ចំនួនភ្ញៀវទេសចរផ្សោតអាចនឹងថយចុះ បើសត្វដ៏កម្រនេះ នៅតែស្ថិតក្នុងការគំរាមកំហែង!


រាជធានីភ្នំពេញ៖ ដូចដែលយើងបាន ដឹងស្រាប់ហើយថា សត្វផ្សោត ជាថនិកសត្វដ៏កម្រមួយប្រភេទ ដែលទាក់ទាញទេសចរជាតិ និងអន្តរជាតិ បានច្រើនបំផុតនៅក្នុងខេត្តក្រចេះ។ តែយ៉ាងណាមិញ សត្វផ្សោត ប្រឈមនឹងការគំរាមកំហែង ដោយសារតែ សកម្មភាពខុសច្បាប់ និងការប្រើមងនេសាទ។ ដូចគ្នានេះដែរ ភ្ញៀវទេសចរដែលមានបំណង ចង់ទៅទស្សនាសត្វផ្សោត នឹងថយចុះដូចគ្នា ប្រសិនបើ ចំនួនសត្វកម្រនេះ មិនសូវបង្ហាញវត្តមានក្នុងទន្លេ។

សព្វថ្ងៃ សត្វផ្សោតអ៊ីរ៉ាវ៉ាឌី ដែលកំពុងរស់នៅក្នុង ទន្លេមេគង្គកម្ពុជា ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ដែលស្ថិតក្នុងចំណោម ៦ប្រភេទ នៃសត្វផ្សោតទឹកសាបកម្របំផុត ដែលនៅសេសសល់ ក្នុងពិភពលោក និងត្រូវបានគេចាត់ទុកជា រតនសម្បត្តិជាតិមានជីវិត។ ផ្សោតទន្លេមេគង្គ ត្រូវបានប៉ាន់ប្រមាណមាន ៨៩ក្បាល កំពុងរស់នៅ ក្នុងទន្លេមេគង្គកម្ពុជា កាលពីក្នុងឆ្នាំ២០២០។

បើយោងតាម លោក ឡោ គឹមសាន មន្រ្តីស្រាវជ្រាវជីវចម្រុះ នៅតំបន់ព្រៃទេសចរភាពលិចទឹកមេគង្គ នៃអង្គការ WWF លើកឡើងថា សត្វផ្សោត ជានិមិត្តរូបនៃទន្លេមេគង្គ ដូចនេះ ការអភិរក្សផ្សោត  និងការអភិរក្ស ធនធានធម្មជាតិទាំងអស់ នៅក្នុងទន្លេមេគង្គ ជាកត្តាចាំបាច់ដែលត្រូវគិតគូរ ជាពិសេសបរិស្ថានទឹកទន្លេមេគង្គ។

“សត្វផ្សោតជាសត្វ ដែលទាក់ទាញខ្លាំងបំផុត សម្រាប់ភ្ញៀវទេសចរ ដែលឈានជើងចូល ទៅទីរួមខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ប្រសិនផ្សោតថយចុះ ពិតណាស់ចំនួនភ្ញៀវទេសចរ នឹងត្រូវថយចុះដោយសារ ទេសចរមួយចំនួនធំ គេចង់ឃើញផ្សោត។ ដូច្នេះ បើផ្សោតថយចុះ គេអាចប្តូរគោលដៅ ទៅកន្លែងផ្សេង»។” នេះជាការអះអាងរបស់ លោក ឡោ គឹមសាន ជាបឋម ស្ដីពីការអភិរក្ស និងការពារសត្វផ្សោតទន្លេមេគង្គ កាលពីថ្ងៃទី ២៥ ខែមីនាកន្លងទៅ។

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការកំណត់តំបន់គ្រប់គ្រង សត្វផ្សោតទន្លេមេគង្គ ដែលមានប្រវែង ១២០គីឡូម៉ែត្រ។ ក្នុងតំបន់នោះ ខេត្តស្ទឹងត្រែងមានប្រវែង ៣៥គីឡូម៉ែត្រ និងខេត្តក្រចេះមានប្រវែង ៨៥ គីឡូម៉ែត្រ ដែលលាតសន្ធឹងចាប់ពី ប៉ែកខាងក្រោម ស្ពានមិត្តភាពកម្ពុជាចិនស្ទឹងត្រែង ក្នុងខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ក្នុងខេត្តក្រចេះ។ ការកំណត់នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីការពារ និងអភិរក្សសត្វផ្សោត ប្រកបដោយប្រសិទ្ធភាព ដើម្បីអភិរក្ស និងធនធានធម្មជាតិ ក្នុងទឹករបស់កម្ពុជា។

គួររម្លឹកដែរថា ក្នុងឆ្នាំ២០២២ សត្វផ្សោតចំនួន១១ក្បាល បានស្លាប់ក្នុងនោះ ផ្សោតពេញវ័យ មានចំនួន៥ក្បាល កូនតូច៤ក្បាល ជំទង់១ក្បាល និងចាស់ ១ក្បាល។ ក្នុងនោះដែរ នៅដើមឆ្នាំ២០២៣ មាន សត្វផ្សោតមួយក្បាល ងាប់នៅខេត្តស្ទឹងត្រែង ដោយសារជាប់មង៕