សត្វភេកម្រ “ស៊ូម៉ាត្រា” ត្រូវបានរកឃើញ រស់នៅជុំវិញតំបន់ព្រៃលិចទឹក នៃបឹងទន្លេសាបកម្ពុជា


កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ អង្គការ Wonders of the Mekong បានរាយការណ៍ថា នៅតំបន់ព្រៃលិចទឹក នៃបឹងទន្លេសាប ត្រូវបានគេប្រទះឃើញ ថនិកសត្វដ៏កម្រ ដែលជាប្រភេទសត្វភេស៊ូម៉ាត្រា (Lutra Sumatrana) ឬមានឈ្មោះម្យ៉ាងទៀតហៅថា Hairy-nosed otter ដែលមានន័យថា “ភេរោមច្រមុះ”។ សត្វភេប្រភេទនេះ មានលក្ខណៈខុសពី ថនិកសត្វភេដទៃ ត្រង់មានច្រមុះរលោង មានសំណើម និងគ្របដោយរោមវែងៗ ដូចពុកមាត់។ ម្យ៉ាងវិញទៀត សត្វភេប្រភេទនេះ វាមានរោមខ្លួនខ្មៅរលោង ខុសពីរោមខ្លួនសត្វភេដទៃ ដែលមានពណ៌ប្រផេះ។

យោងតាមអង្គការ IUCN បានឲ្យដឹងថា សត្វភេប្រភេទនេះ ក៏ជាសត្វកម្របំផុត ក្នុងចំណោមសត្វភេទាំង ១៣ ប្រភេទផ្សេងទៀត ដែលមាននៅលើពិភពលោកផងដែរ។ បច្ចុប្បន្នអង្គការ IUCN បានដាក់បញ្ជូល សត្វភេប្រភេទ ក្នុងបញ្ជីក្រហមថា ជាសត្វជិតផុតពូជ និងចំនួនមាននិន្នាការថយចុះផងដែរ។ ក្នុងជាក់ស្ដែង កាលពីក្នុងឆ្នាំ ១៩៩៨ សត្វភេប្រភេទនេះ ត្រូវបានគេគិតថា ផុតពូជទៅហើយ ចាប់តាំងពីពួកវា មិនត្រូវបានគេប្រទះឃើញ នៅក្នុងព្រៃអស់រយៈពេល ជាច្រើនឆ្នាំកន្លងមក។

ម្យ៉ាងវិញទៀត ពួកវាមានវត្ដមាន តែក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះ ហើយគ្មាននៅកន្លែងណាផ្សេងទៀតទេ ក្នុងពិភពលោក។ ពពួកសត្វភេស៊ូម៉ាត្រា ឬសត្វភេខ្មៅនេះ ជាធម្មតាចូលចិត្ដ រស់នៅរាយប៉ាយ តែក្នុងចំនួនតិចក្បាល និងនៅក្បែរប្រភពទឹកប៉ុណ្ណោះ ហើយនៅក្នុងប្រទេសកម្ពុជា គេបានកំណត់អត្តសញ្ញាណ សត្វភេស៊ូម៉ាត្រា ឬសត្វភេខ្មៅថា នៅជុំវិញតំបន់ព្រៃលិចទឹក នៃបឹងទន្លេសាប។