កម្ពុជា សហការជាមួយ អូស្ត្រាលី ដើម្បីបង្កើតកន្លែងកែច្នៃកសិផល សម្រាប់ផ្គត់ផ្គង់ក្នុងប្រទេស និងនាំចេញទៅក្រៅប្រទេស


តើអ្នកដឹងទេថា នៅក្នុងប្រទេសកម្ពុជា កសិផលប្រមាណ ៩៥% ត្រូវបានលក់ចេញទៅកាន់ ប្រទេសជិតខាងក្នុង តំបន់អាស៊ាន ជាផលិតផលដើម មិនទាន់កែច្នៃ ហើយប្រទេសដែលបាន ទិញកសិផលពីកម្ពុជា បានយកទៅកែច្នៃទៅជា ផលិតផលដែលមានតម្លៃ ជាកសិផលដើម ដូចជា ធ្វើជាតំណាប់ ទឹកផ្លែឈើ នំស្រួយ អាហាទារក ម្សៅ និងជីវឥន្ធនៈ ជាដើម។

ដូចនេះ ប្រសិនបើកម្ពុជា មានកន្លែងកែច្នៃកសិផលផ្ទាល់ខ្លួន នឹងអាចបង្កើនទីផ្សារប្រកួតប្រជែង ផលិតផលកែច្នៃបន្ថែមទៀត និងបន្ថែមតម្លៃដល់ ដំណាំកសិកម្មកាន់តែ ប្រសើរជាងមុន ជាពិសេសទៅលើ ផលិតផលសក្ដានុពល ដូចជា ស្វាយចន្ទី ដំឡូងមី អង្ករ ស្វាយ ចេក និងបន្លែ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញទៅអន្តរជាតិ។

ដោយមើលឃើញពីចំណុចនេះ រដ្ឋាភិបាលអូស្ត្រាលី បានសហការជាមួយកម្ពុជា ដើម្បីបង្កើតសួនកសិ-ឧស្សាហកម្ម (AIP) ដំបូងគេបង្អស់ ដែលសួនកសិ-ឧស្សាកម្មនេះ នឹងផ្ដល់នូវកន្លែងកែច្នៃកសិ-អាហារ កន្លែងស្រាវជ្រាវ និងអភិវឌ្ឍន៍កសិ-ឧស្សាហកម្ម ព្រមទាំងកសាងសមត្ថភាព ធានាដល់បរិស្ថាន ប្រកបដោយសុវត្ថិភាព និងបរិយាបន្នផងដែរ។

សួនកសិ-ឧស្សាហកម្ម មានសក្ដានុពលខ្លាំងណាស់ សម្រាប់ប្រទេសកម្ពុជា ត្បិតកម្ពុជាមានផលិតផលកសិកម្មច្រើន បើយោងតាមការសិក្សាស្រាវជ្រាវ កាលពីឆ្នាំ២០២២ បានបង្ហាញថា សួនកសិ-ឧស្សាហកម្មនេះ រំពឹងរួមចំណែកបានដល់ ៥ ១០០ លានដុល្លារអាមេរិក ដល់សេដ្ឋកិច្ចកម្ពុជា នៅត្រឹមឆ្នាំ២០៤៥ និងអាចបង្កើតការងារថ្មី បានដល់ ១០០ ០០០ កន្លែង ដែលជាងពាក់កណ្ដាល គឺបង្កើតឱកាសការងារដល់ស្ដ្រី។

ថ្មីៗនេះ ស្ថានទូតអូស្ត្រាលី ក៏បានបង្កើតកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចឈានមុខ CAPRED ដែលរៀបចំ ដំណើរទស្សនកិច្ចសិក្សាដល់ គណៈកម្មធិការ និងសមាជិកលេខាធិការដ្ឋាន សួនកសិ-ឧស្សាហកម្ម (AIP) ដើម្បីសិក្សាស្វែងយល់ពី កសិ-ឧស្សាហកម្មនៅប្រទេសអូស្ត្រាលី គាំទ្រនិងកសាងសមត្ថភាព សម្រាប់ប្រព័ន្ធអេកូឡូស៊ី ព្រមទាំងស្វែងយល់ បញ្ហាប្រឈមនានា ក្នុងការបង្កើតសួនកសិ-ឧស្សាហកម្ម នៅកម្ពុជាផងដែរ។