ខេត្តព្រះសីហនុ គឺជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ របស់ព្រះរាជាណាចក្រកម្ពុជា មិនថាជាគោលដៅទេសចរណ៍តំបន់ឆ្នេរដ៏ស្រស់ស្អាត តំំបន់ឧស្សាហកម្មចម្រុះ និងកន្លែងទាក់ទាញវិនិយោគិនបរទេស បានយ៉ាងច្រើនក្នុងមួយឆ្នាំៗ។
វិស័យអាកាសចរណ៍ របស់ខេត្តព្រះសីហនុ ក៏កំពុងហាក់មានសន្ទុះកើនឡើងផងដែរ ជាក់ស្តែងសម្រាប់ឆ្នាំ ២០២៥ នេះ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ក៏នឹងភ្ជាប់ជើងហោះហើរអន្តរជាតិ ទៅកាន់ទីក្រុងធំៗចំនួន ៣ របស់ចិន ផងដែរ។ ការតភ្ជាប់នេះ ត្រូវបានជឿជាក់ថា នឹងជម្រុញកំណើនទេសចរណ៍ ក៏ដូចជាវិនិយោគិនបន្ថែម ចូលមកកាន់ខេត្តព្រះសីហនុ មួយកម្រិតទៀត។
ការតភ្ជាប់ ការហោះហើរត្រង់ទៅកាន់ទីក្រុងធំៗទាំង ៣ របស់ចិន មានដូចជា៖
១/ ក្រុមហ៊ុនអាកាសចរណ៍ Ruili Airlines របស់ប្រទេសចិន បានធ្វើការហោះហើរត្រង់ ពីខេត្តព្រះសីហនុ ទៅទីក្រុងគុនមីន ដោយមានចំនួន ២ជើងក្នុងមួយសប្តាហ៍ បានចាប់ផ្តើមនៅថ្ងៃទី២៦ ខែសីហាតទៅ
២/ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia នឹងធ្វើការហោះហើរត្រង់ ពីខេត្តព្រះសីហនុ ទៅទីក្រុងសិនជិន ដោយមានចំនួន ១ជើងក្នុងមួយសប្តាហ៍ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែកញ្ញាតទៅ
៣/ ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines របស់កម្ពុជា នឹងធ្វើការហោះត្រង់ពីខេត្តព្រះសីហនុ ទៅទីក្រុងម៉ាកាវ ដែលមានចំនួន ២ជើងក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី០២ ខែតុលាតទៅ។