កម្ពុជា គ្រោងចំណាយជិត ១ ពាន់លានដុល្លារ លើការអភិវឌ្ឍនិងលើកកម្ពស់ កំណែទម្រង់វិស័យអប់រំ របស់ខ្លួន ក្នុងឆ្នាំ ២០២៤


ភ្នំពេញ៖ កម្ពុជា គ្រោងថវិកាប្រមាណ ៩៩០លានដុល្លារ សម្រាប់ចំណាយលើការអប់រំ នៅឆ្នាំ២០២៤ ដើម្បីលើកកម្ពស់កំណែទម្រង់បន្ថែម នៃប្រព័ន្ធអប់រំដែលដាក់ចេញ ដោយរាជរដ្ឋាភិបាលរបស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត

ជាក់ស្តែង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គីម សុភៈ បានមានប្រសាសន៍ឲ្យដឹងថា ផែនការចំណាយរបស់ រដ្ឋាភិបាលលើវិស័យអប់រំ នៅឆ្នាំថ្មី មានការកើនឡើង ៩,៤% បើធៀបនឹងឆ្នាំ២០២៣ ដែលមានការចំណាយចំនួន ៣ ៧៣០ ១៥៧ លានរៀល ឬស្មើប្រមាណ ៩០៥លានដុល្លារ។

ការបង្កើនការចំណាយ លើវិស័យអប់រំនៅឆ្នាំ២០២៤ គឺសម្រាប់ចំណាយចរន្ត ស្មើនឹងប្រមាណ ៩១៤លានដុល្លារ ដោយគិតបញ្ជូលទាំង ការដំឡើងប្រាក់អាហារូបករណ៍ សម្រាប់គរុសិស្សនិស្សិតចំនួន ២៩ ៥៨៦លានរៀល ឬស្មើនឹងប្រមាណ ជាងប្រាំពីរលានដុល្លារ។ ចំណែកចំណាយមូលធន មានចំនួន ៣១៥ ៧៧០ លានរៀល ឬស្មើនឹងប្រមាណជាង ៧៦លានដុល្លារ។

គួររម្លឹកដែរថា កាលពីឆ្នាំ២០២១ ក្រសួងអប់រំបានទទួលថវិកា ប្រមាណ ៨១០លានដុល្លារ ខណៈនៅឆ្នាំ២០២២ ក្រសួងអប់រំបានទទួលថវិកាប្រមាណ ៧៩៧លានដុល្លារ បន្ទាប់ពីរដ្ឋាភិបាលបានកាត់បន្ថយប្រមាណ ១,៦%។

ថ្លែងនៅក្នុងពិធីទិវាគ្រូបង្រៀនលើកទី២៦ កាលពីថ្ងៃទី ៥តុលាកន្លងទៅ សម្តេចធិបតីហ៊ុន ម៉ាណែត បានសម្រេចដំឡើងប្រាក់ឧបត្ថម្ភដល់គរុសិស្ស ហើយស្នើក្រសួងអប់រំពង្រឹងមូលដ្ឋាន សិក្សារបស់សិស្សចាប់ពី កម្រិតមតេយ្យសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ ព្រមទាំងពិនិត្យឡើងវិញ លើការជ្រើសរើស នាយកសាលារៀន ដើម្បីកែទម្រង់បន្ថែមនៃប្រព័ន្ធអប់រំ។

យោងតាមរបាយការណ៍បឋមរបស់ ក្រសួងអប់រំ យុវជននិងកីឡាបានបង្ហាញថា គរុសិស្សដែលកំពុងទទួល បានការបណ្ដុះបណ្ដាលវិជ្ជាជីវៈគ្រូបង្រៀន មានប្រហែល ៣០០០នាក់ នៅទូទាំងប្រទេស។ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានផ្ដល់អាទិភាពលើ ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ បច្ចេកវិទ្យា ព្រមទាំងបន្តកែទម្រង់ សាលារៀនសាធារណៈ ជំរុញការបង្កើតសាលារៀនគំរូ ពង្រឹងអភិបាលកិច្ចគ្រប់គ្រងមន្ទីរអប់រំ ហើយនិងជំរុញការចូលរួម យ៉ាងសកម្ម ពីអាណាព្យាបាល សហគមន៍ និងវិស័យឯកជន៕