សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តដំណើរទៅមុខ ដោយមិនដឹងថាថ្ងៃណាសង្គ្រាមនឹងបញ្ចប់ ហើយពេលណាសុខសន្តិភាព នឹងផ្ដល់ជូនប្រទេសអ៊ុយក្រែន ឡើងវិញនោះទេ។ ដោយសារតែបញ្ហានេះ បានទាញឱ្យសេដ្ឋកិច្ច ប្រទេសអ៊ុយក្រែន ធ្លាក់ចុះយ៉ាងខ្លាំង ដោយត្រឹមតែ ៣ ខែ ដើមឆ្នាំ២០២២ ការធ្លាក់ចុះមានរហូតដល់ទៅ ១៥% ឯណោះ។
លទ្ធផលបូកសរុប ធ្វើឡើងកាលពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ បានបង្ហាញថា ការធ្លាក់ចុះនៃសេដ្ឋកិច្ច របស់អ៊ុយក្រែន ដោយសារតែបញ្ហាសង្គ្រាម ដែលបានផ្ទុះឡើង កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ បានធ្វើឱ្យសេដ្ឋកិច្ចប្រទេសនេះធ្លាក់ចុះ ឬទទួលការខាតបង់គិតជាភាគរយប្រមាណ ១៥%។ លទ្ធផលធ្លាក់ចុះនេះ គឺជាការបូកសរុបលទ្ធផល និងការខូចខាតជាក់ស្ដែង ក្នុងត្រីមាសទី១ ពីទីភ្នាក់ងារស្ថិតិរដ្ឋ របស់អ៊ុយក្រែនផ្ទាល់។
ទន្ទឹមនឹងការខាតបង់ យ៉ាងច្រើនសន្ធឹកសន្ធាប់នោះ មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា (IMF) កំពុងព្យាករណ៍អំពីការធ្លាក់ចុះ នៃផលិតផលក្នុងស្រុក សរុបរបស់អ៊ុយក្រែន ថានឹងថមថយដល់ទៅ ៣៥%។ ដោយឡែក តាមការបញ្ជាក់របស់លោក Sergiy Marchenko រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ របស់អ៊ុយក្រែនផ្ទាល់បានបញ្ជាក់ថា ផលិតផលក្នុងស្រុកទាំងអស់ នឹងធ្លាក់ចុះចន្លោះចាប់ពី ៤៥% ទៅ ៥០% ឯណោះ ពេញមួយឆ្នាំ២០២២ នេះ ដោយសារតែវិបត្តិសង្គ្រាម។
ជុំវិញបញ្ហានេះ សេដ្ឋកិច្ចរបស់អ៊ុយក្រែន នឹងនៅតែបន្តខាតបង់ ពីមួយថ្ងៃទៅមួយថ្ងៃ ខណៈប្រជាពលរដ្ឋពុំទទួលបាន សិទ្ធិសេរីភាពពេញលេញ និងត្រូវបង្ខំខ្លួន ចាកចេញពីលំនៅដ្ឋាន និងប្រទេសជាតិរបស់ខ្លួនជាបន្តបន្ទាប់។ ក្នុងនោះធនាគារកណ្ដាល របស់អ៊ុយក្រែន ធ្លាប់បានព្រមានផងដែឬថា អតិផរណានៅក្នុងប្រទេសអាចកើនឡើង ដល់ទៅ ២០% នាចុងឆ្នាំ២០២២ ខាងមុខ ដែលនឹងធ្វើឱ្យការរស់នៅ មានសម្ពាធជាទម្ងន់ សូម្បីតែអត្រាការប្រាក់ តាមតាមរយៈកម្ចីធនាគារ ក៏កើនឡើងពី ១០% ឡើងទៅ ២៥% ផងដែរ។
គួររំលឹកផងដែរថា គិតត្រឹមតែពាក់កណ្ដាលខែមីនា ឆ្នាំ២០២២ កន្លងទៅ ការខូចខាត ចំពោះហេដ្ឋារចនាសម្ព័ន្ធ បានរងផលខូចខាត ដោយពុំរាប់បញ្ចូល ការខូចខាតផ្សេងទៀត របស់អ៊ុយក្រែន មានច្រើនជាង ១០០ ពាន់លានដុល្លារទៅហើយ។ ការខូចខាតនោះ បើគិតមកដល់ខែមិថុនា ឆ្នាំ២០២២ នេះ ត្រូវបានព្យាករណ៍ថាមានចន្លោះ ចាប់ពី ៥៦៤ ពាន់លានដុល្លារ រហូតដល់ទៅ ៦០០ ពាន់លានដុល្លារហើយ ដោយចំនួននោះ មានច្រើនជាងកម្រិត GDP របស់អ៊ុយក្រែនផ្ទាល់ ដល់ទៅ ៤ដងឯណោះ។ បញ្ហានេះ នៅពេលបញ្ចប់សង្គ្រាម, អ៊ុយក្រែន នឹងត្រូវកសាងប្រទេស ឡើងវិញយ៉ាងលំបាក!