ក្រសួងទេសចរណ៍ សហការជាមួយខេត្តព្រះសីហនុ ក្នុងការបង្កើតផាប់ស្ទ្រីត ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែម!


នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីសក្ដានុពលទេសចរណ៍ ខេត្តព្រះសីហនុ នៅរមណីយដ្ឋានទេសចរណ៍កោះក្របី ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃពុធ សប្តាហ៍មុន ឯកឧត្តម ថោន ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ក្រសួងនឹងសហការជាមួយ អភិបាលខេត្តព្រះសីហនុ ដើម្បីពិនិត្យលទ្ធភាពបង្កើត ផាប់ស្ទ្រីត (Pub Street) ដូចផាប់ស្ទ្រីតក្នុងខេត្តសៀមរាបដែរ ហើយជាមួយនឹងគ្នានោះ ក៏អាចសិក្សាបង្កើត ការដាក់លក់អាហារតាមផ្លូវ ដើម្បីទាក់ទាញភ្ញៀវទេសចរ នាពេលយប់ ដែលជាគោលដៅមួយ ក្រសួងចង់បាន។

ឯកឧត្តម បាននិយាយថា ក្រសួងបានពិភាក្សាម្ដងរួចមកហើយ ជាមួយអភិបាលខេត្តព្រះសីហនុ ក្នុងការបង្កើតផាប់ស្ទ្រីត និងរៀបចំការដាក់លក់អាហារតាមផ្លូវ (Street Food) សម្រាប់ការទាក់ទាញភ្ញៀវទេសចរ ព្រោះនិន្នាការទេសចរបច្ចុប្បន្ន ជាពិសេសទេសចរជាយុវជន មានការពេញនិយមខ្លាំង ចំពោះអាហារដែលដាក់លក់តាមផ្លូវ នាពេលយប់។

ឯកឧត្តម បានបញ្ជាក់ថា៖ «ខ្ញុំបានជជែកជាមួយ ឯកឧត្តមអភិបាលខេត្ត ឱ្យគាត់យកផ្លូវណាមួយ ដើម្បីធ្វើផាប់ស្ទ្រីតហ្នឹង។ យើងក៏អាចរៀបចំ ការដាក់លក់អាហារតាមផ្លូវ គេហៅថា From hotel to the street។ ការលក់អាហារតាមផ្លូវ ដូចជាការផឹកប៊ីយេមួយដប ហើយក្លែមក្តាម បង្គា ខ្យងសមុទ្រ គឺទេសចរចូលចិត្តណាស់។ វាជា small world របស់យើង ហើយប្រសិនបើយើងបង្កើតវាបាន គឺល្អមែនទែន។ នៅទីនេះ មានរថយន្តរត់ពីកំពង់សោម ទៅកាន់សៀមរាបនាពេលយប់។ រថយន្តចេញដំណើរនៅម៉ោង ៧ ល្ងាច ទៅដល់សៀមរាបនៅម៉ោង ៤ ព្រឹក។ អ៊ីចឹងទេសចរណ៍នាពេលយប់ គឺមានភាពទាក់ទាញខ្លាំងណាស់។»

ទោះជាយ៉ាងណាក៏ដោយ នៅមិនទាន់មានការបញ្ជាក់ពីទំហំថវិកា ពេលវេលា និងទីតាំងនៅឡើយទេ សម្រាប់គម្រោងបង្កើតផាប់ស្ទ្រីត និងការរៀបចំការដាក់លក់អាហារ តាមផ្លូវនាពេលយប់ ដើម្បីការទាក់ទាញភ្ញៀវទេសចរ ក្នុងក្រុងព្រះសីហនុ។

ជាការឆ្លើយតប ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានថ្លែងថា ក្នុងក្រុងព្រះសីហនុមាន ភាពចម្លែកខុសពីបណ្ដាខេត្តដទៃ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់ក្រុងព្រះសីហនុ មានការកកស្ទះចរាចរណ៍ កើតឡើងនៅពេលយប់ ខណៈបណ្ដាខេត្តដទៃទៀត មានការកក់ស្ទះចរាចរណ៍នៅពេលថ្ងៃ ជាពិសេសនៅវេលាម៉ោងចេញ និងម៉ោងចូលធ្វើការងារ។ ឯកឧត្តម បញ្ជាក់ថា ការស្ទះចរាចរណ៍ពេលយប់ នៅក្រុងព្រះសីហនុនេះ ដោយសារភ្ញៀវទេសចរនិយម ដើរកម្សាន្តពេលយប់ ច្រើនជាងពេលថ្ងៃ ហើយភ្ញៀវទេសចរភាគច្រើន ជាជនជាតិចិន និងជនជាតិវៀតណាម។

គូសសម្គាល់ដែរថា ក្នុងខេត្តព្រះសីហនុ មានតំបន់ទេសចរណ៍តាមឆ្នេរ និងកោះ ដែលមានអំណោយផលពីធម្មជាតិ កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ នៅទីនោះមានឆ្នេរ និងប្រជុំកោះជាច្រើន ដូចជាឆ្នេរអូរឈើទាល ឆ្នេរឯករាជ្យ ឆ្នេរសុខា ឆ្នេរឡូងសិត កោះរ៉ុង កោះរ៉ុងសន្លឹម កោះសង្សារ កោះពស់ កោះក្របី កោះពូលូវៃ កោះត្រងោល កោះព្រីង កោះឆ្ឆាម កោះតាងជាដើម។

រដ្ឋបាលខេត្តព្រះសីហនុ ក៏កំពុងទាក់ទាញវិនិយោគិន មកអភិវឌ្ឍតំបន់សក្តានុពលទាំងនោះ ទៅជាតំបន់ទេសចរណ៍ធម្មជាតិ ជាបន្តបន្ទាប់។ ជាមួយនឹងគ្នានេះ អាជ្ញាធរខេត្តព្រះសីហនុក៏មាន គម្រោងបង្កើតសារមន្ទីរសង្គ្រាមបាតសមុទ្រ និងរៀបចំខ្សែទស្សនាផ្កាថ្ម ត្រី សេះសមុទ្រ និងជីវៈចម្រុះផ្សេងទៀត ដែលមាននៅបាតសមុទ្រទីនោះ៕