមានទំហំប៉ុនស្មើនឹងរដ្ឋ Virginia, Maryland និង Connecticut តែម្ដង។ គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍ របស់ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា សហរដ្ឋអាមេរិក គឺជាអ្នកផ្តល់ជំនួយហិរញ្ញវត្ថុកំពូល សម្រាប់ការបោសសម្អាតមីនតែម្ដង ដោយបានផ្តល់ជំនួយអស់ជាង 4.2 ពាន់លានដុល្លារ ដល់ប្រទេសជាង 100 ចាប់ពីឆ្នាំ 1993 ដល់ឆ្នាំ 2021 កន្លងទៅនេះ។