អតីតលានដ្ឋានណាស៊ីនៅក្នុងទីក្រុង Hamburg ប្រទេសអាឡឺម៉ង់នឹងបើកជាសាធារណៈនៅក្នុងឆ្នាំ 2021 ជាសណ្ឋាគារដែលមាន 136 បន្ទប់ មានបារ ហាងកាហ្វេ និងសួនច្បារបៃតងនៅផ្នែកខាងលើដំបូល។
គម្រោងរបស់សណ្ឋាគារនេះ ស្ថិតនៅលើទម្រង់ “Design & Lifestyle” ជាផ្នែករបស់ “nHow Hamburg Hotel” ដែលសណ្ឋាគារនេះត្រូវបានសាងសង់ឡើងពីលើអតីតលានដ្ឋាន St. Pauli នៅក្នុងទីក្រុង Hamburg ដែលវាធ្លាប់ជាជម្រកវាយឆ្មក់តាមអាកាស (Air Raid Bunker) មួយក្នុងចំណោមជម្រករាប់ពាន់ទៀតដែលបានបង្កើតដោយ Third Reich។
យោងតាមគេហទំព័រទីក្រុង Hamburg រចនាសម្ព័ន្ធនៅសម័យសង្គ្រាមលោកលើកទី 2 (WWII-Era) នៃអតីតលានដ្ឋាននេះ ត្រូវបានសាងសង់ដោយកម្មករប្រមាណ 1,000 នាក់ក្នុងឆ្នាំ 1942។ កំឡុងការវាយឆ្មក់តាមអាកាសនៅឆ្នាំ 1943 លើទីក្រុង Hamburg មនុស្សប្រមាណ 25,000 នាក់បានស្វែងរកទីជំរកនៅក្នុងលានដ្ឋាន។
នៅក្នុងអំឡុងពេលមានសង្គ្រាមនោះ ក៏មានផែនការកំទេចលានដ្ឋាននេះដែរ ប៉ុន្តែដោយសារតែជញ្ជាំងរបស់វាមានភាពរឹងមាំពេក ដែលវាមានកម្រាស់ក្រាស់ណាស់ដល់ទៅប្រមាណ 11.5 ហ្វីត។ គ្រឿងផ្ទុះដែលបម្រុងនឹងយកមកទៅកំទេចអគារលានដ្ឋាននេះ ក៏ត្រូវបានបំផ្លាញចោលនៅបរិវេណព័ទ្ធជុំវិញនេះ ធ្វើឲ្យអគារលានដ្ឋាននេះ នៅតែអាចឈរជើងបានដល់សព្វថ្ងៃ។
នៅឆ្នាំ 1950 បណ្តាញទូរទស្សន៍ NWDR បានផ្សព្វផ្សាយរូបភាពទូរទស្សន៍ដំបូងបង្អស់របស់អាឡឺម៉ង់ពីលេនដ្ឋាននេះ។ ចាប់តាំងពីពេលនោះមកវាត្រូវបានប្រើសម្រាប់គម្រោងស៊ីវិលនិងសាធារណៈជាច្រើន។ ជញ្ជាំងក្រាស់របស់វាធ្វើឱ្យអគារល្អឥតខ្ចោះសម្រាប់កាត់ផ្តាច់សម្លេងរំខានពីខាងក្រៅ។ ក្លឹបរាត្រីមួយបានបើកនៅជាន់ខាងលើនៃអតីតលានដ្ឋាននេះ និងហាងតន្រ្តីនៅជាន់ខាងក្រោម។ សាលាតន្ត្រី Pop មួយក៏បានយកបរិវេណ ជាច្រើនជាន់ផងដែរ។ អ្នកស្រុកបានបង្កើតផែនការសាងសង់សួនច្បារពណ៌បៃតង នៅលើកំពូលនៃរចនាសម្ព័ន្ធអតីតលានដ្ឋាននេះផងដែរ។ ហើយឥឡូវនេះផ្នែកទំនេរ 5 ជាន់របស់សណ្ឋាគារ នឹងត្រូវបានសាងសង់ផងដែរ។
អ្នកនាំពាក្យសណ្ឋាគារណា “nHow” លោក Julian Voss បានប្រាប់កាសែតNew York Time ថាចំណុចពិសេសរបស់សណ្ឋាគារគឺ “ពេលដែលបានដឹងអំពីប្រវត្តិនៃអគារ ... យើងយល់ថាវាជាប្រធានបទដ៏រសើប និងទាក់ទាញបំផុត។ យើងចង់បញ្ជូនសញ្ញាវិជ្ជមានមួយទៅកាន់ទីក្រុង Hamburg។”
ក្រៅពីកន្លែងស្នាក់នៅ និងតំបន់កម្សាន្ត វានឹងមានកន្លែងតាំងពិព័រណ៍ទំហំ 560 ហ្វីតការ៉េ នៅខាងក្នុងអាគារដើម្បីរំលឹកបង្ហាញនិងពន្យល់ពីអតីតកាលរបស់វា។
អាចនិយាយបានថា វាគឺជាជម្រើសដ៏ល្អ ក្នុងការយកទីកន្លែងប្រវត្តិសាស្ត្រ ដែលធ្លាប់ត្រូវបានគេបោះបង់ចោល មកកែច្នៃទៅជាសំណង់សណ្ឋាគារដ៏ប្រណិត រំលឹកបង្ហាញ និងពន្យល់ពីអតីតកាលដែលវាធ្លាប់បានឆ្លងកាត់ ព្រមទាំងក្លាយជាកន្លែងស្នាក់នៅប្រកបដោយផាសុកភាពផងដែរ។ បន្ថែមពីនេះទៅទៀត វាក៏នឹងក្លាយជាសណ្ឋាគារដែលអាចទាក់ទាញភ្ញៀវទេសចរបានច្រើន នៅពេលដែលវាបើកសម្ភោធជាផ្លូវការ។