ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ បានយល់ព្រម និងបានសម្រេច ធ្វើការផ្លាស់ប្ដូរឈ្មោះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឲ្យមានឈ្មោះថ្មីមួយទៀត ទៅជាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តបតាមសំណើររបស់លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នាពេលបច្ចុប្បន្ននេះ។
យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើជូនលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ កន្លងទៅបានធ្វើការបង្ហាញ អំពីការយល់ព្រម និងគាំទ្រក្នុងការផ្លាស់ប្ដូរឈ្មោះរបស់ក្រសួង ថែមទាំងយល់ព្រមឱ្យធ្វើវិសោធនកម្មច្បាប់ទាំងឡាយ និងឯកសារគតិយុត្តទាំងឡាយ ដែលមានការពាក់ព័ន្ធដល់រចនាសម្ព័ន្ធ និងការប្រព្រឹត្តទៅនៃក្រសួងដែលប្តូរឈ្មោះថ្មីនេះផងដែរ។ ជាមួយគ្នានោះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏បានឯកភាពឱ្យបង្កើតនូវអង្គភាពថ្មីៗចំនួន ២ ផ្សេងទៀត គឺអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង វិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលស្មើអគ្គនាយកដ្ឋាន។ ការបង្កើតអង្គភាពទាំងពីរនេះ គឺពុំមានការតម្រូវឱ្យបន្ថែមនូវក្របខណ្ឌរដ្ឋនោះទេ ពោលគឺប្រើប្រាស់ក្របខណ្ឌទាំងឡាយដែលមានស្រាប់ ហើយពាក់ព័ន្ធដល់ការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាល បានណែនាំឱ្យមានកិច្ចប្រជុំអន្តរក្រសួង ជាមួយបណ្តាក្រសួងពាក់ព័ន្ធជុំវិញការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីរចនាសម្ព័ន្ធ អង្គការលេខ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្មីនេះ ដើម្បីដាក់ឆ្លងគណៈរដ្ឋមន្ត្រី។ រាជរដ្ឋាភិបាល ក៏បានណែនាំឱ្យបើកទូលាយឱ្យមានឥស្សរជនសំខាន់ៗ បញ្ញាវន្ត ដែលមានសញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏ដូចជាគំនិតផ្តួចផ្តើមទាំងឡាយ ដែលមានលក្ខណៈនវានុវត្តន៍ និងមន្ត្រីផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រ ចូលមកបម្រើការ ឬផ្ទេរក្របខណ្ឌមន្ត្រីមានបំណងស្ម័គ្រចិត្ត ពីបណ្តាក្រសួងនានា ដែលពាក់ព័ន្ធការងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា មកបម្រើការងារក្នុងអង្គភាពថ្មីទាំងពីរដែលនឹងត្រូវបង្កើតឡើងនោះ។
រាជរដ្ឋាភិបាល ក៏បានណែនាំឱ្យផ្តល់ការងារយកចិត្តទុកដាក់ គាំទ្រ និងបង្កលទ្ធភាពទៅតាមសភាពជាក់ស្តែងនៃតម្រូវការរបស់អង្គភាពទាំងពីរថ្មីនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពីបណ្តាស្ថាប័នពាក់ព័ន្ធទាំងឡាយ ដើម្បីធ្វើឱ្យផ្នែកស្រាវជ្រាវលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងរបកគំហើញផ្សេងៗ (នវានុវត្តន៍) របស់កម្ពុជា ឱ្យទទួលបានប្រសិទ្ធភាព និងទូលំទូលាយក្នុងប្រយោជន៍ជំរុញឱ្យវិស័យវិទ្យាសាស្ត្រមានការរីកចម្រើន និងផ្ទេរបច្ចេកវិទ្យាស្របតាមបរិបថនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤.០ ដែលកម្ពុជាកំពុងដើរទៅរក។ ជុំវិញការផ្លាស់ប្ដូរថ្មីនេះ ក្រសួងផ្ទាល់ ត្រូវរៀបចំអត្ថបទច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ផងដែរ ដោយដាក់ឆ្លងរដ្ឋសភា និងព្រឹទ្ធសភា ក៏ដូចជាដាក់ឆ្លងគណៈរដ្ឋមន្ត្រីពិនិត្យផងដែរ។
ប្រភព៖ ទីស្ដីការគណៈរដ្ឋមន្ត្រី