ក្រុមប្រាសាទព្រះពិធូរ មានប្រាសាទផ្សេងៗគ្នាចំនួន៥ អាចឱ្យភ្ញៀវទេសចរ ទៅទស្សនាប្រាសាទ ចម្លាក់ក្បូរក្បាច់ដ៏ផ្ចិតផ្ចង់ ប្រវត្តិសាស្រ្ត និងអមដោយធម្មជាតិស្រស់ស្អាត


ក្រុមប្រាសាទព្រះពិធូរ មានប្រាសាទផ្សេងៗគ្នាចំនួន៥ ដែលមានប្រាសាទ១ សម្រាប់ព្រះពុទ្ធសាសនា និងប្រាសាទ៤ ផ្សេងទៀត សម្រាប់ព្រហ្មញ្ញសាសនា ស្ថិតក្នុងបរិវេណក្រុងឣង្គរធំ។ ប្រាសាទព្រះពិធូរ ជារមណីយដ្ឋានទេសចរណ៍ បែបវប្បធម៌ប្រវត្តិសាស្រ្ត រមណីយដ្ឋាននេះ មានទីតាំងស្ថិតនៅ ក្នុងបរិវេណឧទ្យានអង្គរ ដែលមានចំងាយប្រមាណជា ១០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប នៅទីនេះមានសក្តានុពល ទេសចរណ៍សំខាន់ៗ ដូចជាប្រវត្តិនៃការសាងសង់ ទីតាំង និងរចនាបទ។ នៅទីនេះ ភ្ញៀវទេសចរអាចមក លំហែកម្យាន្ត មើលប្រាសាទ ចម្លាក់ក្បូរក្បាច់ ព្រៃព្រឹក្សា និងប្រវត្តិសាស្រ្តជាដើម។

ប្រាសាទព្រះពិធូរ ជាឈ្មោះរូបនៃប្រាសាទតូចៗ ដែលមានឈ្មោះផ្សេងគ្នា ហើយសៀវភៅបរទេស ភាគច្រើនសរសេរថា ប្រាសាទក្រុមព្រះពិធូរ។ ក្រុមនៃប្រាសាទាំងនេះ ស្ថិតនៅស្ទើរចំពីមុខ នៃប្រាសាទទេពប្រណម ហើយស្ថិតនៅខាងជើង នៃប្រាសាទសួគ៌ព្រ័ត្រ។ តាមរយៈបច្ចេកទេស សំណង់ប្រាសាទទាំងនេះ បញ្ជាក់ថា ប្រាសាទនេះត្រូវបានស្ថាបនាឡើង នៅដើមសតវត្សទី ១២ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ គោរពដល់ព្រហ្មញ្ញសាសនា លើកឡែងតែ ប្រាសាទព្រះពុទ្ធសាសនាមួយ គឺប្រាសាទតាទួរ ដែលមានចម្លាក់ព្រះពុទ្ធរូប នៅសតវត្សទី ១៣-១៦ (មានស្លាកស្នាម ព្រះពុទ្ធសាសនាជាច្រើន នៅប្រាសាទនេះ)។ ប្រាសាទព្រះពិធូរ ស្ថិតនៅតាមផ្លូវ ទៅទ្វារជ័យនៅទល់ មុខព្រះបរមរាជវាំង ខាងជើងប្រាសាទសួរព្រ័ត។