ភាពជាអ្នកដឹកនាំ មិនមែនពឹងផ្អែកតែទៅលើចំនេះដឹង ចរឹក ចរិយា ឬមាយាទប៉ុណ្ណោះទេ តែក្នុងនាមជាមេដឹកនាំ ឬថ្នាក់ដឹកនាំល្អម្នាក់ បុគ្គលនោះត្រូវមានជំនាញពិសេស ក្នុងការគ្រប់គ្រមមនុស្ស យល់ដឹងទុក្ខធុរៈ នាចំណុចជាច្រើនផ្សេងៗទៀត។ ខាងក្រោមនេះ គឺជាការចែករំលែកចំនេះដឹង និងយោបល់ខ្លះៗទាំង ៩ ចំណុច ដែលត្រូវបានចែករំលែកសម្រាប់មហាជន យកទៅពិចារណា និងអនុវត្ត ចេញពីបុគ្គលឆ្នើម ដែលទទួលបានជោគជ័យក្នុងអាជីពការងារ។
១. កំណត់កាលវិភាគ សម្រាប់ខ្លួនឯងជារៀងរាល់ថ្ងៃ
តាមការបញ្ជាក់របស់លោក Beth Lawrence ជា CEO នៃក្រុមហ៊ុន Beth Lawrence Meetings & Events បានបង្ហើបឱ្យដឹងថា “ជារៀងរាល់ថ្ងៃ អ្វីដែលខ្ញុំតែងតែធ្វើសម្រាប់ខ្លួនឯង គឺផ្ដល់ពេលវេលាផ្ទាល់ខ្លួន ដោយដកខ្លួនចេញពីការងារ និងអាជីវកម្ម”។ គាត់បានលើកឡើងដូច្នេះថា “ខ្ញុំរកឃើញថា នៅពេលខ្ញុំចំនាយពេលប្រមាណ ១ ម៉ោង សម្រាប់ខ្លួនឯង ដូចជាហាត់ប្រាណ ដើរ អានសៀវភៅ ហាត់ Yoga នៅពេលព្រឹក ឬបន្ទាប់ពីម៉ោងបាយថ្ងៃត្រង់រួច វាធ្វើឱ្យខ្ញុំផ្ដោតជាមួយការងារ បានកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពជាងមុន ក្នុងនាមជាអ្នកដឹកនាំរបស់ក្រុមហ៊ុន”។
២. កុំគិតថាសារក្នុងប្រអប់គ្មានប្រយោជន៍
បច្ចុប្បន្នកិច្ចប្រជុំសំខាន់ៗនៅបរទេសធ្វើឡើងតាមរយៈអនឡាញ តាមកម្មវិធីផ្សេងៗគ្នាដូចជា Zoom ជាដើម ក្នុងនោះការទំនាក់ទំនង សេចក្ដីស្នើសុំ ភាគច្រើនធ្វើឡើងតាមប្រអប់សារទំនាក់ទំនង ដូចជាតាម Email ជាដើម។ តាមរយៈនេះលោក Holly Koenig ជា CEO និងនាយិការនៃក្រុមហ៊ុន New York Society of Association Executive បានបង្ហើបឱ្យដឹងថា “វាអាចមានឱកាសនៅក្នុងប្រអប់សារ ដូចជាការស្នើសុំ ឬថ្ងៃចុងក្រោយនៃការបំពេញការងារ ឬបេសកកម្មជាដើម។ ដូច្នេះយើងអាចផ្ញើសារនោះតទៅកាន់បុគ្គលិកនៅក្នុងក្រុមហ៊ុន ដើម្បីប្រាប់ព័ត៌មាននោះទៅដល់ពួកគេ ថាអ្នកកំពុងបំពេញការងារអ្វី ហើយអ្នកអាចចំនាយពេលវេលាសម្រាប់ការងារនោះ ហើយបុគ្គលិកក៏ដឹងថាអ្នកកំពុងជាប់រវល់ជាមួយការងារសំខាន់ ដោយពួកគេមិនចាំបាច់សាកសួរថា តើអាចសុំជួប ឬបើកកិច្ចប្រជុំឬក៏អត់នោះទេ”។
៣. ការចាប់ផ្ដើមដោយភាពទន់ភ្លន់ និងស្ងប់ស្ងាត់
“មនុស្សទូទៅក្រោកពីគេង តែងតែប្រញ៉ាប់ប្រញ៉ាល់រៀបចំខ្លួន ទទួលទានអាហារ ធ្វើដំណើរទៅការិយាល័យ ជជែកគ្នាពីនេះពីនោះ នៅពេលសំរាកជាដើម តែពួកគេពុំបានចំនាយពេលសម្រាប់ខ្លួនឯងនោះឡើយ”។ នេះជាការលើកឡើងរបស់លោកស្រី Stacy Caprio ស្ថាបិកនៃក្រុមហ៊ុន Her.CEO។ លោកស្រីបានបង្ហើបឱ្យដឹងទៀតថា “អ្វីដែលធ្វើឱ្យអ្នកដឹកនាំឃ្លាតឆ្ងាយពីគេ គឺនាង ឬគាត់ចំនាយពេល ១០ នាទី ឬច្រើនជាងនេះ ជារៀងរាល់ថ្ងៃសម្រាប់ខ្លួនឯង នៅកន្លែងស្ងប់ស្ងាត់ សម្រាប់គិតពិចារណាសម្រាប់បច្ចុប្បន្ន និងទៅអនាគត។ ការពិចារណា និងរៀបចំគំរោង គឺផ្ដល់ឱ្យពួកគេនូវឱកាសក្នុងការគិតមុនដៃគូប្រកួតប្រជែង និងអាចរៀបចំគំរោងការសម្រាប់អនាគតកាន់តែប្រសើរ”។
៤. សកម្មក្នុងការងារ និងស្ដាប់ជារៀងរាល់ថ្ងៃ
លោក Chan Steiner ជា CEO នៃក្រុមហ៊ុន Creduful បានបង្ហើបឱ្យដឹងថា “ខ្ញុំតែងតែស្ដាំមតិយោបល់របស់និយោជិត ជុំវិញការកែសម្រួល ការស្នើសុំ ឬធ្វើឱ្យប្រសើរនៃប្រតិបត្តិការងារ ជារៀងរាល់ថ្ងៃ ហើយយកមតិយោបល់ទាំងនោះ ទៅកែសំរួន ដែលធ្វើឱ្យបុគ្គលិក មានអារម្មណ៍ថា មានការយកចិត្តទុកដាក់ ពិសេសធ្វើឱ្យបុគ្គលិកផ្ដោតទៅលើការងារ និងមានគំនិតល្អៗបន្ថែមទៀត បើពុំដូច្នោះទេ ការងារនៅកន្លែងនោះ នឹងចុះខ្សោយឡើងៗ”។
៥. ដឹងថាអ្វីដែលខ្លួនចង់បាន
“វាពិតជាសំខាន់ខ្លាំងណាស់ ក្នុងការដឹងអំពីគោលបំណងខ្លួនឯង ស្រដៀងទៅនឹងសេចក្ដីប្រាថ្នាខ្លួនឯងផងដែរ។ ហេតុនេះអ្នកត្រូវមានហេតុផលច្បាស់លាស់ថា ហេតុអ្វីបានជាសេចក្ដីប្រាថ្នារបស់អ្នក ត្រូវតែកើតមានឡើង”។ នេះគឺជាលើឡើងរបស់លោក Chelsea Hunt-Rivera ស្ថាបនិកក្រុមហ៊ុន Honest Paws។ លោកបានបន្ថែមទៀតថា “ពេលអ្នកដឹងច្បាស់អំពីគោលបំណងខ្លួនឯង វាគឺជាទិសដៅដ៏សំខាន់សម្រាប់ដឹកដៃអ្នកជារៀងរាល់ថ្ងៃ ដូច្នេះរាល់សកម្មភាព ការប្រកួតប្រជែងប្រចាំថ្ងៃរបស់អ្នក នោះអ្នកនឹងមានវិធីសាស្ត្រក្នុងការរុញច្រានខ្លួនឯងឱ្យបន្តដំណើរទៅមុខ ជាមួយសេចក្ដីក្លាហាន មានរឹមម៉ាំ ជឿជាក់ ដើម្បីឈានដល់ការសម្រេចគោលដៅ ក្នុងនាមជាថ្នាក់ដឹកនាំម្នាក់ដ៏ល្អ”។
៦. តែងតែតាមដានព័ត៌មានជាប្រចាំ
“ខ្ញុំតែងតែតាមដានព័ត៌មានសំខាន់ៗនៅរៀងរាល់ព្រឹក និងរាល់ល្ងាច។ ខ្ញុំត្រូវប្រមូលព័ត៌មានសំខាន់ៗ ក្នុង និងក្រៅស្រុក ដើម្បីត្រៀមខ្លួនរួចរាល់ ជុំវិញបញ្ហាប្រឈមនានា ពិសេសបញ្ហាក្នុងស្រុក ដែលធ្វើឱ្យខ្ញុំក្លាយទៅជា CEO ល្អម្នាក់” នេះបើយោងតាមការលើកឡើងរបស់លោក Allan Borch ស្ថាបនិកក្រុមហ៊ុន DotcomDollar.com។ លោកបានបន្ថែមទៀតថា “ដោយដឹងអំពីតម្រូវការបច្ចុប្បន្ន ខ្ញុំអាចដឹងថាតើអតិថិជនរបស់ខ្លួនចង់បានអ្វី ហើយមានអ្វីសម្រាប់ផ្ដល់ឱ្យពួកគេ។ ធ្វើបែបនេះក៏ពង្រឹងឱ្យក្រុមហ៊ុនរបស់ខ្លួនមានចក្ខុវិស័យវែងឆ្ងាយ ដើម្បីធានាថាសកម្មភាពអាជីវកម្មនឹងបន្តទៅមុខដោយជោគជ័យ ដោយក្នុងនាមជា CEO អ្នកត្រូវប្រាកដថា ក្រុមហ៊ុនរបស់អ្នកត្រូវបទបែនតាមកាលៈទេសៈនៃឧស្សាហកម្មសម័យថ្មី”។
៧. ត្រៀមលក្ខណៈរួចជាស្រេចជារៀងរាល់ថ្ងៃ
“ការដឹងអំពីខ្លួនឯង និងអោនលំទោន គឺជាអាវុធដ៏សំខាន់ និងជាឥរិយាបថដ៏ប្រពៃ ដែលធ្វើឱ្យអ្នកដឹកនាំបង្កើនសមត្ថភាពខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃ”។ នេះបើយោងតាមការលើកឡើងរបស់លោក Albert Less ស្ថាបនិកនៃក្រុមហ៊ុន Home Living Lab។ លោកបានបន្ថែមទៀតថា “យើងត្រូវស្វែងរកចំណុចអវិជ្ជមាន និងពង្រឹងចំណុចនោះឱ្យប្រសើរ ដោយត្រូវសម្រេចថា តើវិធីសាស្ត្របែបណា ដែលអាចឱ្យអ្នករីកចំរើន និងអភិវឌ្ឍន៍ខ្លួនឯងប្រសើរជាងគេ។ ងាយស្រួលណាស់សម្រាប់ការវាយតម្លៃអ្នកដ៏ទៃ តែនៅពេលវាយតម្លៃខ្លួនឯងគឺជារឿងពិបាក ហើយយើងខ្លួនឯងកម្រនឹងសារភាពចំពោះខ្លួនឯងថា បានធ្វើខុសនោះដែរ។ ជាអ្នកដឹកនាំល្អម្នាក់ គឺមិនដើរទៅរកផ្លូវខុសម្ដងហើយម្ដងទៀតនោះទេ”។
៨. និយាយពាក្យថា “អរគុណ”
“ក្នុងនាមជាអ្នកដឹកនាំ អ្នកត្រូវស្វែងយល់អំពីបុគ្គលិកជារៀងរាល់ថ្ងៃ ហើយអ្នកគួរតែលើកកម្លាំងចិត្ត ឬផ្ដល់ជាយោបល់ឱ្យពួកគេ ដោយសមរម្យ។ អ្វីដែលស្រួលបំផុតនោះគឺនិយាយពាក្យថា “អរគុណ” ឬ “ការងារល្អ” ឬ “ធ្វើបានល្អ” ជាការផ្ដល់កម្លាំងចិត្តសម្រាប់ការបំពេញការងាររបស់ពួកគេ ហើយក៏ជាការកសាងនូវវប្បធម៌ល្អនៅក្នុងស្ថាប័នធ្វើការផងដែរ ដែលអ្នកដឹកនាំត្រូវតែអភិវឌ្ឍន៍ខ្លួនឯង”។ នេះគឺជាការលើកឡើងរបស់លោក Dan Nolan ស្ថាបនិក និងជាអ្នកអភិវឌ្ឍន៍គេហទំព័រ នៃក្រុមហ៊ុន Camping Console។ លោកបានគូសបញ្ជាក់ថា “អ្វីដែលធ្វើឱ្យមនុស្សជុំវិញខ្លួនយើងបាត់បង់នូវទំនុកចិត្ត និងការខិតខំប្រឹងប្រែង គឺធ្វើឱ្យពួកគេមានអារម្មណ៍ថាមិនល្អ ហើយមិនត្រូវបានកោតសរសើរ”។
៩. មើលទៅថ្ងៃមុនសម្រាប់ឱកាស
“នៅចុងម៉ោងនៃថ្ងៃនីមួយៗ ខ្ញុំតែងតែធ្វើការវាយតម្លៃនៃកិច្ចការងាររបស់ខ្ញុំ។ ហើយខ្ញុំមានប្រព័ន្ធក្នុងការសរសេរនូវសកម្មភាពរបស់ខ្ញុំ ជុំវិញសកម្មភាពវិជ្ជមាន សកម្មភាពដែលត្រូវពង្រឹងបន្ថែម និងផ្ដោតសំខាន់ទៅលើការងារចុងក្រោយដែលសំខាន់ជាងគេ” នេះគឺជាលើកឡើងរបស់លោក Daniel Mogensen ស្ថាបនិកក្រុមហ៊ុន Kodyl។ លោកបានបន្ថែមថា “ខ្ញុំព្យាយាមសរសេរចំណុចយ៉ាងច្រើនតាមដែលអាចធ្វើទៅបាន ហើយមើលឡើងវិញថាតើចំណុចសំខាន់មួយណា ដែលខ្ញុំត្រូវសិក្សាអំពីវា ឬពង្រឹងបន្ថែមជាដើម”។
ខាងលើនេះគឺសុទ្ធសឹងជាការចែករំលែកនូវបទពិសោធន៍ល្អៗក្នុងជីវិត អ្នកអាជីពអ្នកធ្វើការសម្រាប់ប្រិយមិត្តអ្នកអានទាំងអស់ បើទោះបីជាមានតែផ្នែកខ្លះ មិនបានទាំងអស់ក៏ដោយ តែ ៩ ចំណុចខាងលើ គឺអាចគួបផ្សំ និងបើកផ្លូវឱ្យអ្នកពង្រឹងសមត្ថភាពរបស់ខ្លួនឯងចាប់ពីឥឡូវនេះតទៅ។ វាគឺជាកូនសោរ ដ៏សំខាន់សម្រាប់ការរស់នៅប្រចាំថ្ងៃ និងពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាអ្នកដឹកនាំដ៏ល្អម្នាក់ សម្រាប់បុគ្គលិកថ្នាក់ក្រោមៗ៕