ភពផែនដីកំពុងតែប្រែប្រួលយ៉ាងឆាប់រហ័ស ដោយអាកាសធាតុកាន់តែក្ដៅឡើងៗ គ្រោះធម្មជាតិកើតមានឡើងកាន់តែធ្ងន់ធ្ងរ កម្ពស់ទឹកសមុទ្រហក់ឡើងជាបន្តបន្ទាប់ ធ្វើឱ្យអនាគតវែងឆ្ងាយរបស់ភពផែនដីយើងនេះ ស្ថិតក្នុងគ្រោះហានិភ័យសម្រាប់មនុស្សជំនាន់ក្រោយ។ ស្ថិតក្នុងដំណាក់កាលបម្រែបម្រួលនេះ ការផ្លាស់ប្ដូរ និងឆ្លើយតបត្រូវបានបង្កើតឡើងច្រើនរូបភាព ហើយក្នុងនោះសំណង់ស្ថាបត្យកម្មមួយនេះ កំពុងមានការចាប់អារម្មណ៍ខ្លាំងពីមហាជន ព្រោះនឹងនាំយកមនុស្សទៅក្នុងពិភពបៃតងនៃធម្មជាតិ។
ជួបជាមួយនឹងគម្រោងសំណង់ Living in the Noom ដែលត្រូវបានបង្កើតឡើងក្រោមស្នាដៃរបស់ក្រុមស្ថាបត្យករ Sanzpont Arquitectura មានទីស្នាក់ការស្ថិតនៅប្រទេសម៉ិចស៊ីកូ (Mexico) ដោយនាំមនុស្សទៅកាន់ពិភពបៃតង នៃធម្មជាតិដ៏ត្រកាល នៅក្នុងសំណង់អគារមានរចនាបទប្លែក សាកសមសម្រាប់មនុស្សសម័យថ្មី។ អគារនេះ មានគោលដៅផ្សាភ្ជាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សជាតិ ទៅកាន់តែជិតជាមួយនឹងធម្មជាតិ ព្រោះថាការហ៊ុំព័ទ្ធទៅដោយរុក្ខជាតិបៃតងពុំគ្រប់គ្រាន់នោះទេ។
រចនាបទនៃអគារ ដែលមានជាកំណាត់ឬស្ស៊ីឆ្នូតៗឡើងទៅលើ រំលេចចេញជារូបរាងនៃអគារ ដោយបង្កប់មកជាមួយរុក្ខជាតិបៃតងនៅជុំវិញ ផ្ដល់នូវផាសុខភាព ភាពស្រស់ស្រាយ បរិយាកាសដ៏ល្អសម្រាប់ខ្យល់ធម្មជាតិ គឺជាមធ្យោបាយដ៏ល្អក្នុងការនាំមនុស្សទៅកាន់ធម្មជាតិ បណ្ដុះគំនិតឱ្យស្រលាញ់ធម្មជាតិ ឱ្យកាន់តែច្រើន ខណៈផែនដីកំពុងបាត់បត់ព្រៃឈើ និងរុក្ខជាតិបៃតងយ៉ាងច្រើន។ នៅខាងក្នុងជាសំណង់អគារលោហៈមានកម្ពស់ ៤ ជាន់ ដោយអាចធ្វើជាលំនៅឋាន ការិយាល័យការងារ ក្លឹបហាត់ប្រាណ និងជាច្រើនផ្សេងទៀត។
នៅផ្នែកខាងលើ ជាកន្លែងស្រូបយកខ្យល់អាកាស និងភ្ជាប់មកជាមួយផ្ទាំងសូឡា អាចផលិតថាមពលអគ្គសនី ដើម្បីផ្គត់ផ្គង់ទៅដល់សេចក្ដីត្រូវការរបស់អគារ។ តាមការបញ្ជាក់របស់ក្រុមស្ថាបត្យករ នៃការបង្កើតគម្រោងមួយនេះ គឺធ្វើយ៉ាងណាឱ្យ ៧០% នៃសំណង់អគារ ផ្សាភ្ជាប់ទៅនឹងធម្មជាតិបៃតង ជួយកាត់បន្ថយកម្ដៅបានយ៉ាងល្អ ធ្វើឱ្យការរស់នៅត្រជាក់ និងមានផាសុខភាព។ សម្រាប់ផ្នែកខាងក្រោមមានអាងហែលទឹក សួនច្បារ ដើមឈើរតូចធំ ចំណតរថយន្ត ហាងលក់ទំនិញ អាហារដ្ឋាន និងជាច្រើនផ្សេងទៀត ដោយគម្រោងនេះគឺប្រមូលផ្ដុំបង្កើតជាសហគមន៍បៃតងមួយ ឆ្លើយតបទៅនឹងការកើនឡើងនៃកម្ដៅរបស់ផែនដី។
អគារប្រភេទនេះ នឹងត្រូវបង្កើតឡើងជាបណ្ដុំអាចមានចាប់ពី ៣ អគារឡើងទៅ ៥ អគារ នៅក្នុងមួយប្លុក ដោយក្នុងមួយជាន់ៗមានទំហំ ៦០ ទៅ ១២០ ម៉ែត្រក្រឡា អាស្រ័យទៅលើទំហំនៃការសាងសង់។ សំណង់ប្រភេទនេះ ល្អបំផុតសម្រាប់ការរស់នៅ ដោយអាចជ្រើសរើសបន្ទប់គេងទៅតាមចំនួនសមាជិកគ្រួសារចាប់ពី ១ ទៅ ៣ បន្ទាប់គេង។ គម្រោង Living In The Noom នេះ បានឈ្នះពានរង្វាន់ A’Design Award ក្នុងឆ្នាំ ២០២១ នេះផងដែរ ដោយបាននាំមកនូវគំនិតច្នៃប្រឌិតល្អៗ អាចឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុរបស់ភពផែនដី៕