ការស្រាយបំភ្លឺអំពីបញ្ហា ទាក់ទងនឹងការហាមប្រាមការថតរូប នៅតាមរមណីយដ្ឋានអង្គរ ដោយអាជ្ញាធរជាតិអប្សរា


ខេត្តសៀមរាប៖ បន្ទាប់ពីមានការលើកឡើងជាច្រើន ទាក់ទិននឹងបញ្ហានៃការថតរូប នៅតាមរមណីយដ្ឋានអង្គរជាហូរហែ ដោយក្រុមផលិតករ និងខាងបរទេសមួយចំនួនមក អាជ្ញាធរជាតិអប្សរា ក៏បានធ្វើការស្រាយបំភ្លឺ ទាក់ទងនឹងបញ្ហានេះ ឲ្យសាធារណជនបានដឹង។

ជាក់ស្តែង លោក ឡុង កុសល អគ្គនាយរងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ស្រាយបញ្ជាក់ថា “រាល់ការថតរូបជាអនុស្សាវរីយ៍ សម្រាប់គ្រួសារ សម្រាប់បង្ហោះតាម Facebook, TikTok ដែលនិយាយពីវប្បធម៌ ប្រពៃណី ភាពអស្ចារ្យទៅលើស្នាដៃសិល្បៈ វិស្វកម្មសំណង់របស់ប្រាសាទ របស់បុព្វបុរសខ្មែរយើង ខាងអាជ្ញារជាតិអប្សរា អត់មានអ្វីជាបញ្ហាទេ មិនបានហាមឃាត់ឡើយ ហើយយើងមិនដែល តម្រូវឱ្យគាត់ធ្វើការស្នើសុំទេ។”

ប៉ុន្តែ អាជ្ញាធរជាតិអប្សរា តម្រូវឱ្យការស្នើសុំជាមុន សម្រាប់អ្នកថតផ្សាយតាម YouTube ផលិតភាពយន្ត ឬអ្នកយកផលិតផល ទៅផ្សាយពាណិជ្ជកម្ម ដោយប្រើរូបភាពរបស់អង្គរ ឬផ្នែកណាមួយ របស់រមណីយដ្ឋានអង្គរ ដែលអាជ្ញាធរចាំបាច់ត្រូវឃាត់ និងឱ្យស្នើសុំជាមុន។

លោកឡុង កុសល មានប្រសាសន៍បន្ថែមថា ក៏ព្រោះរូបភាពទាំងអស់នោះ ដែលគាត់រកពាណិជ្ជកម្ម ឬរកប្រាក់ចំណូល គឺអាចប៉ះពាល់ទៅដល់ ខ្លឹមសារជាប្រវត្តិសាស្ត្រ ហើយថាតើសមរម្យ ឬអត់ក្នុងការយករូបភាពរបស់អង្គរ ទៅបម្រើពាណិជ្ជកម្ម ផលិតផលរបស់គាត់ នេះហើយជាចំណុច ដែលយើងត្រូវគិតគូរ។ បែបនេះហើយ ទើបយើងឱ្យគាត់ស្នើសុំ មកយើងជាមុន ដើម្បីយើងជួយពិនិត្យលក្ខណៈ ទាំងបច្ចេកទេស រួមទាំងខ្លឹមសារ ថាតើខ្លឹមសារនោះត្រឹមត្រូវ ឬអត់ ល្អ ឬអត់ ពេលប្រើប្រាស់ (ផ្សាយ) ទៅ អាចចៀសផុតពីផលប៉ះពាល់ ទៅលើអត្ថន័យខ្លឹមសារជា អវិជ្ជមានណាមួយ មកដល់ទាំងប្រវត្តិសាស្ត្រ ទាំងរូបភាពជាក់ស្ដែងរបស់អង្គរនៃយើង។

ការបកស្រាយនេះ អាចបង្ហាញពីចេតនាយ៉ាងច្បាស់របស់ អាជ្ញាធរជាតិអប្សរា ក្នុងការរក្សាតម្លៃដ៏ខ្ពស់ខ្ពស់ នៃរមណីយដ្ឋានអង្គរនៃយើង ពីការផ្សព្វផ្សាយមិនពិត មានការបំភ្លៃ ឬយកទៅធ្វើពាណិជ្ជកម្មនានា ដែលមិនគប្បីនៃអច្ឆរិយៈអង្គរនៃខ្មែរយើង។ យ៉ាងណាការថតលេង ក្នុងន័យផ្សព្វផ្សាយពីវប្បធម៌ខ្មែរ ជារូបឬវីដេអូអនុស្សាវរីយ បែបគ្រួសារ គឺពុំមានការហាមឃាត់ឡើយ។