គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត អាចឱ្យរថយន្តធ្វើដំណើរដល់ល្បឿន ១២០/គ.ម ក្នុង១ម៉ោង

ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿន ដែលធ្វើការតភ្ជាប់រាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត ត្រូវបានសិក្សា និងបានបង្ហាញរបាយការណ៍ជូនថ្នាក់ដឹកនាំ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗកន្លងទៅនេះ ដែលនឹងផ្សាភ្ជាប់ទំនាក់ទំនងកម្ពុជា និងវៀតណាម កាន់តែប្រសើរជាងមុន។

ប្រភពព័ត៌មានផ្លូវការ ចេញផ្សាយដោយក្រសួង បានឱ្យដឹងថា តាមរយៈរបាយការណ៍សិក្សា គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត របស់ក្រុមហ៊ុន China Railway International Group Co., Ltd. មានចំនួន ៣ ជម្រើស។ ក្នុងនោះ ផ្អែកតាមទីតាំងភូមិសាស្ត្រ និងផលប៉ះពាល់ ផ្លូវនេះអាចរចនាឡើងក្នុងល្បឿនលឿនបំផុតត្រឹម ១២០ គ.ម ក្នុងមួយម៉ោង ស្របតាមអនុស្សរណៈយោគយល់រវាងកម្ពុជា និងវៀតណាម។

ជុំវិញការពិនិត្យមើល កិច្ចសួរដេញដោល ការផ្ដល់មតិយោបល់ និងសាកសួរ ឯកឧត្តម សូរ វិចទ័រ រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា “ក្រសួងក៏ដូចជារាជរដ្ឋាភិបាលត្រូវការសិក្សាពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយលើជម្រើសផ្លូវទាំង ៣ នេះ មុននឹងធ្វើការសម្រេចថាតើត្រូវជ្រើសរើសយកជម្រើសផ្លូវមួយណា”។ ជាពិសេស ក្រសួងក៏កំពុងរង់ចំាលទ្ធផលរបាយការណ៍សិក្សាផ្នែកហិរញ្ញវត្ថុពីក្រុមហ៊ុននៅពាក់កណ្ដាលខែតុលា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីយកជាមូលដ្ឋានក្នុងការសម្រេចចិត្ត។

ឯកឧត្តមបានបន្តថា “ការជ្រើសរើសយកជម្រើសណាមួយនោះត្រូវផ្ដោតជាសំខាន់លើក្របខណ្ឌនៃផលប៉ះពាល់សង្គម សេដ្ឋកិច្ច និងថវិកាសម្រាប់សាងសង់”។ ទោះបីជាយ៉ាងណាក៏ដោយ គម្រោងនេះក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវធ្វើការដោះស្រាយ ដែលតម្រូវឱ្យការបើកជាកិច្ចប្រជុំប្រចាំខែ ក្រោមការចូលរួមពីស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការពិនិត្យ វឌ្ឍនភាពនៃគម្រោងធំមួយនេះ។ គួរបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានប្រវែងសរុបជាង ១៣៥ គីឡូម៉ែត្រ ដោយចេញពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល ព្រៃវែង និងស្វាយរៀង ឆ្ពោះទៅទីក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។

 

 

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន