រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក សម្រាប់ឆ្នាំ២០២៥ នេះ នៅរាជធានីភ្នំពេញ តែតាមបណ្តាខេត្តអាចប្រារព្ធបានជាធម្មតា និងរក្សាថ្ងៃឈប់សម្រាកបុណ្យជាតិ នៅដដែល!
យោងតាមសារាចរ របស់រាជរដ្ឋាភិបាលកម្ពុជា លេខ ១៥ សរ ដែលបានផុសផ្សាយនៅលើទំព័រហ្វេសបុកផ្លូវការរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ៣កញ្ញាឆ្នាំ២០២៥ នេះ បានប្រកាសពីការផ្អាកប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ដែលគ្រោងនឹងធ្វើនៅថ្ងៃទី៤ ទី៥ និងទី៦ ខែវិច្ឆិកាឆ្នាំ២០២៥ ខាងមុខនេះ នៅតាមដងទន្លេសាប ទល់មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។
យ៉ាងណា ការរៀបចំប្រារព្ធព្រះរាជពិធីបុណ្យទំនៀមទំលាប់ប្រពៃណីជាតិមួយនេះ នៅតាមបណ្តាខេត្តនានាទូទាំងប្រទេស អាចរៀបចំឡើងបានជាធម្មតា តាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ។
រាជរដ្ឋាភិបាល ក៏ប្រកាសពីការរក្សាថ្ងៃឈប់សម្រាកសម្រាប់បុណ្យជាតិ មួយនេះ នៅដដែល សម្រាប់ប្រជាពលរដ្ឋ កម្មករ និយោជិត និងមន្ត្រីរាជការ ទូទាំងប្រទេស។
បន្ថែមពីនេះ រាជរដ្ឋាភិបាលនៅបន្តយកចិត្តទុកដាក់ និងដាក់បទបញ្ជាឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការបំពេញការងារទាក់ទងទៅនឹង ការថែទាំទំនុកបម្រុងជនភៀសសឹក នៅតាមមូលដ្ឋានរៀងៗខ្លួន ឲ្យបានល្អបំផុត។