កម្ពុជារៀបចំហេដ្ឋារចនាសម្ព័ន្ធច្រកព្រំដែន បើកទូលាយដល់កិច្ចការពាណិជ្ជកម្ម និងប្រព័ន្ធភស្តុភារកម្ម!

ប្រទេសកម្ពុជាបាននិងកំពុងព្យាយាមធ្វើទំនើបកម្មពង្រឹងហេដ្ឋារចនាសម្ព័ន្ធលើវិស័យដឹកជញ្ជូនពហុមធ្យោបាយ រួមមាន ផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស ព្រមទាំងបាននិងកំពុងពង្រីកវិសាលភាពនេះពាណិជ្ជកម្មតាមច្រកព្រំដែន ជាពិសេសជាមួយប្រទេសថៃ និងវៀតណាម តាមច្រករបៀងសេដ្ឋកិច្ចសំខាន់ៗទៅកាន់ទីក្រុងហិរញ្ញវត្ថុនៃប្រទេសនីមួយៗ ក្នុងគោលបំណងបើកទូលាយដល់កិច្ចការពាណិជ្ជកម្ម និងធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធភស្ដុភារកម្មនៅកម្ពុជា។ 

សម្រាប់ខេត្តស្វាយរៀង កម្ពុជាបានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធច្រកព្រំដែនព្រៃវល្លិ៍ ស្ថិតនៅភាគខាងត្បូង សម្រាប់ជួយដោះស្រាយនូវបញ្ហាកកស្ទះចរាចរណ៍នៅច្រកព្រំដែនបាវិត-ម៉ុកបៃ ជាមួយភាគីវៀតណាម។ បើតាមប្រសាសន៍ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ច្រកព្រំដែននេះនឹងត្រូវចរចាជាមួយភាគីវៀតណាមឲ្យបើកដំណើរការបណ្ដោះអាសន្ននៅពេលខាងមុខ ដែលនឹងបើកលទ្ធភាពដល់ការដឹកជញ្ជូនយ៉ាងមានប្រសិទ្ធភាព។

ដោយឡែក នៅខេត្តបន្ទាយមានជ័យវិញ កម្ពុជាបានសហការជាមួយរាជរដ្ឋាភិបាលថៃ ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន ដែលគម្រោងនេះនឹងបញ្ចប់នៅរយៈពេល ២០ ខែខាងមុខ ប៉ុន្តែបើតាមឯកឧត្តម ស៊ុន ចាន់ថុល កម្ពុជាបានដាក់សំណើរជាមួយភាគីថៃក្នុងការបើកច្រកព្រំដែននេះជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ និងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅច្រកក្រុងប៉ោយប៉ែត-ខ្លងឡឹក។

ឯកឧត្តម បានបញ្ជាក់ថា ការបើកច្រកព្រំដែនរវាងប្រទេសកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម ខាងលើនេះ នឹងបង្កើនកាលានុវត្តភាពដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ការបង្កើតការងារ ក៏ដូចជាការសម្រេចឲ្យបាននូវចក្ខុវិស័យអាស៊ាន ដែលតភ្ជាប់ប្រទេសនៅតំបន់អាស៊ានទាំងមូល (ASEAN Connectivity)។ 

លើសពីនេះទៀត ការបើកទូលាយច្រកព្រំដែនប្រទេសទាំង២ នឹងជួយជំរុញកម្ពុជា ទទួលគម្រោងវិនិយោគលើភស្ដុភារកម្មកាន់តែប្រសើរឡើង ទៅជាមជ្ឈមណ្ឌលឃ្លាំងស្ដុកទំនិញរបស់ប្រទេសជិតខាងដូចជាថៃ ឡាវ វៀតណាម និងភូមាជាដើម ដោយហេតុថាកម្ពុជាស្ថិតនៅភូមិសាស្ត្រដ៏អំណោយផល និងអាចជាច្រកដ៏សំខាន់នៃការភ្ជាប់ការដឹកជញ្ជូនទំនិញរវាងប្រទេសថៃ-កម្ពុជា-វៀតណាម។

ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា គម្រោងរៀបចំកម្ពុជាឲ្យទៅជាមជ្ឈមណ្ឌលភស្ដុភារកម្មសម្រាប់ប្រទេសជិតខាង នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងដើម្បីសម្រេចនូវចក្ខុវិស័យអភិវឌ្ឍន៍កម្ពុជាឲ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ 

ដើម្បីសម្រេចនូវគោលដៅនេះ កម្ពុជាកំពុងរៀបចំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមាន៖ 

១. ការរៀបចំច្រកព្រំដែនថ្មី ព្រៃវល្លិ៍ ខេត្តស្វាយរៀង

២. ការសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

៣. រៀបចំហេដ្ឋារចនាសម្ព័ន្ធច្រកព្រំដែនស្ទឹងបត់-បានណងអៀន ខេត្តបន្ទាយមានជ័យ

៤. គម្រោងធ្វើឲ្យប្រសើរឡើងវិញនូវផ្លូវជាតិលេខ៥

៥. ចំណែកផ្លូវទឹកវិញ កម្ពុជាកំពុងពង្រីកកំពង់ផែទឹកជ្រៅ និងកំពង់ផែពហុបំណងខេត្តព្រះសីហនុ និងកំពុងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដើម្បីការដឹកជញ្ជូនទំនិញរហ័សដូចគ្នា។