ឆ្នេរសមុទ្រល្បីៗទាំង ៨ ដែលកំពុងស្ថិតក្នុងស្ថានភាពជិតបាត់បង់ ស្របពេលដែលកំណើនឡើងនៃកម្ពស់ទឹកសមុទ្រ!

ជារៀងរាល់ឆ្នាំ ភ្ញៀវទេសចរណ៍ក្នុងតំបន់ឆ្នេរមានមិនតិចនោះទេ ដោយក្នុងចំណោមឆ្នេរសមុទ្រល្បីៗទាំង ៨ ខាងក្រោមនេះ ទទួលបានបម្រើដល់ភ្ញៀវទេសចរណ៍រាប់លាននាក់ឯណោះក្នុងមួយឆ្នាំៗ ដោយត្រូវបានគេចាត់ទុកជាតំបន់ឆ្នេរធម្មជាតិដែលទាក់ទាញបំផុត សម្រាប់ការការលំហែកាយគេងហាលថ្ងៃ ការជិះទូកតាមរលកនិងខ្យល់ ហើយក៏ល្អសម្រាប់លេងទឹកជាមួយខ្សាច់សមុទ្រដ៏ស្រស់ស្អាតផងដែរ។ ប៉ុន្តែឆ្នេរល្បីៗទាំង ៨ ដែលធ្លាប់ទទួលបានភ្ញៀវទេសចរណ៍រាប់លាននាក់ក្នុងមួយឆ្នាំនោះ កំពុងតែស្ថិតនៅក្នុងស្ថានភាពជិតបាតបង់មួយ ដោយសារតែបញ្ហាកំណើនកម្ដៅផែនដី ធ្វើឲ្យទឹកកកនៅតំបន់ប៉ូលរលាយ និងធ្វើឲ្យអត្រាកម្ពស់ទឹកសមុទ្រឡើងយ៉ាងឆាប់រហ័សបំផុតមិនធ្លាប់កើតមាន។ ឆ្នេរទាំងនោះរួមមាន៖

១. ឆ្នេរ Waikiki កោះ Honolulu រដ្ឋហាវ៉ៃ

ប្រសិនបើអ្នកស្គាល់តំបន់ទេសចរណ៍កោះហាវ៉ៃ អ្នកប្រាកដជាស្គាល់ឆ្នេរដ៏ល្បីល្បាញបំផុតប្រចាំតំបន់នេះ ដែលឆ្នេរនេះវាស្ថិតនៅលើកោះ Honolulu រដ្ឋហាវ៉ៃ។ ឆ្នេរ Waikiki ជាឆ្នេរដែលទទួលបានភ្ញៀវទេសចរណ៍ច្រើនបំផុតមួយលើពិភពលោក ដោយចំនួនពីភ្ញៀវទេសចរណ៍ទទួលបានដល់ ២ ពាន់លានដុល្លារក្នុងមួយឆ្នាំជាមធ្យម។ ប៉ុន្តែគួរឲ្យសោកស្ដាយដែលឆ្នេរនេះ កំពុងស្ថិតនៅក្នុងភាពគម្រាមកំហែងខ្លាំងបំផុតពីសំណាក់បញ្ហាបម្រែបម្រួលអាកាសធាតុ គេប៉ាន់ស្មានមើលថា ឆ្នេរនេះអាចនឹងលិចដោយទឹករលកទាំងស្រុងនៅក្នុងរយៈពេល ១៥ ទៅ ២០ ឆ្នាំខាងមុខ ប្រសិនបើអត្រាកំណើនកម្ពស់ទឹកសមុទ្រមានកំណើនលឿនបែបនេះ។ យ៉ាងណាក៏ដោយ នៅលើកោះហាវ៉ៃក៏កំពុងទទួលការយកចិត្តទុកដាក់លើបញ្ហាបរិស្ថានផងដែរ ដូចជាការដាក់គោលដៅជាកោះដែលប្រើប្រាស់ថាមពលមិនចេះរីកស្ងួតឲ្យបានពេញ ១០០% នៅត្រឹមឆ្នាំ២០៤៥ កាត់បន្ថយការបំពុល និងរកចំណូលដោយឧស្សាហកម្មគ្មានផ្សែងជាដើម។  

២. ឆ្នេរ South Beach រដ្ឋ Florida

ឆ្នេរ South Beach ជាតំបន់ឆ្នេរដែលបានអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យ និងបដិសណ្ឋារកិច្ចកម្រិតខ្ពស់បំផុតប្រចាំតំបន់ឆ្នេរទាំងអស់ក្នុងសហរដ្ឋអាមេរិច ដែលវាគឺជាទីក្រុងឆ្នេរសមុទ្រដ៏ធំមួយទៅហើយ។ ប៉ុន្តែដោយសារតែបញ្ហាអាកាសធាតុ ទីក្រុងមួយនេះនឹងត្រូវក្លាយជាទីក្រុងលិចទឹកសមុទ្រនៅរយៈពេលដ៏ឆាប់រហ័ស ប៉ុន្ដែគេមិនទាន់ដឹងច្បាស់នៅឡើយទេ ព្រោះអជ្ញាធរបានព្យាយាម រៀបចំប្រព័ន្ធធារាសាស្ត្រដើម្បីរំដោះបញ្ហានេះ ព្រមទាំងមានគម្រោងចាក់ខ្សាច់បន្ថែមនៅឆ្នេរនេះ ដើម្បីទប់ស្កាត់ផងដែរ។

៣. ឆ្នេរ Capacabana ទីក្រុង Rio De Janeiro

ឆ្នេរសមុទ្រដែលល្បីល្បាញជាងគេក្នុងប្រទេសប្រេស៊ីលគឺឆ្នេរ Capacabana នេះហើយ ដោយក្នុងមួយឆ្នាំទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិមិនក្រោម ២ លាននាក់នោះទេ ដោយសារតែខ្សាច់សមុទ្រដ៏ស្រស់ស្អាត និងទឹកសមុទ្រដែលមានរលកសមល្មមសម្រាប់ការកម្សាន្ដ។ ប៉ុន្តែឆ្នេរនេះក៏ជាតំបន់ងាយរងគ្រោះពីបញ្ហាទឹកសមុទ្រជាងគេផងដែរក្នុងរយៈពេលចុងក្រោយនេះ ព្រោះវាព័ន្ធជុំវិញទៅដោយសមុទ្រ និងមានការលិចស្ទើរគ្រប់ទិសនៅថ្ងៃខាងមុខ។

៤. ឆ្នេរ Surfers Paradise រដ្ឋ Queenland ប្រទេសអូស្ត្រាលី

តើអ្នកដឹងឬទេថា ប្រទេសអូស្ត្រាលី គឺជាប្រទេសដ៏ធំមួយនៅក្នុងមហាសមុទ្របាស៊ីហ្វិច ដែលទីក្រុងទាំងអស់គឺស្ថិតនៅតំបន់ក្បែរសមុទ្រ ហើយប្រជាជនស្ទើរតែ ៩០% រស់នៅក្នុងបរិវេណ ១០០ គីឡូម៉ែត្រប៉ុណ្ណោះពីតំបន់សមុទ្រ ចំណែកឯតំបន់ដីគោកវិញ គឺមិនសូវមានមនុស្សរស់នៅនោះទេ ដោយភាគច្រើនមានតែជនជាតិភាគតិច។ ជាការពិតណាស់ ការអភិវឌ្ឍន៍ប្រទេសអូស្ត្រាលីគឺស្ថិតនៅតំបន់សមុទ្រ ចំណែកឯឆ្នេរ Surfers Paradise ដែលនៅក្នុងតំបន់ Gold Cost នេះវិញក៏មានបញ្ហាយ៉ាងខ្លាំងទៅលើកំណើនកម្ពស់ទឹកសមុទ្រផងដែរ ដោយខ្សាច់ទាំងនោះកំពុងលិចបន្ដិចម្ដងៗ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះនៅបាតសមុទ្រ។ ជាងនេះទៅទៀត តំបន់មួយចំនួនធំនៃភាគខាងកើតប្រទេសក៏កំពុងប្រឈមជាមួយកង្វះទឹកសាបប្រើប្រាស់ផងដែរ។ 

៥. ឆ្នេរ Ocean City រដ្ឋ Maryland សហរដ្ឋអាមេរិច

ឆ្នេរដែលមមាញឹក និងមានមនុស្សមកកម្សាន្ដកកកុញបំផុតប្រចាំសហរដ្ឋអាមេរិច គឺឆ្នេរ Ocean City នេះតែម្ដង ហើយវាគឺជាតំបន់ដែលមានចរន្ដសេដ្ឋកិច្ច រកប្រាក់ចំណូលខ្លាំងបំផុតប្រចាំរដ្ឋ Maryland។ យ៉ាងណាមិញទីក្រុងមួយនេះ ត្រូវបានទទួលរងនូវគ្រោះធម្មជាតិយ៉ាងទៀតទាត់ ដោយមានព្យុះ Cyclone នឹងបញ្ហាជាច្រើនទៀតក្នុងតំបន់ត្រូពិច។ កាលពីឆ្នាំ ២០១៦ គេព្យាយាមកែទម្រង់ប្រព័ន្ធធារាសាស្ត្រ ជួសជុលផ្លូវថ្នល់ និងបន្ថែមខ្សាច់នៅតំបន់ឆ្នេរ ដែលចំណាយប្រាក់ ១២.៧ លានដុល្លារ។ ប៉ុន្តែទីក្រុង Ocean City នៅតែបន្ដរមានបញ្ហាជាច្រើនដោយសារបម្រែបម្រួលអាកាសធាតុនេះ ដោយវាមានអាកាសធាតុក្ដៅខ្លាំង ទឹកសមុទ្រឡើងជារៀងរាល់ឆ្នាំ មានព្យុះធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ -ល-។

៦. ឆ្នេរ Santa Monica ទីក្រុង Los Angeles

ឆ្នេរដែលទទួលបានភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំមកដេកហាលថ្ងៃ មកហែលទឹកសមុទ្រ មកជិះកាណូត និងមកកម្សាន្ដលេងកម្សាន្ដនោះ កំពុងត្រូវបានបំផ្លាញដោយសារកំណើនទឹកសមុទ្រ ដោយគេព្យាករណ៍ថានៅក្នុងរយៈពេល ៨០ ក្រោយកម្ពស់ទឹកសមុទ្រនឹងឡើងជាងមុន ១ ម៉ែត្រ ដែលល្មមធ្វើឲ្យឆ្នេរត្រូវបានលិចបាត់មួយភាគធំ។ យ៉ាងណាមិញ មូលនិធិ Bay Foundation ដើម្បីទប់ជាមួយការឡើងកម្ពស់ទឹកសមុទ្រនេះ ក៏ត្រូវបានអភិវឌ្ឍន៍ឥតឈប់ឈរផងដែរ ដោយគេរំពឹងថានឹងអាចការពារឆ្នេរសមុទ្របានក្នុងទំហំ ៣ អាឃ័រ មិនឲ្យបញ្ហានេះប៉ះពាល់ធ្ងន់ធ្ងរឡើយ។

៧. ឆ្នេរ Barceloneta ទីក្រុង Barcelona 

ឆ្នេរ Barceloneta ក៏ដូចជាជាឆ្នេរចំនួន ៨ ផ្សេងទៀតនៅក្នុងទីក្រុង Barcelona គឺសុទ្ធសឹងជាឆ្នេរសិប្បនិមិត្ត ដែលគេរៀបចំប៉ុណ្ណោះ មិនមែនជាឆ្នេរធម្មជាតិឡើយ ដោយវាត្រូវបានគេយកខ្សាច់ទៅចាក់បំពេញ ទៅជាឆ្នេរសមុទ្រ ដូចនេះឆ្នេរនេះមិនធំឡើយ ប៉ុន្តែសម្បូរទៅដោយទីក្រុងទៅវិញ។ កាលពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១០ ឆ្នេរនេះត្រូវទទួលរងនូវព្យុះកាចសាហាវដែលស្ទើតែបាត់បង់ឆ្នេរទាំងស្រុងទៅហើយ ទើបក្រោយមកមានការរៀបចំឡើងវិញ។ យ៉ាងណាមិញ គេព្យាករណ៍ថា នៅឆ្នាំ ២១០០ ឆ្នេរនេះនឹងត្រូវលិចទៅក្នុងទឹកបាត់ទាំងស្រុងព្រោះកម្ពស់ទឹកសមុទ្រឡើង ហើយវាក៏មិនអាចទប់ស្កាត់បានដែរ ព្រោះមិនមែនជាឆ្នេរធម្មជាតិ ហើយនៅតំបន់គឺជាទីក្រុងពិបាកកែច្នៃទៅជាឆ្នេរសមុទ្រណាស់។

៨. ឆ្នេរ Ocean Beach នៅទីក្រុង San Francisco 

ឆ្នេរ Ocean Beach គឺជាតំបន់ដែលមានរលកធំៗ ដែលល្បីល្បាញបំផុតសម្រាប់ការជិះទូក Surfing ហើយរលកធំៗទាំងនោះ ក៏នឹងបក់ឡើងមកដល់ដីគោកកាន់តែកៀកទៅៗផងដែរ។ បញ្ហាកំណើនកម្ពស់ទឹកសមុទ្រនេះ បានធ្វើឲ្យទីក្រុងជាប់សមុទ្រនៅ San Francisco នេះត្រូវការលើកទីក្រុងអភិវឌ្ឍន៍មកឆ្ងាយពីសមុទ្រ ដូចជាការលើកផ្លូវនិងការអភិវឌ្ឍន៍រីសតជាដើម។ ម្យ៉ាងវិញទៀត គេកំពុងតែព្យាយាមប៉ូមខ្សាច់ មកចាស់បំពេញនៅខាងលើដីគោកវិញ ដើម្បីទប់ទល់នឹងបញ្ហានេះ។