ជើងហោះហើរត្រង់រវាង សៀមរាប-វៀងចន្ទន៍ ត្រូវបានតភ្ជាប់ ដើម្បីស្តារនិងជម្រុញ ប្រព័ន្ធទេសចរណ៍ឡើងវិញ!


ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អង្គរអ៊ែរ (Cambodia Angkor Air) បានប្រកាស បើកការហោះហើរត្រង់ថ្មី តភ្ជាប់ខេត្តសៀមរាប និងទីក្រុងវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យឡាវ។ ក្រុមហ៊ុនអាកាសចរណ៍ ក៏បាននិយាយនៅក្នុង ការចេញផ្សាយមួយថា ជើងហោះហើរនេះ ត្រូវបានគេរំពឹងថានឹងជម្រុញ សក្តានុពលទេសចរណ៍ នៃប្រទេសទាំងពីរ។

ជើងហោះហើរត្រង់នេះ ត្រូវបានប្រើ យន្តហោះ Airbus-A321 ដំណើរការម្តងក្នុងមួយសប្តាហ៍ នៅថ្ងៃច័ន្ទ ហើយត្រូវបានគេរំពឹងថា នឹងបង្កើនចំនួនជើងហោះហើរ បន្តទៀតផងដែរ។ ជើងហោះហើរ K6 908 នឹងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ សៀមរាបនៅម៉ោង 6 ព្រឹក ហើយចុះចត នៅអាកាសយានដ្ឋានអន្តរជាតិ Watey ទីក្រុងវៀងចន្ទន៍នៅម៉ោង 7:05 ព្រឹក។ ដោយឡែក ជើងហោះហើរ K6 909 ត្រឡប់មកវិញនៅម៉ោង 7:50 ព្រឹក ហើយមកដល់ខេត្តសៀមរាប នៅម៉ោង 9 ព្រឹក។

ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អង្គរ អ៊ែរ បាននិយាយថា ជើងហោះហើរថ្មីនេះ ត្រូវបានប្តេជ្ញា ក្នុងការផ្តល់សេវាកម្មដ៏ល្អ ជូនភ្ញៀវទេសចរទៅកាន់គោលដៅនានា ក្នុងរយៈពេលដ៏ខ្លីបំផុត។ “ការធ្វើដំណើរទៅកាន់ តំបន់ប្រវត្តិសាស្ត្រដ៏សម្បូរបែប ទាំងពីរនេះ គឺជាសុបិន្តរបស់អ្នកទេសចរផ្សងព្រេង ដែលក្លាយជាការពិត អំពីវប្បធម៌ អច្ឆរិយៈ និងសម្បត្តិធម្មជាតិនៅទីនោះ។ ដូច្នេះហើយ ជើងហោះហើរថ្មីនេះ នឹងទាក់ទាញភ្ញៀវទេសចរជាច្រើន និងអ្នកធ្វើដំណើរផ្សេងទៀត ដែលអាចរួមចំណែក ដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។»

គួររម្លឹកដែរថា ខេមបូឌា អង្គរអ៊ែរ ដែលទទួលបានវិញ្ញាបនបត្រសុវត្ថិភាព IOSA ពីសមាគមដឹកជញ្ជូន អាកាសចរណ៍អន្តរជាតិ (IATA) ក៏ជាក្រុមហ៊ុនអាកាសចរណ៍ផ្លូវការ តំណាងឱ្យរដ្ឋាភិបាលដើម្បីជួយ ផ្សព្វផ្សាយយុទ្ធនាការ 'ទស្សនាកម្ពុជាឆ្នាំ ២០២០'។ ក្រៅពីជើងហោះហើរ ទៅកាន់ទីក្រុងវៀងចន្ទន៍ ក្រុមហ៊ុនក៏មានដំណើរការ ជើងហោះហើរអន្តរជាតិ ទៅកាន់ប្រទេសវៀតណាម និងប្រទេសចិន ដោយគ្របដណ្តប់លើកន្លែងនានាដូចជា ហាណូយ ហូជីមិញ ដាណាង ក្វាងចូវ ឆេងចូវ សៀងហៃ ហៃគូ និងម៉ាកាវ ផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏មានដំណើរការ ជើងហោះហើរក្នុងស្រុក ទៅកាន់គោលដៅនានា រួមមាន ភ្នំពេញ សៀមរាប និងព្រះសីហនុ ជាដើម។

កាលពីខែវិច្ឆិកាឆ្នាំមុន ក្រុមហ៊ុនអាកាសចរណ៍ឡាវ បានបន្តជើងហោះហើរពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដោយចាប់ផ្តើមជើងហោះហើរ សៀមរាប-ហ្លួងប្រាបាង។ ដោយឡែក កាលពីខែមីនាឆ្នាំនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានដឹកនាំគណៈប្រតិភូក្រសួង និងមន្ត្រីវិស័យឯកជន ទៅកាន់ប្រទេសឡាវ ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យទេសចរណ៍។ ភាគីទាំងពីរបានព្រមព្រៀងគ្នា ក្នុងការលើកទឹកចិត្តប្រជាជន ឱ្យកាន់តែច្រើន ក្នុងការធ្វើដំណើររវាងប្រទេសទាំងពីរ តាមរយៈដំណើរកម្សាន្ត ជាកញ្ចប់ឯកជនផងដែរ។

លើសពីនេះ ក៏មានការកើនឡើង នូវចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលចូលមកកម្ពុជា ពីប្រទេសឡាវ តាមច្រកត្រពាំងក្រៀល ខេត្តស្ទឹងត្រែង ដើម្បីទស្សនាការប្រកួត កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ដែរថា យោងតាមរបាយការណ៍ពីមុន ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឡាវ ឈានដល់ ១៦០ លានដុល្លារក្នុងឆ្នាំ ២០២១។