គម្រោងធ្វើអោយប្រសើរឡើង ផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨ គីឡូម៉ែត្រ សម្រេចការងារបាន ២២%


ផ្លូវជាតិលេខ៤៨ គិតចាប់ពីចំណុចបំបែក ផ្លូវជាតិលេខ៤ (ចំការហ្លួង) ខេត្តព្រះសីហនុ រហូតទៅដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែប ១៤៨ គីឡូម៉ែត្រ ដែលបានបើកការដ្ឋាន សាងសង់ធ្វើអោយប្រសើរឡើងវិញ កាលពីដើមខែមករា ឆ្នាំ២០២២ ពេលនេះសម្រេចការងារបាន ២២% មកហើយ ដោយយឺតយ៉ាវ ជាងផែនការបន្ដិច ដោយសារតែបញ្ហាអាកាសធាតុ បញ្ហាជំងឺកូវីដ-១៩ ការចល័តគ្រឿងចក្រ មកសាងសង់យឺត និងបម្រែបម្រួលប្រភេទការងារ ក្នុងកិច្ចសន្យា (Variation Order) ជាដើម។

តាមការចុះត្រួតពិនិត្យ វឌ្ឍនភាពការងារ និងបច្ចេកទេសសាងសង់ ផ្លូវជាតិលេខ៤៨ ពីសំណាក់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា ក្រុមហ៊ុនទទួលបន្ទុកសាងសង់ ផ្លូវជាតិលេខ៤៨ គឺក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងប្រឹក្សាបច្ចេកទេស ដោយក្រុមហ៊ុន KCI & KECC Joint Venture ហើយក្រុមហ៊ុនទទួលបន្ទុក ILSUNG & HANIL កំពុងបន្ដអនុវត្តការងារយ៉ាងសំខាន់ ទៅតាមផែនការ បើទោះបីជាបញ្ហាប្រឈម បន្ដិចបន្ដួចក៏ដោយ។

ផ្លូវជាតិលេខ៤៨ ជាហេដ្ឋារចនាសម្ព័ន្ធសំខាន់មួយ របស់ប៉ូលសេដ្ឋកិច្ច ខេត្តឆ្នេរសមុទ្រ ភាគនិរតី ដូចជា ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តកោះកុង ហើយក៏ជាផ្លូវអាស៊ាន ហាយវ៉េលេខ ១២៣ ជារបៀងមាត់សមុទ្រខាងត្បូង នៃមហាអនុតំបន់មេគង្គ ភ្ជាប់រវាងប្រទេសកម្ពុជា-ថៃ ដើម្បីអភិវឌ្ឍន៍តំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ឧស្សាហកម្មជាដើម។

គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ត្រូវបានបើកការដ្ឋាន កាលពីខែមករា ឆ្នាំ២០២២ ដោយគ្រោងនឹងបញ្ចប់ នៅខែមិថុនា ឆ្នាំ២០២៤ នឹងគ្រោងចំណាយ ថវិកាសាងសង់ ៧៨ លានដុល្លារ ដោយពង្រីកផ្លូវនេះ ទទឹងធំជាងមុន ចាក់បេតុងសសៃដែកកម្រាស់ ២៥ សង់ទីម៉ែត្រ និងអ៊ុតកៅស៊ូ ៧ សង់ទីម៉ែត្រ និងមានការពង្រីកសាងសង់ ស្ពានថ្មីដើម្បីឆ្លងព្រែក និងដៃសមុទ្រផងដែរ។