កម្ពុជា មានគម្រោងអនុវត្តវីញ៉ែតថ្មី ដែលបង្កប់បន្ទះឈីប RFID ចំនួន ២ ប្រភេទ នៅលើរថយន្ត ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងអាចដឹងភ្លាម បើសិនជារថយន្តនោះគ្មានពន្ធ


អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានគម្រោងអនុវត្តវីញ៉ែតថ្មី ដែលបង្កប់បន្ទះឈីប RFID នៅលើរថយន្ត ដើម្បីឱ្យកាន់តែមាន ភាពងាយស្រួលក្នុងការ ធ្វើអនុលោមភាព និងការគ្រប់គ្រង។ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើង ក្នុងសន្និសីទសារព័ត៌មាន របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាថា វីញ៉ែត របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលកំពុងប្រើប្រាស់ នាពេលចប្ចុប្បន្ននេះ គឺមិនមាន RFID ដូច្នេះប្រសិនបើ មន្រ្តីគយចង់ដឹងថា វីញ៉ែតដែលបិទនៅលើ កញ្ចក់របស់រថយន្តនោះ វាត្រឹមត្រូវ ឬមិនត្រឹមត្រូវ លុះត្រាតែមន្ត្រីគយទៅស្គេន រួចបញ្ជូនលេខក្នុងប្រព័ន្ធ តាមក្រោយនៅលើរថយន្តនោះ ទើបដឹងថាវីញ៉ែតនេះ ត្រឹមត្រូវឬមិនត្រឹមត្រូវ។

ឯកឧត្ដមបញ្ជាក់ថា នៅពេលឆាប់ខាងមុខ វីញ៉ែតថ្មីដែលបង្កប់បន្ទះឈីប RFID នេះ គឺមាន ២ប្រភេទ ដែលនឹងត្រូវបិទលើរថយន្ត ដើម្បីងាយស្រួល ក្នុងការត្រួតពិនិត្យគ្រប់គ្រង។

«នៅក្នុងវីញ៉ែតនេះ គឺមាន RFID ដោយរថយន្ត មិនបាច់ឈប់នោះទេ បើកតាមផ្លូវយើងមាន RFID Reader របស់យើង ដោយមាន ២ ប្រភេទគឺ៖

- ប្រភេទទីមួយ គឺអាចដឹងថាវីញ៉ែត ដែលបិតនៅលើរថយន្តហ្នឹង វាត្រឹមត្រូវ ឬក្លែងក្លាយ តាមរយៈការដាក់ម៉ាស៊ីន RFID Reader នៅក្បែរផ្លូវ។

- ប្រភេទទីពីរ អាចដឹងថាឡានឈប់ យក RFID Reader ដាក់នៅជិត ដែលមានរយៈចម្ងាយ ២ម៉ែត្រ ឬ ៣ម៉ែត្រ គឺ RFID Reader អាចអានថា នៅក្នុងហ្នឹងមានឈីប ឬគ្មានឈីប ដែលមានការកត់ត្រានៅ ក្នុងប្រព័ន្ធរបស់យើង ហើយបើថាក្លែងក្លាយ RFID Reader គឺអានអត់កើត ដោយសារវាក្លែងក្លាយ គ្មានក្នុងប្រព័ន្ធ ដូច្នោះហើយគឺ ឈានទៅក្នុងការប្រើប្រាស់ប្រព័ន្ធ IT ក្នុងការគ្រប់គ្រង ដើម្បីងាយស្រួល និងពង្រឹងការគ្រប់គ្រង កាន់តែប្រសើរជាងមុន។»

ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងទៀតថា ការប្រើប្រាស់នូវប្រព័ន្ធ អាយធី (IT) ថ្មីនេះ គឺដើម្បីមានភាពងាយស្រួល និងពង្រឹងការគ្រប់គ្រង រថយន្តគ្មានពន្ធ ឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាព ជាងមុនទៀត៕