អគារសាលាវិជ្ជាជីវៈទេសចរណ៍កម្ពុជា គ្រោងនឹងបញ្ចប់ការសាងសង់ មុនចូលឆ្នាំខែ្មរ នាឆ្នាំក្រោយ និងជ្រើសរើសនិស្សិតចូលរៀន នាឆមាសទី២ តែម្តង!


បើតាមដំណើរ ក្នុងការចុះត្រួតពិនិត្យ ការដ្ឋានសាងសង់អគារសាលា វិជ្ជាជីវៈទេសចរណ៍ ក្នុងទីតាំងរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៨ ឧសភា កន្លងទៅបានឲ្យដឹងថា គម្រោងសាងសង់ សាលាវិជ្ជាជីវៈទេសចរណ៍ មួយនេះ អាចនឹងរួចរាល់នៅមុន ចូលឆ្នាំប្រពៃណីខ្មែរ និងជ្រើសរើសនិស្សិត ចូលរៀននៅក្នុងឆមាសទី២ ឆ្នាំ២០២៤ ខាងមុខនេះ តែម្តង។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្តឲ្យដឹងថា វិស័យទេសចណ៍គឺជាវិស័យ ដែលត្រូវការជំនាញវិជ្ជាជីវៈច្បាស់លាស់ ដូចនេះសាលាជាតិទេសចរណ៍មួយនេះ ដែលជាសាលាដំបូង របស់ក្រសួងទេសចរណ៍ នឹងចូលរួមបណ្តុះបណ្តាល ជំនាញទេសចរណ៍ ឲ្យបានត្រឹមត្រូវតាមស្តង់ដា សម្តៅពង្រឹង និងពង្រីកធនធានមនុស្សក្នុង វិស័យទេសចរណ៍ទាំងគុណភាព និងបរិមាណ ឆ្លើយតបទៅការអភិវឌ្ឍន៍ នៃវិស័យទេសចរណ៍ក្នុង ព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា តាមរយៈវឌ្ឍនភាព នៃការសាងសង់អគារសាលានេះ ការងារសាងសង់អាចនឹង សម្រេចបានតាមផែនការ ដែលបានគ្រោងទុក ហើយរំពឹងថានៅឆមាសទី២ ឆ្នាំ២០២៤ ខាងមុខ សាលានឹងអាចជ្រើសរើសសិស្ស-និសិត្ស ចូលរៀនបាន។ គួរឲ្យដឹងដែរថា សាលាវិជ្ជាជីវៈទេសចរណ៍នេះ នឹងបណ្តុះបណ្តាល លើជំនាញសេវាកម្មសណ្ឋាគារ, សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ, សេវាកម្មធ្វើដំណើរ និងសេវាកម្មទេសចរណ៍។ ការបណ្តុះបណ្តាលជំនាញទាំងនេះគឺស្របទៅតាម ក្របខណ្ឌគុណវុឌ្ឍជាតិ និងអាស៊ាន គឺចាប់ពីវិញ្ញាបនបត្រកម្រិត១ ទៅកម្រិត៣ រៀនរយៈពេល១ឆ្នាំ និងឌីប្លូមកម្រិតខ្ពស់រៀនរយៈពេល ២ឆ្នាំ។

ម៉្យាងវិញទៀត ការបណ្តុះបណ្តាលជំនាញទាំងនេះ គឺស្របទៅតាម ក្របខណ្ឌគុណវុឌ្ឍជាតិ និងអាស៊ាន គឺចាប់ពីវិញ្ញាបនបត្រកម្រិត១ ទៅកម្រិត៣ រៀនរយៈពេល១ឆ្នាំ និងឌីប្លូមកម្រិតខ្ពស់ រៀនរយៈពេល ២ឆ្នាំ។ សាលាក៏នឹងក្លាយជា មជ្ឈមណ្ឌលវាយតម្លៃ Center of Excellence ផងដែរ ដើម្បីទទួលស្គាល់អ្នកមានបទពិសោធន៍ ក្នុងជំនាញទេសចរណ៍។

គូសសម្គាល់ដែរថាថា ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍តម្លៃ១១លានអឺរ៉ូ្ ចំនួន ២ទីតាំង ដែលទីតាំងទី១ ស្ថិតក្នុងរាជធានីភ្នំពេញ និង ទីតាំងទី២ ស្ថិតក្នុងខេត្តព្រះសីហនុ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានក្រុមហ៊ុន Group 4 ជាអ្នកត្រួតពិនិត្យការសាងសង់ និងក្រុមហ៊ុន Urban Combo Building JV Lotus Green ជាអ្នកសាងសង់៕