ក្រុមអ្នករចនា និងស្ថាបត្យករវ័យក្មេងជាច្រើន បានស្ម័គ្រចិត្តសាងសង់ សាលារៀនសម្រាប់ក្មេងៗក្នុងតំបន់ ដែលជួបគ្រោះធម្មជាតិញឹកញាប់ នៅប្រទេស Vanuatu


ស្ទូឌីយ៉ូ CAUKIN មួយ ដែលបង្កើតឡើងដោយអ្នករចនា និងស្ថាបត្យករវ័យក្មេង ក៏ដូចជា ក្រុមអ្នកចូលរួមដែលពោពេញ ទៅដោយការយកចិត្តទុកដាក់ និងក្ដីស្រលាញ់មកពី ជុំវិញពិភពលោក ជាមួយនឹងសហគមន៍អ្នករស់នៅភូមិ Ranwas បានរូបរួមគ្នាសាងសង់អគារ បន្ទប់រៀន បណ្ណាល័យ និងការិយាល័យ ដែលបានទទួលរង ការខូចខាតបណ្តាល មកពីព្យុះស៊ីក្លូន នៅក្នុងប្រទេស Vanuatu។

បន្ទាប់ពីរយៈពេលប្រាំបីសប្តាហ៍ នៃការសាងសង់ រចនាសម្ព័ន្ធរបស់អគារសម្រេច គឺជាការរួមបញ្ចូលគ្នានូវ សសរស៊ុមឈើធំ ដែលធន់ទ្រាំនឹងខ្យល់ព្យុះ ជញ្ជាំងហ៊ុំព័ទ្ធដោយឫស្សីក្រង ដំបូលធ្វើពីបន្ទះប៉ូលីកាបូណាត និងបន្ទះដែក ដើម្បីបង្កើតបរិយាកាសសិក្សាមួយ ដែលរឹងមាំ មានពន្លឺគ្រប់គ្រាន់ និងខ្យល់អាកាស ចេញចូលគ្រប់គ្រាន់។ ចំនែកបន្ទប់បណ្ណាល័យវិញ ត្រូវបានរៀបចំឡើងយ៉ាងផ្ចត់ផ្ចង់ ដើម្បីទប់ស្កាត់ សំណើមខ្លាំង ការរចនានេះមិនត្រឹមតែអាច ពន្យាអាយុកាល របស់សៀវភៅតែប៉ុណ្ណោះទេ ថែមទាំងបាន ផ្តល់ជាកន្លែងអាន ដែលតូចហើយភ្លឺ និងមានផាសុកភាព សម្រាប់កុមារផងដែរ។ សាលានេះ បានចាប់បង្កើតឡើង ចាប់ពីឆ្នាំ 2015 បន្ទាប់ពីប្រទេសវ៉ានុយអាទុយ (Vanuatu) បានទទួលរងនូវគ្រោះធម្មជាតិ ដ៏អាក្រក់បំផុត គឺព្យុះស៊ីក្លូនប៉ាម ដែលវាបានបំផ្លិចបំផ្លាញ ទីកន្លែងជាច្រើនក្នុងប្រទេសនេះ។

ជញ្ជាំងធ្វើពីឫស្សីក្រង បានប្រើប្រាស់វត្ថុធាតុដើម ដែលមាននិរន្តរភាពខ្ពស់ និងសិល្បៈហត្ថកម្មប្រពៃណីក្នុងស្រុក ដើម្បីបង្កើតបរិយាកាស ដែលមានផាសុកភាព និងអាចប្រើប្រាស់បាន កាន់តែយូរអង្វែងក្នុងថ្លៃដើម ស្ទើរតែស្មើសូន្យ -ជាកត្តាដែលនាំឲ្យអគារ អាចអភិរក្សដោយសមាជិក សហគមន៍ផ្ទាល់នៅពេលអនាគត។ បង្អួចធំនៅសងខាងនៃថ្នាក់រៀន នាំមកនូវពន្លឺធម្មជាតិ និងមានខ្យល់ឆ្លងកាត់ ផ្ទុយពីអគារសិក្សាដទៃដែលងងឹត ហើយសើម។ អ្វីដែលគួរឲ្យកត់សម្គាល់ផងដែរ កាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២០ ក៏មាន ព្យុះស៊ីក្លូនត្រូពិកប្រភេទទី៥ កម្រិតធ្ងន់ធ្ងរ “ហារ៉ូល” បានបំផ្លិចបំផ្លាញប្រទេសវ៉ានូអាទូ ដោយមជ្ឈមណ្ឌលខ្យល់របស់ វាបានឆ្លងកាត់ភូមិ Ranwas ដោយផ្ទាល់។

យោងតាមការប៉ាន់ស្មាន អគារចំនួន ៩០ភាគរយ នៅលើកោះ Pentecost អាចទទូលរងការខូចខាត យ៉ាងធ្ងន់ធ្ងរ ឬបំផ្លាញទាំងស្រុង ភូមិ Ranwas នៅសល់តែ៣អគារប៉ុណ្ណោះ បន្តរស់រានមានជីវិត ដែលនៅក្នុងនោះមាន វត្តមានសាលារៀនថ្មីមួយនេះ ផងដែរ។