មនុស្សទូទៅយល់ថា តែ គឺជាភេសជ្ជៈមួយប្រភេទសម្រាប់ផឹកធម្មតា ឬសម្រាប់តែមនុស្សចាស់ប៉ុណ្ណោះ ហើយគេនិយមផឹកវាជាមួយក្រូចឆ្មារ ទឹកដោះគោ និង Cinnamon -ល- ដើម្បីបង្កើតគុណភាពរសជាតិថែមមួយកម្រិតទៀត។ ប៉ុន្តែបើតាមការស្រាវជ្រាវថ្មីមួយបានបង្ហាញថា អ្នកដែលផឹកតែជាប្រចាំ អាចមានសុខភាពខួរក្បាល ផ្លូវអារម្មណ៍និងការគិតប្រសើរជាងអ្នកមិនផឹកតែ ជាពិសេសប្រសិនបើធៀបជាមួយការវិវត្តវ័យនៃអាយុ។
ជាធម្មតា មនុស្សយើងនៅពេលមានអាយុកាន់តែចាស់ សមត្ថភាពខួរក្បាលនិងការគិត ក៏មានដំណើរការយឺតជាងមុនផងដែរ ប្រៀបដូចជាម៉ាស៊ីនកុំព្យូទ័រដែលប្រើប្រាស់រាប់ឆ្នាំ ហើយដំណើរការកម្មវិធីថ្មីៗអញ្ចឹងដែរ។ មិនត្រូវតែដំណើរការយឺតប៉ុណ្ណោះទេ សូម្បីតែទម្រង់នៃខួរក្បាលក៏មានការវិវត្តឥតឈប់ឈរដែរនៅពេលអាយុកាន់តែច្រើនទៅ ជាក់ស្ដែងលោក Feng Lei ជំនួយការសាស្ត្រាចារ្យនៅនាយកដ្ឋានវេជ្ជសាស្ត្រចិត្តវិទ្យា នៃសកលវិទ្យាល័យជាតិសិង្ហបុរីបានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលដែលគាត់បានពិសោធន៍ទៅលើមនុស្សវ័យចំណាស់អាយុប្រហែល ៦០ ឆ្នាំឬច្រើនជាងនេះ ចំនួន ៣៦ នាក់ចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៨ លោកបានប្រមូលទិន្នន័យខួរក្បាលរបស់ពួកគាត់ ឃើញថាទម្រង់នៃខួរក្បាលរបស់មនុស្សមានការវិវត្តន៍ជាប្រចាំ ពោលវាត្រង់ៗមិនមានភាពស្មុគស្មាញដូចជាខួរក្បាលរបស់ក្មេងទៀតឡើយ។
ទម្រង់នេះបានបង្ហាញថា សមត្ថភាពខួរក្បាល ការគិត សុខភាព និងសុខមាលភាពផ្លូវចិត្ត បានចាប់ផ្ដើមចុះថយបន្ដិចម្ដងៗ។ ផ្ទុយទៅវិញ សម្រាប់មនុស្សចាស់ដែលបានផឹកតែ ៤ ដងក្នុងមួយសប្ដាហ៍ ឬផឹកតែជាប្រចាំអស់រយៈកាល ២៥ ឆ្នាំមកហើយនោះ គេឃើញថាសមត្ថភាពខួរក្បាលការគិត និងការស្រមើស្រមៃរបស់ពួកគាត់មានភាពរេផ្លិចល្អជាង អ្នកដែលមិនផឹកតែប្រមាណ ៥០% ឯណោះ។ គួសបញ្ជាក់ថា ចំពោះតែដែលគេយកមកពិសោធន៍នោះ គឺជាប្រភេទតែបៃតង តែអ៊ូឡុង និងតែខ្មៅ -ល- ព្រោះតែទាំង ៣ មានអត្ថប្រយោជន៍ជាងគេបំផុត។
តាមការពិសោធន៍ខាងលើនេះ គេអាចសន្មត់បានថា អ្នកដែលផឹកតែជាប្រចាំមិនត្រឹមតែជំនួយទៅដល់សុខភាពប៉ុណ្ណោះទេ វាថែមទាំងជួយទៅដល់គុណភាពនៃអារម្មណ៍ បង្កើនសមត្ថភាពនៃការគិត និងជួយបញ្ជៀសនូវជំងឺមួយចំនួនដែលតែងកើតឡើងក្នុងសរសៃឈមទៀតផង។ ម្យ៉ាងវិញទៀត គេក៏ធ្លាប់បានបង្ហាញរួចមកហើយដែរ អំពីការផឹកតែជាប្រចាំ ដើម្បីកាត់បន្ថយជំងឺវង្វេងបែបមនុស្សចាស់បានមួយភាគធំ។ ហេតុនេះហើយ ទើបយើងតែងឃើញមនុស្សចាស់ ជាពិសេសទំនៀមទំលាប់របស់ចិន ជប៉ុន និយមផឹកតែតាំងពីបុរាណមកម្ល៉េះ ហើយតាមការស្រាវជ្រាវផ្សេងទៀត តែ ក៏មានអត្ថប្រយោជន៍កាត់បន្ថយជំងឺបេះដូង ជំងឺពុកធ្មេញពុកឆ្នឹង ជំងឺមហារីក ជួយសម្រកទំងន់ និងកាត់បន្ថយការធ្លាក់គុណភាពនៃការគិតនៅពេលចាស់ទៅផងដែរ។