វៀតណាមនឹងចាប់ផ្តើម ដាក់កំហិតលើការផលិត និងការនាំចូលយានយន្ត ប្រើប្រាស់ឥន្ធនៈដែលអាច បំភាយឧស្ម័នកាបូន ចាប់ពីឆ្នាំ 2040 ខាងមុខតទៅ នេះបើយោងតាមកម្មវិធី របស់រដ្ឋាភិបាល ស្តីពីការផ្លាស់ប្តូរថាមពល។ លើសពីនេះ តាមរយៈកម្មវិធី និងផែនការដែលបានអនុម័ត កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ រដ្ឋាភិបាលវៀតណាម នឹងកំណត់គោលដៅ កាត់បន្ថយការបំភាយកាបូន និងឧស្ម័នមេតាន ក្នុងវិស័យដឹកជញ្ជូន ឲ្យបានកាន់តែច្រើន ក្នុងគោលបំណងអនុវត្ដន៍ តាមគោលការណ៍ឧស្សាហកម្ម គ្មានការបំភាយឧស្ម័ននៅឆ្នាំ 2050។
ម្យ៉ាងវិញទៀត នៅឆ្នាំ 2050 ប្រទេសវៀតណាមប្ដេជ្ញាចិត្ដ ធ្វើយ៉ាងណា ឲ្យយានជំនិះតាមផ្លូវទាំងអស់ រួមទាំងយានជំនិះសាធារណៈ គួរតែប្រើអគ្គិសនី ឬប្រើថាមពលបៃតង ហើយប្រព័ន្ធស្ថានីយ៍ ថាមពលបៃតងគិតថ្លៃ ក៏នឹងត្រូវបានបង្កើតឡើង នៅទូទាំងប្រទេសវៀតណាម ផងដែរ។ បន្ថែមពីនេះ វៀតណាម បាននិយាយថានៅឆ្នាំ 2050 រថភ្លើងក្នុងស្រុកទាំងអស់របស់ខ្លួន នឹងប្រើប្រាស់ថាមពលអគ្គិសនី ហើយយន្តហោះទាំងអស់ នៅក្នុងប្រទេសវៀតណាម ក៏នឹងងាកទៅប្រើប្រាស់ ថាមពលពណ៌បៃតង ឬថាមពលប្រកបដោយ និរន្តរភាពផងដែរ។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ធ្លាប់បានសន្យាម្ដងរួចមកហើយ នៅសន្និសីទ អង្គការសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុនៃភាគី (COP26) នៅទីក្រុង Glasgow កាលពីខែវិច្ឆិកាឆ្នាំមុនថា វៀតណាមនឹងខិតខំធ្វើយ៉ាងណា សម្រេចបាននូវ ការបញ្ឈប់ការបំភាយឧស្ម័នកាបូន និងកាត់បន្ថយឲ្យបាន នៅត្រឹមសូន្យនៅឆ្នាំ 2050។