ទាំងនេះគឺជា ស្ថាបត្យកម្មដ៏ប្រណិតទាំង ១២ នៃអគារភ្លោះ ដែលតភ្ជាប់គ្នា ដោយស្ពានអាកាស


បើសិនជាគេនិយាយអំពី អគារភ្លោះកបពពក ហើយមានស្ពានកណ្ដាលអាកាស តភ្ជាប់គ្នា រវាងអគារមួយ ទៅអគារមួយទៀត នោះគេនឹងនឹកឃើញ ដល់អគារ Petronas Towers ក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី មុខគេជាក់ជាមិនខាន។ ក៏ប៉ុន្ដែក្រៅពីអគារភ្លោះនេះ ក៏នៅមានអគារភ្លោះដទៃទៀត ដែលមានការរចនា ជាស្ពានអាកាសតភ្ជាប់គ្នា បែបនេះ ជាច្រើនផងដែរ។ ដូច្នេះថ្ងៃនេះ ក្រុមការងារយើងនឹងនាំ ប្រិយមិត្ដទាំងអស់គ្នា ទៅស្គាល់អគារភ្លោះខ្ពស់ៗ ដែលមានរចនាបថ តភ្ជាប់ដោយស្ពានអាកាស ចំនួន ១២ អគារ នៅជុំវិញពិភពលោក ដូចខាងក្រោម៖

១. DJI Sky City ប្រទេសចិន រចនាដោយ Foster + Partners ក្នុងឆ្នាំ ២០២២

អគារ DJI Sky City គឺជាទីស្នាក់ការកណ្តាល របស់ក្រុមហ៊ុនផលិតយន្តហោះ គ្មានមនុស្សបើក DJI ក្នុងទីក្រុង Shenzhen និងជាស្នាដៃរចនារបស់ Foster + Partners ផងដែរ។ អគារនេះជាអគារភ្លោះចំនួន ២ ដែលមានកម្ពស់ ២០០ ម៉ែត្រ និងតភ្ជាប់គ្នាដោយ ស្ពានខ្សែកាប បែបបើកចំហរ។ ស្ពានខ្សែកាបនេះ ស្ថិតនៅកម្ពស់ ១០៥ ម៉ែត្រពីលើដី និងមានប្រវែង ៩០ ម៉ែត្រ តភ្ជាប់ពីអគារម្ខាង ទៅម្ខាងទៀត។

២. អគារ Petronas Towers ប្រទេសម៉ាឡេស៊ី រចនាដោយ César Pelli ក្នុងឆ្នាំ ១៩៩៨

អគារនេះ ត្រូវបានរចនាឡើង ដោយស្ថាបត្យករ ជនជាតិអាហ្សង់ទីន កាត់អាមេរិក លោក César Pelli។ វាមានឈ្មោះថា អគារ Petronas Towers ដែលបានក្លាយជា អគារតំណាង ប្រចាំទីក្រុង Kuala Lumpur ក៏ដូចជាល្បីល្បាញទូទាំង ពិភពលោកផងដែរ ជាមួយនឹងរចនាបថ ជាអគារភ្លោះពីរ មានស្ពានអាកាស តភ្ជាប់គ្នានៅចំកណ្ដាល។ អគារនេះ ក៏ធ្លាប់ជាប់ឈ្មោះជាអគារ ខ្ពស់ជាងគេក្នុងពិភពលោក នៅចន្លោះឆ្នាំ ១៩៩៨ ដល់ ២០០៤ ផងដែរ ក្នុងរយៈកម្ពស់ ៤៥១ ម៉ែត្រ។ តែយ៉ាងណាមិញ ក្នុងចំណោមប្រភេទអគារខ្ពស់ Petronas Towers នៅតែមានឈ្មោះជា ប៉មភ្លោះខ្ពស់បំផុត នៅលើពិភពលោក ដដែល។

៣. ទីស្នាក់ការកណ្តាល Tencent Global ប្រទេសចិន រចនាដោយ NBBJ ក្នុងឆ្នាំ ២០១៨

វាជាអគារភ្លោះពីរ ដែលមានស្ពានអាកាស តភ្ជាប់គ្នាធំៗ ចំនួនបី ដែលស្រោបដោយកញ្ចក់ អាលុយមីញ៉ូមពណ៌ទង់ដែង។ អគារនេះមានទីតាំង ស្ថិតនៅក្នុងទីក្រុង Shenzhen ប្រទេសចិន ដែលជាការរចនាដោយ ក្រុមហ៊ុនស្ថាបត្យកម្ម NBBJ។

៤. អគារ Marina Bay Sands ប្រទេសសិង្ហបុរី រចនាដោយ Safdie Architects ក្នុងឆ្នាំ ២០១១

នេះគឺជាអគារភ្លោះចំនួនបី ដែលរចនាឡើងដោយ ស្ថាបត្យករជនជាតិអ៊ីស្រាអែល កាត់កាណាដា លោក Moshe Safdie ដែលត្រូវបានគេ ចាត់ទុកជា ស្តេចនៃអ្នក រចនាអគារស្ពានអាកាស បន្ទាប់ពីបញ្ចប់ការរចាន អគារភ្លោះ Marina Bay Sands នេះ។ លើសពីនេះ ស្នាដៃរចនាអគារនេះ ត្រូវបានទទួលស្គាល់ យ៉ាងទូលំទូលាយ ថាជារូបតំណាងស្ថាបត្យកម្ម នៅក្នុងប្រទេសសិង្ហបុរីទៀតផង។ អគារភ្លោះនេះ មានចំនួនបីអគារ ដែលមានកម្ពស់ 57 ជាន់ ហើយនៅលើកំពូល នៃអគារទាំងបីនេះ ត្រូវបានគ្រប់ដណ្ដប់ដោយ ផ្ទៃរាបស្មើ រាងដូចកាប៉ាល់ លាតសន្ធឹង ប្រវែង 65 ម៉ែត្រ។

៥. អគារ Sky Habitat ប្រទេសសិង្ហបុរី រចនាដោយ Safdie Architects ក្នុងឆ្នាំ ២០១៦

គម្រោងសិង្ហបុរីមួយទៀត ដោយ Safdie Architects មានឈ្មោះថា Sky Habitats ដែលជាអគារផ្ទះល្វែងមួយគូ គ្របដណ្ដប់ដោយយ៉រតភ្ជាប់គ្នា បង្កើតបានជាផ្លូវដើរ ពីលើអាកាសចំនួនបី។

៦. អគារ The Crystal ប្រទេសចិន រចនាដោយ Safdie Architects ក្នុងឆ្នាំ ២០២០

អគារ The Crystal គឺជាអគារភ្លោះចំនួនបួន មានកម្ពស់ ២៥០ ម៉ែត្រ ស្ថិតក្នុងទីក្រុង Chongqing ប្រទេសចិន។ អគារភ្លោះទាំងបួននេះ ត្រូវបានតភ្ជាប់គ្នា ដោយស្ពានអាកាស រាងបំពង់កញ្ចក់ និងស្រោបដោយ គ្រោងដែកប្រវែង 300 ម៉ែត្រ ជាមួយនឹងការរៀបចំ ឲ្យមានជាសួនច្បារ បារ ភោជនីយដ្ឋាន ក្លឹបកម្សាន្ត និងកន្លែងទទួលភ្ញៀវសណ្ឋាគារ ជាមួយនឹងដំបូលថ្លា មើលឆ្លុះនៅចុងសងខាង។

៧.ទីស្នាក់ការកណ្តាល CCTV ប្រទេសចិន រចនាដោយ OMA ក្នុងឆ្នាំ ២០១២

ទីស្នាក់ការកណ្តាល CCTV នៅទីក្រុងប៉េកាំង ត្រូវបានរចនាឡើងដោយ ស្ថាបត្យករជនជាតិហូឡង់ លោក Rem Koolhaas ដែលបានលាយបញ្ចូលគ្នានូវ ទម្រង់បែបបុរាណ ជាមួយនឹងអគារខ្ពស់ៗ។ ទីស្នាក់ការកណ្តាល CCTV គឺជាអគារចំនួនពីរ ដែលរួមបញ្ជូលគ្នា ដោយមើលទៅប្រៀបដូចជាអគារតែមួយអញ្ជឹង។ អគារនេះកម្ពស់ ២៣៤ ម៉ែត្រ ត្រូវបានតភ្ជាប់នៅជាន់ ខាងលើនៃអគារទាំងពីរនេះ ដោយការសាងសង់ ជាកញ្ចក់បិទជិត ប្រវែង ៧៥ ម៉ែត្រ។

៨. អគារ American Copper សហរដ្ឋអាមេរិក រចនាដោយស្ថាបត្យករ SHOP ក្នុងឆ្នាំ ២០១៧

American Copper គឺជាអគារភ្លោះចំនួនពីរ ដែលមានកម្ពស់ ២៧ ជាន់ និង ២៩ ជាន់ ស្ថិតក្នុង Manhattan សហរដ្ឋអាមេរិក រចនាដោយក្រុមហ៊ុនស្ថាបត្យកម្ម SHoP Architects។ អគារនេះត្រូវបានតភ្ជាប់ ដោយស្ពានអាកាសដែលមានប្រវែង ៣០ ម៉ែត្រ ស្ថិតនៅកម្ពស់ ៩១ ម៉ែត្រពីលើដី។ ស្ពានអាកាសតភ្ជាប់ អគារនេះ មានបីជាន់ ដែលមានអាងហែលទឹក អាងទឹកក្តៅ បារ និងកន្លែងទទួលភ្ញៀវ សម្រាប់អ្នករស់នៅ ក្នុងអគារផ្ទះល្វែងប្រណិត ក្នុងអគារមួយនេះជាដើម។

៩. Sky Pool ចក្រភពអង់គ្លេស រចនាដោយ HAL ក្នុងឆ្នាំ ២០២១

Sky Pool គឺជាស្ពានកញ្ចក់ និងជាអាងហែលទឹកថ្លាមួយ ដែលព្យួរនៅលើអាកាស ប្រវែង ៣៥ ម៉ែត្ររវាងអគារពីរ នៅក្នុងតំបន់អភិវឌ្ឍន៍ Embassy Gardens ភាគនិរតីនៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

១០. សណ្ឋាគារ ME Dubai, ប្រទេសអារ៉ាប់រួម រចនាដោយ Zaha Hadid Architects ក្នុងឆ្នាំ ២០២០

មើលពីខាងមុខ សណ្ឋាគារ ME Dubai មើលទៅដូចជាគូបយក្ស ដែលមានរន្ធធំ នៅចំកណ្តាលរបស់វា។ ប៉ុន្តែនេះគ្រាន់តែជា ការរចនាតភ្ជាប់អគារភ្លោះពីរ ដោយស្ពានអាកាសបីជាន់ ដែលព្យួរនៅលើអាកាសកម្ពស់ ៧១ ម៉ែត្រពីលើដី។

១១. អគារ Collins Arch ប្រទេសអូស្ត្រាលី រចនាដោយ Woods Bagot និង SHoP Architects ក្នុងឆ្នាំ ២០២០

វាជាអគារភ្លោះកម្ពស់ 164 ម៉ែត្រ ដែលប្រើប្រាស់ចម្រុះ នៅទីក្រុង Melbourne និងជាការរចនាដោយ ក្រុមហ៊ុនស្ថាបត្យកម្ម Woods Bagot  និង SHoP Architects ជាមួយនឹងការតភ្ជាប់គ្នា នៅលើកំពូលដោយ ស្ពានអាកាសប្រាំបីជាន់។

១២. អគារ Bundang Doosan Tower ប្រទេសកូរ៉េខាងត្បូង រចនាដោយ Kohn Pedersen Fox ក្នុងឆ្នាំ ២០២១

កាលពីឆ្នាំ ២០២១ កន្លងទៅ ក្រុមហ៊ុនស្ថាបត្យកម្មអាមេរិក Kohn Pedersen Fox បានរចនាអគារ Bundang Doosan Tower ដោយយកលំនាំតាម ច្រកទ្វារទីក្រុងប្រវត្តិសាស្ត្រ របស់ទីក្រុងសេអ៊ូល ដោយប្លុកទាំងពីរខាងលើ មានតភ្ជាប់គ្នាជា ស្ពានអាកាសកម្ពស់ 100 ម៉ែត្រ បង្កើតបានជា រាងចតុកោណបើកចំហរ។