ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នឹងរក្សាតម្លៃដដែលជូនអតិថិជន សម្រាប់គន្លង ETC&ANPR រយៈពេលពេញមួយឆ្នាំទៀត!


(ភ្នំពេញ)៖ បើយោងតាមប្រសាសន៍របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ០៧ វិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅបានឲ្យដឹងថា កម្រៃសេវាផ្លូវល្បឿនលឿន នឹងបន្តរក្សាតម្លៃដដែល (បញ្ចុះតម្លៃ២០%) រយៈពេល១ឆ្នាំទៀត សម្រាប់អ្នកប្រើប្រាស់គន្លង ETC និងគន្លង ANPR ហើយក៏បន្តរក្សាតម្លៃដដែល រយៈពេល ៦ខែទៀត សម្រាប់អ្នកទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC)។

ក្នុងនោះដែរ ការបញ្ចុះតម្លៃនេះ គឺដើម្បីអបអរឱកាស គម្រប់ខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយក្រុមហ៊ុន បានសម្រេចបន្តរក្សាតម្លៃដដែល (បញ្ចុះតម្លៃ២០%) ក្នុងរយៈពេលពេញ១ឆ្នាំ ចំពោះអ្នកប្រើប្រាស់គន្លង ETC និងគន្លង ANPR ដោយគិតពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ផងដែរ។

ដោយឡែក សម្រាប់អ្នកប្រើប្រាស់ផ្លូវ ដែលទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) ក្រុមហ៊ុននឹងរក្សាតម្លៃនៅដដែល (បញ្ចុះតម្លៃ២០%) សម្រាប់រយៈពេល ៦ខែ គិតចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។ ចំពោះសេវាធ្វើដំណើរ នឹងត្រូវគណនាតាម ចម្ងាយជាក់ស្តែង នៃការបើកបរ និងតាមប្រភេទយានយន្ត។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ក្នុងរយៈពេល ១២ខែកន្លងមកនេះ មានយានយន្តប្រមាណ ៤,៦៨លានគ្រឿង បានធ្វើដំណើរលើ ផ្លូវល្បឿនលឿនថ្មីនេះ ក្រោយចំណាយពេលជាង ៤០ខែក្នុងការសាងសង់ ហើយថវិកាដែលក្រុមហ៊ុន ទទួលបានរយៈពេល១ឆ្នាំនេះ គឺប្រមាណ ៣៥លានដុល្លារ។