ក្រុមស្ថាបត្យករ Pritzer Architecture កាលពីពេលថ្មីៗកន្លងទៅនេះ បានបង្ហាញជាផ្លូវការ ស្នាដៃដ៏អស្ចារ្យមួយរបស់ខ្លួន នៃលទ្ធផលបង្កើតបានជាអគារប្លែកកម្រនឹងបានឃើញ និងជួបប្រទះពីមុនមក ដោយស្រោបខ្លួនខាងក្រោយដោយលោហៈ Stainless Steel និងមានរចនាបទប្លែក ស្ថិតនៅភាគខាងត្បូង នៃប្រទេសបារាំង។
អគារ ដែលមានឈ្មោះហៅជាផ្លូវការថា The Luma Arles មានទីតាំងស្ថិតនៅក្នុងទីប្រជុំជន Arles ប្រទេសបារាំង ដោយរចនាបទអគារនេះ ត្រូវបានគូសវាស និងរចនាឡើងដោយ ស្ថាបត្យករមកពីប្រទេសរ៉ូម (Roman)។ អគារប្លែកមួយនេះ មានកម្ពស់សរុប ៥៦ ម៉ែត្រ មានបន្ទះលោហៈ Stainless Steel នៅជុំវិញ ប្រៀបបានដូចជាដុំឥដ្ឋរៀបផ្គុំបញ្ចូលគ្នា ផ្សារភ្ជាប់ទៅនឹងអគារថ្មនៅផ្នែកខាងក្រោយមួយផ្សេងទៀត។ នៅផ្នែកខាងក្រោមជាអគារ មានរវាងរង្វង់ការពារដោយកកញ្ចក់ ជាអតីតស្ថានីយ៍រត់ភ្លើង តែត្រូវបានបោះបង់ចោលនាឆ្នាំ ១៩៨៦ រួចបានកែច្នៃឡើងវិញថ្មី។
លោក Gehry ស្ថាបត្យករ នៃការឌីហ្សាញអគារនេះឡើងបានប្រាប់ឱ្យដឹងអំពីផ្នត់គំនិតជាច្រើន នៅពីក្រោយការសាងសង់អគារនេះថា ការបង្កើតអគារនេះឡើងគឺដើម្បីធ្វើការចាប់យកនូវចលនា នៃធាតុដាច់ពីគ្នានៅលើផ្ទៃមួយ ដោយនៅលើផ្ទៃលោហៈចំនួន ១១,០០០ ដុំនោះ អាចឱ្យយើងមើលឃើញអ្វីមួយនៅទីនោះ ហើយបានក្លាយជាប្រធានបទដ៏សំខាន់មួយ ក្នុងការអភិវឌ្ឍផ្ទៃអគារ ព្រោះវាក៏ជាការពង្រឹងបន្ថែមនៃគំនិតក្នុងការលាបពណ៌ថ្នាំរបស់អគារ។ អគារនេះនឹងក្លាយជាទីកន្លែងប្រវត្តិសាស្ត្រ ដែលជួយមុខមាត់ ទៅដល់ទីប្រជុំជន Arles ឱ្យល្បីល្បាញទៅកាន់ពិភពលោក។
សាងសង់ឡើងនៅលើផ្ទៃដីប្រមាណ ១៥,០០០ ម៉ែត្រការ៉េ រចនាបទនៃផ្នែកខាងក្នុងអគារ The Luma Arles គឺជាទីកន្លែងប្រមូលផ្ដុំស្នាដៃសិល្បៈល្អៗ សម្រាប់ធ្វើការដាក់តាំង និងចែករំលែកទៅដល់អ្នកចូលទស្សនា។ អគារនេះ មានទីធ្លាសម្រាប់ប្រារព្ធការតាំងពិព័រណ៍ បណ្ណាល័យ ការិយាល័យការងារ ហាងកាហ្វេ អាហារដ្ឋាន ជាដើម។ ដោយសារតែអគារនេះ ស្រោបដោយលោហៈ Stainless Steel វាផ្លាសប្ដូរពណ៌ទៅតាមពន្លឺព្រះអាទិត្យ ហើយនៅពេលរសៀល ឬថ្ងៃលិច អគារនេះប្រែពណ៌ទៅជាពណ៌មាស ដ៏ស្រស់ស្អាត និងមានពន្លឺប្រដេញគ្នា។
The Luma Arles ចាប់ផ្ដើមបើកស្វាគមន៍ភ្ញៀវជាផ្លូវការហើយ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នេះ បើទោះបីជាស្ថានការណ៍លើផ្ទៃប្រទេសបារាំងនៅមិនទាន់ធូស្បើយនៅឡើយក្ដី។ អគារនេះច្នៃប្រឌិតថ្មី នៅលើអគារចាស់ ជាអតីតស្ថានីយ៍រត់ភ្លើងនេះ រំពឹងថានឹងទាក់ទាញភ្ញៀវបានកាន់តែច្រើន ឱ្យចូលមកទស្សនា ស្នាដៃសិល្បៈប្លែកៗ និងអស្ចារ្យជាច្រើន ពិសេសគឺការប្រារព្ធពិធីតាំងពិពណ៌ខ្នាតអន្តរជាតិ នៅពេលដែលជំងឺកូវីដ ១៩ ត្រូវបានបញ្ចប់៕