អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត ឬហៅថា «បាកាណ» ដើម្បីពង្រឹងតួប្រាង្គឱ្យរឹងមាំឡើងវិញ។ លោក ហួន សុខជាតិ វិស្វករ និងជាមន្រ្តីបច្ចេកទេសនាយកដ្ឋាន អភិរក្សប្រាសាទក្នុង ឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថាប្រាង្គបាកាណ មានការរំកិលថ្មចេញពីទីតាំងដើមខ្លះៗតាមចំណុចជ្រុង។
ការរំកិលថ្មនេះគឺដោយសារកត្តាធម្មជាតិ ដូចជា ទឹកភ្លៀងបានហូរច្រោះកម្ទេចដី និងថ្មតូចៗចូលក្នុង ចន្លោះថ្ម ឫសរុក្ខជាតិដុះហែក រួមទាំង អាយុកាល នៃប្រាសាទជាហេតុធ្វើឱ្យថ្មបាយក្រៀមនៅផ្នែកខាងក្នុង តួប្រាង្គពុកផុយ បណ្ដាលឱ្យទម្ងន់ទាំងស្រុងសង្កត់ មកលើថ្មភក់ស្រទាប់ខាងក្រៅបាក់បែក និងរំកិល ចេញ។ លោក ឃាម មុនី អ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាង្គបាកាណ ឱ្យដឹងថា ក្រុមការងារបានជួស ជុលនៅ ជ្រុងនិរតីតាំងពីខែវិច្ឆិកា ឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់នៅខែមីនាឬខែមេសា ឆ្នាំ២០២២ ខាងមុខ។ ការជួសជុលនេះធ្វើឡើងស្របនឹងធម្មនុញ្ញអង្គរ និងមានការត្រួតពិនិត្យបច្ចេកទេសយ៉ាងហ្មត់ ចត់បំផុត។ ប្រាង្គបាកាណនេះ ធ្លាប់ទទួលបានការជួសជុលម្ដងមកហើយកាលពីអំឡុងទសវត្សឆ្នាំ ១៩៣០៕