តើវាអាចទៅរួចដែរឬទេ ក្នុងការសាងសង់អគារ Skyscraper មួយដែលអាចអណ្ដែតបាននៅលើលំហរអាកាស? គំនិតមួយនេះត្រូវបានលើកឡើង ដោយក្រុមហ៊ុនស្ថាបត្យកម្មល្បីឈ្មោះមួយគឺ Cloud Architecture ដែលជាក្រុមហ៊ុន រចនាគម្រោងស្ថាបត្យកម្មបែបអនាគត (Futuristic) ដូចជាស្ថាបត្យកម្មនៅលើលំហរ ការសាងសង់ប៉ម នៅលើភពព្រះអង្គារ និងអគារអណ្ដែតជាដើម។ ជាក់ស្ដែងដូចជា គម្រោង Asteroid Skyscraper នេះអញ្ចឹង ដែលត្រូវបានដាក់បង្ហាញតាំងពីឆ្នាំ 2017 មកម្ល៉េះ ជាមួយនឹងសំណើរសាងសង់ អគារបញ្ឈរមួយ ដែលមានឈ្មោះថា Analemma Tower ដែលអាចបណ្ដែតខ្លួន នៅលើលំហរអាកាស ជុំវិញភពផែនដីបាន។
លទ្ធិភាពដែលអាចធ្វើទៅបាន សម្រាប់គម្រោងមួយនេះ ត្រូវបានក្រុមហ៊ុនស្ថាបត្យកម្ម Cloud Architecture ពន្យល់ថា ដើម្បីសម្រេចគម្រោង ការសាងសង់អគារមួយនេះបាន គេត្រូវបែងចែងជាដំណាក់កាលសំខាន់ៗ ផ្សេងគ្នា។ ដោយដំណាក់កាលដំបូង គេត្រូវមានដុំអាចម៍ផ្កាយមួយ ដែលអាចគោចរនៅវិញគន្លងផែនដី បន្ទាប់មកដុំអាចម៍ផ្កាយនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះ នៃការចាប់ផ្ដើមសាងសង់តែម្ដង តាមរយៈតភ្ជាប់ខ្សែកាបទំហំធំ ពីដុំអាចម៍ផ្កាយ រួចបង្ហូតចុះក្រោមដែលមានប្រវែង 35,754 គីឡូម៉ែត្រ។
នៅដំណាក់កាលបន្ទាប់ គេនឹងសាងសង់បំណែក នៃអគារនេះនៅលើផែនដីជាមុនសិន បន្ទាប់មកបំណែកនៃ អគារទាំងអស់នោះនឹងត្រូវ ដឹកជញ្ជូនទៅកាន់លំហរអាកាស ដើម្បីផ្គុំចូលគ្នា ជាមួយនឹងខ្សែកាប ដែលបានភ្ជាប់ទៅនឹងដុំអាចម៍ផ្កាយនោះ។ តែយ៉ាងណាមិញ ការដឹកជញ្ជូនបំណែកអគារ ទៅសាងសង់នៅលើលំហរអាកាសបែបនេះ ក៏នឹងមានផលពិបាកខ្លាំងផងដែរ ដោយ Cloud Architecture ផ្ទាល់បានពន្យល់ថា ដោយសារដុំអាចម៍ផ្កាយ ដែលគោចរនៅជុំវិញ គន្លងរបស់ផែនដី នឹងមិនស្ថិតនៅ កន្លែងតែមួយនោះទេ គឺវានឹងអណ្ដែងជុំវិញផែនដីតែម្ដង។ ដូច្នេះស្ថាបត្យករ នឹងជ្រើសរើសយកទីតាំងដែលសមស្របមួយគឺ ទីក្រុងឌូបៃដែលនឹងក្លាយជា ការដ្ឋានសាងសង់អគារ ដែលមានកម្ពស់ 37 គីឡូម៉ែត្រពីដីសិន បន្ទាប់ពីសាងសង់រួច គឺនឹងតភ្ជាប់ជាមួយនឹង ដុំអាចម៍នៅលើលំហរអាកាសតែម្ដង។
ដោយឡែក បើយើងក្រឡេកមើលអំពីការរចនាអគារ Analemma Tower នេះវិញ ត្រូវបានបែងចែងជាថ្នាក់ៗ សំខាន់ៗ ទៅតាមប្រភេទមុខងារប្រើប្រាស់ ដូចជានៅថ្នាក់ក្រោម ជាកន្លែងសម្រាប់ហាងលក់ទំនិញ និងភោជនីយ៍ដ្ឋាន។ នៅថ្នាក់បន្ទាប់ គឺជាកន្លែងសម្រាប់ការិយាល័យ និងនៅថ្នាក់បន្ទាប់ទៀត គឺជាកន្លែងសម្រាប់ឧទ្យាន និងកសិកម្ម ហើយនៅថ្នាក់បន្ទាប់ទៀត គឺជាលំនៅដ្ឋាន សម្រាប់ការរស់នៅតែម្ដង។ តែសរុបមក យើងនៅមិនទាន់ដឹងថា គម្រោងមួយនេះ នឹងអាចលេចចេញជារូបរាង បាននៅពេលណានោះទេ។ ដោយបច្ចុប្បន្ន ក្រុមហ៊ុនស្ថាបត្យកម្ម Cloud Architecture ផ្ទាល់កំពុងតែសិក្សា បន្ថែមទាក់ទងនៅគម្រោងមួយនេះ។