ដំបូលអគារ ដាំបន្លែធំជាងគេបំផុតលើពិភពលោក បើកដំណើរការជាផ្លូវការហើយ

កាណាដា៖ ការដាំដំណាំ អាចធ្វើឡើងនៅតាមវិធីសាស្ត្រផ្សេងៗគ្នា អាស្រ័យទៅលើបរិស្ថាន និងបែបបទនៃការរស់នៅ។ ភាគច្រើន យើងឃើញមានការដាំនៅតាមចំការ ជាលក្ខណៈអាជីវកម្ម ការដាំនៅតាមផ្ទះជាលក្ខណគ្រួសារជាដើម តែឈានមកដល់សម័យថ្មីនេះ ការដាំដុះនឹងកាន់តែទំនើប ហើយនៅពេលនេះពិភពលោក កំពុងចាប់ផ្ដើមនាំយកដំណាំ បន្លែផ្លែឈើ មកដាំនៅខាងក្នុង និងខាងលើនៃអគារម្ដង ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងតំបន់។

ក្នុងទីក្រុង Montreal (ម៉ុងត្រេអាល់) ដែលជាទីក្រុងធំទី ២ របស់ប្រទេសកាណាដា បានសម្ភោធបើកឱ្យដំណើរការនូវដំបូលអគារទំនើប និងធំជាងគេមួយ ដែលដាំបន្លែនៅជាន់ខាងលើនៃអគារ (Green House) បានបំបែកកំណត់ត្រាពិភពលោកថ្មី ជាអគារធំជាងគេបំផុត ដែលមានដាំបន្លែនៅផ្ទៃខាងលើ ធំជាងគេបំផុតក្នុងពិភពលោក នាពេលបច្ចុប្បន្ន។ អគារដំបូលបៃតងនេះ មានឈ្មោះហៅជាផ្លូវការថា Lufa Farms មានទំហំផ្ទៃក្រឡាសរុបសម្រាប់ដាំដំណាំ ១៥០,០០០ ម៉ែត្រក្រឡា ឬស្មើនឹងតារាងបាល់ទាត់ចំនួន ៣ បញ្ចូលគ្នា នៃទំហំអគារទាំងមូល។

អគារសំណង់ដាំដុះដំណាំនេះ គឺជាអគារទី៤ ហើយ ដែលត្រូវបានបើកឱ្យដំណើរការ ដោយអគារទី១ ត្រូវបានចាប់ផ្ដើមចាប់តាំងពីឆ្នាំ ២០១១ មកម្លេះ ហើយទទួលបានប្រជាប្រិយភាពខ្ពស់ អំពីគុណភាព ដែលទទួលទានមិនប៉ះពាល់សុខភាព ពីសំណាក់ប្រជាជនក្នុងតំបន់។ Lufa Farms នៅគ្រប់ជាន់មានដាំបន្លែជាច្រើនប្រភេទ តែដំបូលខាងលើត្រូវបើកសម្ភោធឱ្យដំណើរការក្នុងខែសីហា ដែលដាំប៉េងប៉ោះ និងត្រប់វែង ក្រោមការមើលថែដោយមនុស្ស និងផ្នែកវិទ្យសាស្ត្រ សម្រាប់រដូវក្ដៅ ខណៈរដូវរងារ នឹងបិទវិញ ឬដាំបន្លែផ្សេងៗទៀត តាមដែលអាចធ្វើទៅបាន។

ការបើកសម្ភោធដំបូលខាងលើនេះ ត្រូវបានចំនាយពេល ១ ឆ្នាំ ក្នុងការសាងសង់ និងបំពាក់គ្រឿង ឧបករណ៍សំខាន់ៗ ជុំវិញការដាំដុះ ដែលមានលទ្ធភាពផ្គត់ផ្គង់ទៅដល់តម្រូវការទីផ្សារក្នុងតំបន់បាន ក្រោមការគាំទ្រពីសំណាក់ប្រជាជនក្នុងតំបន់។ ពលរដ្ឋនៅតំបន់នោះ ក៏អាចស្វែងរកទិញផលិតផល បន្លែស្រស់ៗ នៅតាមផ្សារទំនើបបានផងដែរ ស្ថិតក្នុងតម្លៃសមរម្យ។ នាពេលអនាគត ក្រុមហ៊ុនដ៏ធំមួយនេះ អាចនឹងចាប់ផ្ដើមពង្រីកទីផ្សាររបស់ខ្លួន ឬសាងសង់អគារបន្ថែម ជុំវិញការដាំបន្លែជាច្រើននេះ ស្របពេលតម្រូវការទីផ្សារចាប់ផ្ដើមកើនឡើងបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា Lufa Farms ត្រូវបានចាប់កំណើតឡើងតាំងពីឆ្នាំ ២០០៩ មកម្លេះ ក្រោមគំនិតផ្ដួចផ្ដើមរវាងប្ដីប្រពន្ធពីរនាក់គឺលោក Mohamed Hage និងលោកស្រី Lauren Rathmell មកពីសហរដ្ឋអាមេរិក។ អគារទី ៤ ក្នុងទីក្រុង Montreal មួយនេះ មានលទ្ធភាពដាំដុះដំណាំច្រើនជាង ១០០ មុខ ដែលជួយឱ្យក្រុមហ៊ុនកសិកម្មក្នុងស្រុក អាចផលិតបន្លែបានជាង ១១,៣៤០ គីឡូក្រាមក្នុងមួយសប្ដាហ៍ ជាផលិតផលគ្មានសារធាតុគីមី ដែលប៉ះពាល់ទៅដល់សុខភាព ពិសេសជួយកាត់បន្ថយឧស្ម័នពុល ផ្ទាំងកញ្ចក់ ជាមូលហេតុធ្វើឱ្យកើនឡើងនូវកម្ដៅរបស់ផែនដីថែមទៀតផង៕