វាលធំឧទ្យានជាតិវីរៈជ័យ នៃខេត្ដរតនគិរី បង្កើតសោភ័ណ្ឌភាព កាន់តែទាក់ទាញ នារដូវរំហើយ


តំបន់វាលធំនៃឧទ្យានជាតិវីរៈជ័យ ក្នុងភូមិសាស្រ្តខេត្តរតនគិរី កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ឱ្យចូលមកទស្សនាកម្សាន្ត ជាបន្តបន្ទាប់ ហើយតំបន់ធម្មជាតិមួយនេះ ក៏កំពុងស្រូបយកចំណូល សេដ្ឋកិច្ចយ៉ាងសំខាន់ផងដែរ។ តំបន់ធម្មជាតិមួយនេះ បានដើរតួនាទីបម្រើឱ្យ វិស័យទេសចរណ៍ ដែលមានភ្ញៀវចូលមក លេងកម្សាន្ដជាច្រើននៅក្នុង តំបន់ការពារធម្មជាតិឧទ្យានជាតិវីរ:ជ័យ និងឧទ្យានជាតិវើនសៃ-សៀមប៉ាង។

វាលធំ ស្ថិតក្នុងភូមិសាស្ត្រឧទ្យានជាតិវីរៈជ័យ ស្រុកវើនសៃ ខេត្តរតនគិរី ដែលជាតំបន់ធម្មជាតិ មានទេសភាពពណ៍បៃតង ដ៏ស្រស់ត្រកាលក្នុងរដូវវស្សា និងជាតំបន់ធម្មជាតិ គ្របដណ្តប់ដោយ វាលស្មៅពណ៌មាស ក្នុងរដូវរំហើយ (ខែវិច្ឆិកា-ខែធ្នូ)។ នៅរដូវរំហើយខាងមុខនេះ នឹងឈានចូលមកដល់ អ្នកទេសចរណ៍បែបផ្សងព្រេង អាចសាកល្បងទៅកាន់ តំបន់ធម្មជាតិវាលធំ និងទទួលបាននូវអារម្មណ៍ប្លែក ដែលបានគយគន់ វាលស្មៅពណ៍មាស ដ៏ធំល្វឹងល្វើយ។

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានសម្តែងការសប្បាយរីករាយ ចំពោះដំណើរកម្សាន្ត សម្រាកលំហែកាយ ជាមួយធម្មជាតិវាលស្មៅ និងព្រៃធំដ៏ល្អស្អាតនៃតំបន់វាធំ។ លើសពីនេះ នៅក្នុងតំបន់នេះ ភ្ញៀវទេសចរ បានឃើញហ្វូងសត្វខ្ទីង, ស្វាកន្ទុយស, ស្វាព្រាហ្ម, ឈ្លូស, ប្រើស, បានឃើញ និងឮសំឡេងសត្វស្លាប, សត្វទោចយំជាច្រើន នៅជុំវិញកន្លែង បោះតង់ និងដំណើរកម្សាន្ត ក្នុងព្រៃធម្មជាតិនេះ ផងដែរ៕