ក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២២ នេះ កម្ពុជាទទួលបាន ភ្ញៀវទេសចរអន្តរជាតិជាង ១លាន ៥៧ម៉ឺននាក់


យោងតាមរបាយការណ៍ ដែលចេញផ្សាយដោយ ក្រសួងទេសចរណ៍ថ្មីៗនេះ បានឲ្យដឹងថា ក្នុងរយៈពេល ១០ខែនៃឆ្នាំ២០២២ ដោយគិតចាប់ពីខែមករា ដល់តុលាកន្លងទៅនេះ កម្ពុជាទទួលបាន ភ្ញៀវទេសចរអន្តរជាតិជាង ១លាន ៥៧ម៉ឺននាក់ ដែលស្មើនឹងការកើនឡើងជិត ១ពាន់ភាគរយឯណោះ។  បើគិតជាតួលេខជាក់ស្ដែង ភ្ញៀវទេសចរអន្តរជាតិ ដែលបានមកទស្សនា ប្រទេសកម្ពុជា ក្នុងរយៈពេល១០ខែ ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២២ គឺមានចំនួនសរុប ១.៥៧៥.៩៥៤នាក់ ជាកើនឡើង ៩៩១,១ភាគរយ បើធៀបនឹងរយៈពេល ១០ខែដូចគ្នា នៃឆ្នាំ២០២១។

ក្នុងរបាយការណ៍ដដែល បានគូសបញ្ជាក់ទៀតថា ក្នុងរយៈពេល ១០ខែនេះ ភ្ញៀវទេសចរអន្តរជាតិ មកតាមផ្លូវអាកាស មានចំនួន ៥៥៩.៩១៨នាក់ ជាកើនឡើង ៧០៦,៦ភាគរយ។ ខណៈផ្លូវគោកចំនួន ១.០០៥.៥៤៩នាក់ ដែលជាការកើនឡើង ១២៤០,៤ភាគរយ និងតាមផ្លូវទឹកមានចំនួន ១០.៤៨៧នាក់ ដែលជាកើនឡើង ៥២៤.២៥០ភាគរយ ខណៈនៅឆ្នាំ២០២១ មានតែ ២នាក់ប៉ុណ្ណោះ។

ក្នុងចំណោមបណ្ដាប្រទេសទាំងអស់ មានប្រទេសកំពូលទាំង១០ ដែលមានភ្ញៀវមកទស្សនា ប្រទេសកម្ពុជាច្រើនជាងគេ រួមមាន៖ ប្រទេសថៃ ៥៩០.៩៨៤នាក់, ប្រទេសវៀតណាម ៣៤១.៩៥៣នាក់, ប្រទេសចិន ៧៥.៩១៥នាក់, សហរដ្ឋអាមេរិក ៦០.៩០៣នាក់, ប្រទេសឡាវ ៥៩.៣៦៨នាក់, ឥណ្ឌូណេស៊ី ៥៩.១២២នាក់, កូរ៉េខាងត្បូង ៤៣.១៧៨នាក់, ម៉ាឡេស៊ី ៤០.១៨៤នាក់, បារាំង ៣៧.១៥៣នាក់, និង ចក្រភពអង់គ្លេស ២៨.៥០៥នាក់។

ដោយឡែកសម្រាប់ ភ្ញៀវទេសចរកម្ពុជា ដែលបានធ្វើដំណើរ ចេញទៅក្រៅប្រទេស មានចំនួន ៦៦១.០៧៣នាក់ ដែលជាការកើនឡើង ៣២៧៦,៣ភាគរយ ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២២ ដូចគ្នានេះ។ របាយការណ៍ដដែល បានបន្តទៀតថា ភ្ញៀវទេសចរជាតិមានចំនួន ៩.៤៧១.០៣៤នាក់ កើនឡើង ២០៩,៨ភាគរយ និងភ្ញៀវបរទេសផ្ទៃក្នុងចំនួន ១.៣៨៤.៤៩៨ នាក់ កើនឡើង ៦១៦,៧ ភាគរយ៕