ការនាំចេញរបស់ថៃ ធ្លាក់ចុះជាលើកដំបូងកាលពីខែតុលា កន្លងទៅ!


បាងកក៖ ការនាំចេញរបស់ថៃ មានលទ្ធផលវិជ្ជមាន គួរឱ្យកត់សម្គាល់ បន្ទាប់ពីពិភពលោក បានងើបឡើងវិញ បន្ទាប់ពីធូរស្បើយចេញពី ការវាយប្រហារដោយជំងឺកូវីដ-១៩ កាលពីឆ្នាំ២០២០ និង២០២១ កន្លងទៅ។ ការងើបឡើងវិញនេះ បានធ្វើឱ្យតម្រូវការសកល មានការកើនឡើង ក្នុងសន្ទុះល្បឿនយ៉ាងលឿន ហើយបានធ្វើឱ្យថៃ ទទួលបានផលចំនេញ មិនតិចនោះទេ ជុំវិញការផលិត និងនាំចេញទៅក្រៅប្រទេស។

ការនាំចេញផលិតផលជាច្រើនរបស់ថៃ ចេញទៅកាន់ទីផ្សារអន្តរជាតិ នៅជុំវិញពិភពលោក បានបន្តមានភាពល្អប្រសើរ អស់រយៈពេលជាច្រើនខែមកហើយ ធ្វើឱ្យប្រទេសមាន សេដ្ឋកិច្ចធំមួយ នៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ កើបប្រាក់ចំនេញ បានយ៉ាងសម្បើម។ យ៉ាងណាមិញ កាលពីខែតុលា កន្លងទៅ លទ្ធផលបូកសរុបពេញ ១ខែ នៃការនាំចេញរបស់ថៃ បានធ្លាក់ចុះផ្ទុយពីការរំពឹងទុក ដោយមូលហេតុនៃ តម្រូវការពីទីផ្សារពិភពលោកថយចុះ។

ទិន្នន័យបូកសរុប របស់ក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញថា ការនាំចេញកាលពីខែតុលា កន្លងទៅធ្លាក់ចុះ ៣,៤% បើធៀបទៅនឹងខែតុលា ឆ្នាំ២០២១ កន្លងទៅ ហើយក៏ជាការធ្លាក់ចុះ ជាលើកដំបូង នៃការនាំចេញផលិតផល កសិឧស្សាហកម្មជាលើកដំបូង ក្នុងរយៈពេល ២៣ខែ។ ក្នុងនោះផលិតផលឧស្សាហកម្ម ជាច្រើនបានធ្លាក់ចុះ ក្នុងភាគរយសរុប ៣,៥% និងផលិតផលផ្សេងៗទៀតជាច្រើន ក៏មានការធ្លាក់ចុះដូចគ្នា ធ្វើឱ្យឱនភាព នៃទំហំពាណិជ្ជកម្មក្នុងខែតុលា គិតជាទឹកប្រាក់សរុប ៥៩៦ លានដុល្លារអាមេរិក។

លោក Jurin Laksanawisit រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានព្យាករណ៍ថា ការនាំចេញនឹងប្រឈមមុខ ជាមួយការធ្លាក់ចុះនាចុងឆ្នាំនេះ តែតួរលេខបូកសរុប ពេញរយៈពេល ១២ខែ ឆ្នាំ២០២២ អាចនឹងធ្វើឱ្យការនាំចេញសរុប កើនឡើង ៤% ប្រសើរជាងឆ្នាំ២០២១ កន្លងទៅ។ ជាក់ស្ដែងតួរលេខបូកសរុប ចាប់ពីខែមករា ដល់ខែតុលា កន្លងទៅការនាំចេញកើនឡើង ៩,១% ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈការនាំចូលបានកើនឡើង ១៨,៣% ធ្វើឱ្យឱនភាពនៃ ទំហំពាណិជ្ជកម្មសរុប ជាទឹកប្រាក់មាន ១៥,៦ ពាន់លានដុល្លារ។

គួរបញ្ជាក់ថា ខែតុលា ការនាំចេញផលិតផលថៃ មកកាន់ទីផ្សារនៅអាស៊ី ថយចុះ ៣,៦% នាំចេញទៅកាន់ប្រទេសចិន ធ្លាក់ដល់ទៅ ៨,៥% ខណៈការនាំចេញទៅ សហរដ្ឋអាមេរិកធ្លាក់ចុះ ០,៩%។ ការធ្លាក់ចុះទាំងការនាំចេញ និងការនាំចូល នេះនឹងប្រឈមមុខនឹង ការធ្លាក់ចុះបន្តទៀត នាដំណាច់ឆ្នាំនេះ!