ដូចដែលយើងគ្រប់គ្នាបានដឹងរួចមកហើយថា “បច្ចេកវិទ្យា” គឺជាផ្នែកមួយដើរតួយ៉ាងសំខាន់នៅក្នុងការរស់នៅរបស់មនុស្សយើង នៅពេលបច្ចុប្បន្ន ហើយវាក៏ជាផ្នែកមួយ ដែលមានការវិវត្តខ្លួន បានលឿនជាងគេ និងឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ របស់គ្រប់យ៉ាងដែលមនុស្សយើងប្រើ គ្រប់ទីកន្លែង ដែលយើងទៅ សុទ្ធតែពឹងផ្អែកទៅលើបច្ចេកវិទ្យាទាំងអស់។
សម្រាប់អត្ថបទនេះ គេហទំព័រ Cambodia Property Report របស់យើង នឹងលើកយកគុណប្រយោជន៍មួយចំនួន នៃ AI (Artificial Intelligence) របស់បច្ចេកវិទ្យា ប្រើនៅក្នុងប្រព័ន្ធអប់រំ។ AI (Artificial Intelligence) ឬយើងអាចប្រែជាភាសាខ្មែរយើងថា “ប្រព័ន្ធវៃឆ្លាត សិប្បនិម្មិត” ឬ “ប្រព័ន្ធបញ្ជាដោយស្វ័យប្រវត្តិ របស់ម៉ាស៊ីន” ជាប្រព័ន្ធនៃការគិត ដែលកើតឡើងពីការយកគម្រូតាម ទម្រង់ប្រាជ្ញារបស់មនុស្ស ដោយវានឹងត្រូវបញ្ជា និងគ្រប់គ្រងដោយប្រព័ន្ធកុំព្យូទ័រ។
សម្រាប់ទៅលើប្រព័ន្ធអប់រំ AI មានគុណប្រយោជន៍មួយចំនួនធំដូចជាៈ
1. តួនាទីរបស់ AI នៅក្នុងប្រព័ន្ធអប់រំ
AI គឺជាប្រធានបទដ៏ធំ នៅក្នុងការពិភាក្សា។ ចំណេះដឹងដែល AI មានភាគច្រើន បានមកពីខ្សែភាពយន្តវិទ្យាសាស្រ្ត បទពិសោធន៍នៃការរស់នៅ និងដោះស្រាយបញ្ហារបស់មនុស្ស កម្រងឯកសារយោងជាច្រើន ក៏ដូចជារួមផ្សំជាមួយនឹងរបកគំហើញថ្មីៗរបស់វិទ្យាសាស្ត្រផងដែរ។ នៅពេលដែល AI ចាប់ផ្តើមត្រូវបានគេយកមកប្រើប្រាស់ ជាពិសេសនៅក្នុងវិស័យអប់រំនោះ វាបានផ្លាស់ប្តូរបទពិសោធន៍ថ្មី នៅក្នុងការបង្រៀនរបស់គ្រូ ក៏ដូចជាបែបផែន នៃការសិក្សា របស់សិស្សានុសិស្សឲ្យបានកាន់តែងាយស្រួលតាមបែបបច្ចេកវិទ្យាផងដែរ។ ក្រៅពីការសិក្សាតាមសៀវភៅ និងឯកសារយោងមួយចំនួន សិស្សអាចឃើញការអនុវត្តមេរៀនទាំងនោះ តាមរយៈ Internet មិនតែប៉ុណ្ណោះ AI ក្នុងជួយផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រង ឬប្រព័ន្ធរដ្ឋបាន នៅក្នុងវិទ្យាសា្ថនអប់រំ ឬសាលាផ្សេងៗបានដោយស្វ័យប្រវត្តិទៀតផង។ វាកាន់តែងាយស្រួល លឿន និងកាត់បន្ថយកំហុសដោយអចេតនាផងដែរ។
2. តួនាទីរបស់ AI នៅក្នុងការគ្រប់គ្រងរដ្ឋបាល
AI អាចជួយក្នុងប្រព័ន្ធរដ្ឋបាលរបស់ស្ថាប័ននានាបាន ទៅលើផ្នែកមួយចំនួនដូចជាៈ ការចុះឈ្មោះចូលរៀន/លុបឈ្មោះ, ការបែងចែកវគ្គនិងមុខវិជ្ជាសម្រាប់សិក្សា, ការបែងចែកថ្នាក់និងបន្ទប់រៀន, ការបង់ថ្លៃការសិក្សា/បង់ពន្ធ ជាដើម។ គេជ្រើសរើស AI នៅក្នុងប្រព័ន្ធរដ្ឋបាលនេះ ព្រោះវាទាមទារតិចតួចណាស់ ដោយគ្រាន់តែតម្រូវឲ្យមនុស្ស (ប្រតិបត្តិករ) វាយបញ្ចូលតួលេខចូលទៅតាមតារាងដែលបានចែករួចទៅ បន្ទាប់មក AI នឹងរៀបចំចាត់ចែងទៅតាមមុខងារនីមួយៗរបស់វាតែម្តង។
ចំណុចដែលសំខាន់នោះ គឺ AI មិនត្រូវការចំណាយច្រើនឡើយ វាធ្វើការបានត្រឹមត្រូវលឿន កាត់បន្ថយហានិភ័យនៅក្នុងប្រព័ន្ធ និងពិសេសនោះ គឺរក្សាទិន្ន័ន័យមិនឲ្យបាត់បង់ ជាមួយនឹងប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុត។
3. តួនាទីរបស់ AI នៅក្នុងការគ្រប់គ្រង និងជំនួយទៅលើការសិក្សា/អប់រំ
នៅក្នុងផ្នែកនេះ AI ក៏បានដើរតួយ៉ាងសំខាន់ដែរទៅលើការគ្រប់គ្រងមនុស្ស (គ្រូបង្រៀន/ជំនួយការ/និងបុគ្គលិកក្នុងស្ថាប័ន) ទាំងការចំណាយទៅលើគ្រឿងប្រើប្រាស់ផ្សេងៗ និងប្រាក់បៀវត្សន៍ជាដើម។ ក្រៅពីនេះ AI ក៏ជាប្រព័ន្ធស្វ័យប្រវត្តិ សម្រាប់ជំនួយក្នុងការអប់រំ និងការសិក្សាទៀតផង។ វាអាចចែករំលែក និងផ្តល់លទ្ធភាពឲ្យសិស្ស រុករកមាតិកាមេរៀនជាច្រើន តាមអ៊ីនធើណេត វីដេអូនៃការអនុវត្ត និងរូបភាពនៃមេរៀនផ្សេងៗផងដែរ។ សូម្បីតែការធ្វើតេស្តក្នុងពេលបច្ចុប្បន្នក៏មានជាការតេស្តនៅលើប្រព័ន្ធអ៊ីនធើណេត តាមរយៈកុំព្យូទ័រ ស្មាតហ្វូន ថេប្លេត ឬគ្រឿងអេឡិចត្រូនិចដែរ។ លើសពីនេះ ប្រព័ន្ធឆ្លាតវៃនេះ ក៏បានលើកទឹកចិត្តសិស្សអាចធ្វើការរៀនសូត្របានដោយខ្លួនឯង ជាមួយនឹងការណែនាំផ្សេងៗ ហើយសម្រាប់គ្រូវិញក៏អាចរៀបចំឯកសារ និងវិធីសាស្ត្រក្នុងការបង្រៀនជាមុន ការដាក់ការងារឲ្យសិស្សធ្វើ តាមរយៈ AI នេះដែរ។
សរុបជារួមទៅ AI ពិតជាដើរតួនាទីសំខាន់ៗជាគោលច្រើនណាស់ នៅក្នុងវិស័យអប់រំដូចដែលបានរៀបរាប់នៅផ្នែកខាងលើ ហើយសម្រាប់ ថ្ងៃអនាគតទៅ AI នឹងកាត់បន្ថយពេលវេលាមួយចំនួន នៃការរៀនសូត្រនៅក្នុងសាលារៀន ដែលអាចនឹងឲ្យមានការបង្រៀន និងរៀនតាមរយៈអនឡាញ បានកាន់តែច្រើន ព្រោះវាត្រូវបានគេជឿជាក់ថា វាចំណេញពេលវេលា ឲ្យប្រព័ន្ធអប់រំ នឹងកាន់តែមានប្រសិទ្ធភាពផងដែរ។