National Geographic បញ្ជាក់ថាភពផែនដីមានមហាសមុទ្រទី៥ ស្ថិតនៅអត្តគោលខាងត្បូង!

យើងទាំងអស់គ្នាបានរៀនភូមិវិទ្យាតាំងពីបឋមសិក្សាដោយទន្ទិញយ៉ាងរត់មាត់ថា លើពិភពលោកមានទ្វីបចំនួន ៧ និងមហាសមុទ្រចំនួន ៤ រួមមាន៖ មហាសមុទ្រប៉ាស៊ីហ្វិច, មហាសមុទ្រអាត្លង់ទិច, មហាសមុទ្រឥណ្ឌា, និងមហាសមុទ្រអាកទិច។ ប៉ុន្តែមកទល់ពេលនេះ ទស្សនាវដ្ដីភូមិសាស្ត្រ National Geographic បានបង្ហាញអំពីមហាសមុទ្រទី៥ ដោយគេដាក់ឈ្មោះថា Southern Ocean ស្ថិតនៅព័ទ្ធជុំវិញទ្វីបទឹកកកអង់តាកទិច អត្តគោលខាងត្បូង។ 

លោក Alex Tait អ្នកជំនាញភូមិសាស្ត្រនៃទស្សនាវដ្ដី National Geographic បានបង្ហាញថា យោងតាមផែនទីពិភពលោកពីមុន យើងមានមហាសមុទ្រតែ ៤ ប៉ុណ្ណោះ ហើយអ្នកវិទ្យាសាស្ត្រពុំទាន់បានបែងចែកនូវមហាសមុទ្រដែលស្ថិតនៅអត្តគោលខាងត្បូង ទ្វីបអង់តាកទិចច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែតាមរយៈការសិក្សាក្រោយៗមក មហាសមុទ្រ Southern Ocean មានលក្ខណៈសម្បត្តិខុសពីមហាសមុទ្រទាំង ៤ ដទៃទៀត ដែលគេអាចធ្វើបច្ចុប្បន្នភាពលើផែនទីមហាសមុទ្រពិភពលោកបាន តាមរយៈការគូសបន្ថែមផែនទីមហាសមុទ្រទី៥ ថ្មីគឺ Southern Ocean នេះ។ 

លោកបានបញ្ជាក់ថា Southern Ocean គឺជាមហាសមុទ្រដែលព័ទ្ធទៅដោយទ្វីបទឹកកកអង់តាកទិច ដូចនេះកម្រិតសីតុណ្ហភាពទឹក និងកម្រិតអំបិលក្នុងមហាសមុទ្រមានបរិមាណទាប ហើយមានកម្រិតអុកស៊ីសែននិងក្លរ៉ូភីលច្រើន ដោយសារតែមានការរលាយនៃផ្ទាំងទឹកកកនៅតំបន់ប៉ូលនោះ ហើយលក្ខណៈសម្បត្តិរបស់វាខុសស្រឡះពីមហាសមុទ្រទាំង ៣ ដែលស្ថិតនៅជាប់ខ្សែបន្ទាត់អេក្វាទ័រ ព្រោះមហាសមុទ្រទាំង ៣ នោះមានកម្រិតជាតិប្រៃខ្ពស់ សីតុណ្ហភាពខ្ពស់ និងអុកស៊ីសែនទាប។ ដូចនេះហើយ ទើបនៅមហាសមុទ្រ Southern Ocean នៃទ្វីបអង់តាកទិច មានប្រភេទសត្វសមុទ្រកម្រដែលអាចរស់នៅតំបន់នោះបាន ដូចជា៖ ត្រីបាឡែន Minke whales, ឆ្មាត្រី Seals, សត្វផេនឃ្វីន (penguins) ហើយមានប្រភេទត្រី និងសត្វស្លាបជាច្រើនប្រភេទទៀត ដែលពួកវាមិនអាចរស់នៅមហាសមុទ្រផ្សេងបាន។ 

បច្ចុប្បន្ននេះ មហាសមុទ្រ Southern Ocean ត្រូវបានដាក់ឈ្មោះ និងស្ថិតនៅក្នុងផែនទីរបស់ National Geographic កាលពីថ្ងៃទី០៨ ខែមិថុនា (ទិវាមហាសមុទ្រពិភពលោក) ប៉ុន្តែមិនទាន់បញ្ចូលក្នុងផែនទីពិភពលោកប្រើប្រាស់ជាផ្លូវការនៅឡើយទេ។ លោក Alex Tait បង្ហាញថា ការដាក់ឈ្មោះមហាសមុទ្រគឺមានលក្ខណៈខុសស្រឡះពីការដាក់ឈ្មោះប្រទេស ដោយការដាក់ឈ្មោះប្រទេសត្រូវផ្អែកទៅលើភូមិសាស្ត្រនយោបាយ ឧទាហរណ៍ ប្រទេសឆេកូស្លូវ៉ាគី (Czechoslovakia) ត្រូវបានបំបែកទៅជាប្រទេសស្លូវ៉ាគី (Slovakia) និងសាធារណរដ្ឋឆែក (Czech Republic) ក្រោយភូមិសាស្ត្រនយោបាយប្រែប្រួល។ ផ្ទុយទៅវិញ ការដាក់ឈ្មោះមហាសមុទ្រ ត្រូវផ្អែកទៅលើបម្រែបម្រួលរបស់ភពផែនដី និងការសិក្សាស្រាវជ្រាវថ្មីៗ ដោយយកឈ្មោះអត្តគោលខាងត្បូងនៃភពផែនដី ហើយរង្វាស់នៃផែនទីត្រូវបានគូសដោយក្នុង Latitude ៦០ ដឺក្រេ ដែលមានព្រំប្រទល់ជាប់ទ្វីបអូស្ត្រាលី មហាសមុទ្រប៉ាស៊ីហ្វិច, មហាសមុទ្រអាត្លង់ទិចខាងត្បូង, និងមហាសមុទ្រឥណ្ឌា។