អាស៊ីគឺជាតំបន់ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតក្នុងពេលបច្ចុប្បន្ននេះ ហើយតំបន់អាស៊ីប៉ាស៊ីហ្វិកក៏ត្រូវបានគេចាត់ទុកថាជាតំបន់ដែលមានពាណិជ្ជកម្មធំជាងគេផងដែរ។ យ៉ាងណាមិញ ការរីកចម្រើននៃប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមិនដូចគ្នាឡើយ ពោលគឺប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ដូចជា សិង្ហបុរី ហុងកុង ជប៉ុន ព្រុយណេ កូរ៉េ និងតៃវ៉ាន់ -ល- ប៉ុន្ដែសម្រាប់ប្រទេសដែលស្ថិតនៅក្នុងដំណាក់កាលកំពុងអភិវឌ្ឍន៍នៅឡើយ មានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ជាដើម។ ដូចនេះសម្រាប់ពាក្យអាស៊ីមួយម៉ាត់ គេមិនអាចប្រាប់អំពីកម្រិតសេដ្ឋកិច្ចបាននោះទេ ប៉ុន្តែគេអាចប្រាប់បានថាប្រទេសភាគច្រើននៅអាស៊ីគឺកំពុងតែត្រូវនិយោគខ្លាំង។ អញ្ចឹងថ្ងៃនេះយើងនឹងមកមើលថា តើប្រទេសណាខ្លះក្នុងតំបន់អាស៊ីយើងដែលយើងនឹងត្រូវវិនិយោគខ្លាំងជាងគេក្នុងឆ្នាំ ២០១៩?
ប្រទេសហ្វីលីពីន
ត្បិតហ្វីលីពីនជាប្រទេសដែលមានផលប៉ះពាល់ច្រើនដោយសារថ្នាំញៀន ប៉ុន្តែគេឃើញហ្វីលីពីនជាប្រទេសដែលមានសេដ្ឋកិច្ចកើនខ្ពស់បំផុតមួយក្នុងតំបន់អាស៊ី។ បើមើលទៅកាលពីប៉ុន្មានទសវត្សមុន ប្រទេសហ្វីលីពីន ជាប្រទេសក្រីក្រី និងបានជួបវិបត្តិនូវបញ្ហាមិនចេះចប់ ទើបតែត្រឹមឆ្នាំ ១៩៩៨ ឡើងមកគេបានកែប្រែប្រទេសយ៉ាងរហ័ស ក្លាយជាប្រទេសទាក់ទាញបំផុតក្នុងការវិនិយោគ។ ឱកាសធំបំផុតពីប្រទេសហ្វីលីពីន គឺប្រជាជនចេះភាសាអង់គ្លេសច្រើន ដែលងាយស្រួលធ្វើការទំនាក់ទំនង ធ្វើការ និងអភិវឌ្ឍន៍បានរហ័ស ជាក់ស្ដែងហ្វីលីពីនបានទាក់ទាញក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Microsoft, Google និងផ្សេងៗទៀតមកធ្វើការវិនិយោគក្នុងប្រទេសនេះដោយគ្មានស្ទាក់ស្ទើរ។ លើសពីនេះអចលទ្រព្យនៅហ្វីលីពីនក៏ស្ថិតនៅក្នុងតម្លៃសមរម្យ និងមានដីកោះច្រើន អាចងាយស្រួលដល់វិនិយោគិនសម្រេចចិត្ត ថែមទាំងមានចំនួនប្រជាជនច្រើនដល់ ១០៥ លាននាក់។
ប្រទេសសិង្ហបុរី
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើង សិង្ហបុរីជាប្រទេសអ្នកមានជាងគេ បើទោះជាមានទឹកដីតូចស្ថិតនៅជ្រោយម៉ាឡាកា ដែលគ្មានធនធានធម្មជាតិប្រើប្រាស់ក៏ដោយ។ ប៉ុន្តែយើងត្រូវដឹងថា តំបន់នោះគឺជាច្រកផ្លូវទឹកយ៉ាងសំខាន់សម្រាប់ពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិច ដែល ២០% នៃផលិតផលប្រេងរបស់ពិភពលោក តែងតែឆ្លងកាត់ពីអាស៊ី ទៅកាន់មជ្ឈិមបូព៌ា តាមច្រកសិង្ហបុរីនេះ។ ក្រៅពីទីតាំងល្អ សិង្ហបុរីមាននូវ ច្បាប់វិនិយោគល្អ, រូបិយវត្ថុមានស្ថេរភាព, ពន្ធទាប, ប្រជាជនមានចំណេះខ្ពង់ខ្ពស់, វិស័យធនាគារល្អ ដែលធ្វើឲ្យប្រទេសនេះ មានអាទិភាពខ្ពស់បំផុតសម្រាប់អ្នកវិនិយោគ។ យ៉ាងណាក៏ដោយ សិង្ហបុរីមិនមានដំទូលាយដូចប្រទេសដទៃនោះទេ ដូចនេះវាជាប្រទេសថ្លៃបំផុតសម្រាប់ការវិនិយោគ ហើយតម្លៃខុនដូក្នុងទីក្រុងនោះ ត្រូវបានគេដាក់លក់ ១៥,០០០ ដុល្លារឯណោះ ក្នុងមួយការ៉េ។
ប្រទេសកម្ពុជា
កម្ពុជា ជាប្រទេសដែលទទួលរកនូវភាពរ៉ាំរៃខ្លាំងជាងគេបំផុតនៅក្នុងតំបន់នេះ ដោយសារសង្គ្រាមដែលបានដរចេញមក រហូតមកដល់ចុងទសវត្ស ៩០។ ជាក់ស្ដែងសេដ្ឋកិច្ចកម្ពុជាធ្លាក់ដល់ចំណុចសូន្យតែម្ដង នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលប្រជាជនទាំងអស់មិនចាយប្រាក់ឡើយ លុះមកដល់ឆ្នាំ ១៩៨១ ទើបប្រាក់រៀលខ្មែរចាប់ផ្ដើមបោះពុម្ពឡើងវិញ ហើយរីកចម្រើនមកដល់សព្វថ្ងៃនេះ ដែលសេដ្ឋកិច្ចកម្ពុជាបានកើនដល់ខ្ទង់ ៧% ជាប់ៗគ្នា។ បច្ចុប្បន្ននេះ វិស័យអចលទ្រព្យក្នុងប្រទេសកម្ពុជាកំពុងរីកចម្រើនខ្លាំងណាស់ ដែលភាគច្រើនកើតចេញពីការវិនិយោគរបស់បរទេស ដូចជាការសាងសង់រោងចក្រ សាងសង់ផ្លូវថ្នល់ ដែលធ្វើអោយតំបន់មួយដីឡើងថ្លៃ និងមានសក្កានុពលកាន់តែខ្ពស់សម្រាប់ក្រុមហ៊ុនដទៃទៀតវិនិយោគជាបន្ដរបន្ទាប់។ ចំពោះតំបន់ដែលទទួលបានការវិនិយោគច្រើនជាងគេគឺទីក្រុងភ្នំពេញ និងព្រះសីហនុ ដែលភ្នំពេញជាតំបន់មានប្រជាជនច្រើនដល់ ២.៥ លាននាក់ នឹងត្រូវគេព្យាករណ៍ថាអាចកើនដល់ ៥ លាននាក់នៅឆ្នាំ ២០៤០ ដោយសារការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់។ ដោយឡែកនៅតំបន់ជាប់សមុទ្រដូចជា ក្រុងព្រះសីហនុ ក៏កំពុងតែរីកចម្រើននៃការវិនិយោគមិនធម្មតាដែរ។
ប្រទេសវៀតណាម
ប្រទេសវៀតណាម ក៏ដូចជាហ្វីលីពីន និងកម្ពុជាដែរ សុទ្ធសឹងជាប្រទេសដែលធ្លាប់ជួបវិបត្តិយ៉ាងច្រើន ប៉ុន្តែពេលនេះក៏ជាប្រទេសមានកំណើនសេដ្ឋកិច្ចខ្ពស់មិនចាញ់កម្ពុជា និងហ្វីលីពីនឡើយ ពោលគឺសេដ្ឋកិច្ចកើនខ្ទង់ ៦% ជារៀងរាល់ឆ្នាំ។ ប្រទេសវៀតណាម កំពុងតែទទួលការវិនិយោគយ៉ាងច្រើនស្ទើរគ្រប់វិស័យទាំងឧស្សាហកម្មធុនតូចធំ ជាពិសេសគឺទាញប្រយោជន៍យ៉ាងខ្លាំងពី ចម្បាំងត្រជាក់រវាងអាមេរិច និងចិន ដោយក្រុមហ៊ុនអាមេរិចចាប់ផ្ដើមងាកមកវៀតណាម ដោយសារតែច្បាប់និងពន្ធល្អជាង និងតម្លៃពលកម្មទាប ថែមទាំងមានជំនាញច្បាស់លាស់មិនចាញ់ចិនទៀតផង។ មិនថាតែក្រុមហ៊ុនអាមេរិចនោះទេ យើងក៏ឃើញមានក្រុមហ៊ុនធំៗដូចជា Nike, Samsung និងក្រុមហ៊ុនចិនមួយចំនួនទៀត ក៏មានរោងចក្រចូលមកដល់វៀតណាមដែរ បើធៀបនឹងប្រទេសថៃ ឥណ្ឌូនេស៊ី ឬហ្វីលីពីន វៀតណាមមានទីផ្សារល្អជាង ក្នុងការវិនិយោគរោងចក្រ ដែលគេយល់ថាឆ្នាំ ២០១៩ នេះមិនទាន់ឃើញប្រទេសណាមានជម្រើសល្អជាងវៀតណាមនោះទេ។
ប្រទេសម៉ាឡេស៊ី
ប្រទេសម៉ាឡេស៊ី ក៏ស្ថិតនៅក្នុងជ្រោយម៉ាឡាកាផងដែរ មិនខុសពីសិង្ហបុរីនោះទេ ដែលជាទីតាំងល្អបំផុតមួយសម្រាប់ការវិនិយោគ ហើយចំពោះឱកាសដទៃទៀតក៏ម៉ាឡេស៊ីមានមិនចាញ់សិង្ហបុរីដែរ។ អ្វីដែលម៉ាឡេស៊ីមានឱកាសច្រើនជាង គឺតម្លៃដីថោកជាង ហើយចំនួនប្រជាជនដែលបច្ចុប្បន្ន ៣០ លាននាក់ ដោយគេព្យាករណ៍ថាអាចឡើងដល់ ៤៥ លាននៅឆ្នាំ ២០៥០។ ម៉ាឡេស៊ី កំពុងទទួលការវិនិយោគច្រើនទៅលើខុនដូ ដែលមានតម្លៃសមរម្យធៀបនឹងសិង្ហបុរី ត្រឹមតែ ៤,០០០ ដុល្លារប៉ុណ្ណោះក្នុងមួយការ៉េ ទាបជាងទីក្រុងមួយចំនួននៃប្រទេសថៃ និងឥណ្ឌូនេស៊ីទៅទៀត។ អតិភាពបន្ថែមទៀត នៃប្រទេសម៉ាឡេស៊ី សម្រាប់វិនិយោគក្នុងឆ្នាំ ២០១៩ នោះគឺការទំលាក់តម្លៃនៃរូបិយវត្ថុ, កត្ដាប្រជាសាស្ត្រល្អ, វិស័យអប់រំក៏ទៅតាមស្តង់ដារនៃក្រុមហ៊ុនធំៗផងដែរ។