មន្ទីរពិសោធន៍គណៈវិស្វករកម្ពុជា ផ្តល់លទ្ធភាពគ្រប់គ្រាន់ ដើម្បីធ្វើកោសល្យវិច័យ លើការប្រកបវិជ្ជាជីវៈវិស្វកម្ម របស់វិស្វករអាជីព


(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការ មន្ទីរពិសោធន៍គណៈវិស្វករកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈ វិស្វករកម្ពុជា ជឿជាក់ថា មន្ទីរពិសោធន៍នេះ នឹងបន្តជំរុញ និងផ្តល់លទ្ធភាពគ្រប់គ្រាន់ ដល់គណៈវិស្វករកម្ពុជា ក្នុងការគ្រប់គ្រង ត្រួតពិនិត្យ វិភាគ តាមដាន និងធ្វើកោសល្យវិច័យ លើការប្រកបវិជ្ជាជីវៈវិស្វកម្ម របស់វិស្វករអាជីព នៅគណៈវិស្វករកម្ពុជា ដើម្បីរួមចំណែក ចូលរួមគិតគូជាមួយ រាជរដ្ឋាភិបាលក្នុងការ អនុវត្តយុទ្ធសាស្ត្រចតុកោណ ដើម្បីអភិវឌ្ឍធនធានបញ្ញាវ័ន្តវិស្វកម្មជាតិ ដែលជាតម្រូវការចាំបាច់ក្នុងការ កសាងប្រទេស ប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ សុច្ចរិតភាព និងការទទួលខុសត្រូវខ្ពស់ របស់វិស្វករយើង។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋាន គណៈវិស្វករកម្ពុជា ដែលបានចាប់យក កិច្ចសហការជាមួយក្រុមហ៊ុន CAST Laboratories PTE Ltd នៃប្រទេសសិង្ហបុរី ដែលជាក្រុមហ៊ុនមួយ មានបច្ចេកវិទ្យាខ្ពស់ កម្រិតស្តង់ដាអន្តរជាតិ ISO មានជំនាញ និងបទពិសោធន៍យូរឆ្នាំ ទៅលើការងារតេស្តសម្ភារៈគ្រឿងផ្គុំ ការផ្តល់វិញ្ញាបនប័ត្រ និងការវាយតម្លៃ ប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់ ទៅលើការសាងសង់ ដោយមានការទទួលស្គាល់ជាសកល ទាំងអង្គភាពបទប្បញ្ញត្តិជាតិ និងអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា គណៈវិស្វករកម្ពុជា ពិតជាមានការវិវត្ត រីកចម្រើនគួរឱ្យកត់សំគាល់ តាំងពីចាប់ផ្តើម បង្កើតឡើងកាលពី ឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ន ដែលមានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ជាប្រធានកិត្តិយស របស់ក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ហើយមានអគ្គលេខាធិការដ្ឋាន គណៈវិស្វករកម្ពុជា ជាសេនាធិការ បានខិតខំសម្រេចនូវ សមិទ្ធផលធំៗជាច្រើន។

សមិទ្ធផលទាំងនេះ គឺសម្រេចបានដោយសារ ការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយឆន្ទៈមោះមុត និងភាពឈ្លាសវៃ និងដោយការដាក់ចេញនូវ គោលនយោបាយយុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍន៍ ដ៏ត្រឹមត្រូវ ច្បាស់លាស់ និងមានលក្ខណៈប្រាកដប្រជា គួបផ្សំនឹងយន្តការ របស់ស្ថាប័ននីមួយៗ ដែលមានការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព លើគ្រប់វិស័យ ក្នុងនោះក៏មានការរីចម្រើន យ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានសំណង់អគារខ្ពស់ៗ ងើបឡើងប្រណាំងគ្នា យ៉ាងផុលផុស ការស្ថាបនាផ្លូវថ្នល់ខ្វែងខ្វាត់ ផ្លូវក្រោមដី ផ្លូវអាកាស ផ្លូវហាយវ៉េ ជាដើម។ សមិទ្ធផលទាំងអស់នេះសបញ្ចាក់ ឱ្យឃើញថា ការអភិវឌ្ឍធនធានវិស្វកម្ម គឺជាកម្លាំងចលករមួយ ដ៏ខ្លាំងក្លាបំផុត មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គមជាតិមួយ ឱ្យមានការរីកចម្រើន។ ដូចនេះ វាជាការចាំបាច់ ក្នុងការបង្កើនយន្តការដឹកនាំ ដើម្បីធ្វើឱ្យ ស្ថាប័នវិស្វកម្មមួយនេះ ក្លាយជាមជ្ឈមណ្ឌលមួយដ៏រឹងមាំ ដែលអាចចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការអភិវឌ្ឍន៍ សង្គមជាតិប្រកបដោយចីរភាព។

ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការ នៃគណៈវិស្វករកម្ពុជា ឲ្យដឹងថា គណៈវិស្វករកម្ពុជា គឺជាអាជ្ញាធរ វិស្វកម្មជាតិមួយ ដែលត្រូវបានបង្កើតឡើង ស្របទៅនឹង ការវិវត្តនៃសង្គមសេដ្ឋកិច្ច និងកិច្ចព្រមព្រៀង ទទួលស្គាល់គ្នាទៅវិញទៅមក លើសេវាកម្មវិស្វកម្មឆ្លងដែន ក្នុងតំបន់អាស៊ាន ក្នុងគោលបំណងប្រមូលផ្តុំ ធនធានបញ្ញាវន្តវិស្វករជាតិចុះបញ្ជី គ្រប់គ្រង និងអភិវឌ្ឍសមត្ថភាព ប្រតិបត្តិវិជ្ជាជីវៈ ដើម្បីធានាឱ្យការ ប្រកបវិជ្ជាជីវៈវិស្វកម្មមាន គុណភាព ប្រសិទ្ធភាព សុវត្ថិភាព ស្ថេរភាព និងការទទួលខុសត្រូវខ្ពស់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ចំណែក លោក Lim eng Heng Chairman of Group CEO of cast laboratorie Pte Ltd. ក៏បានបង្ហាញពីសេចក្ដីសាទរ ចំពោះការដាក់អោយ ដំណើរការនូវមន្ទីរពិសោធន៍ គណៈវិស្វករកម្ពុជា ដែលទាំងនេះក៏ជាចំណែកមួយ យ៉ាងសំខាន់សម្រាប់ សក្ដានុពលក្នុងប្រទេស និងការអភិវឌ្ឍន៍ ធនធានមនុស្សផងដែរ ។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ដើម្បីជំរុញឱ្យគោលបំណង របស់គណៈវិស្វករកម្ពុជា អាចសម្រេចបានប្រកប ដោយសុក្រឹត្យភាព អគ្គលេខាធិការដ្ឋាន គណៈវិស្វករកម្ពុជា ត្រូវរៀបចំផែនការ បណ្ដុះបណ្ដាលបំប៉ន ជំនាញវិជ្ជាជីវៈវិស្វកម្ម ការត្រួតពិនិត្យវិស័យសំណង់ និងមុខជំនាញផ្សេងៗទៀត ដែលពាក់ព័ន្ធ ដោយសហការជាមួយដៃគូ គឺក្រុមហ៊ុន CAST Laboratories PTE Ltd នៃប្រទេសសិង្ហបុរី ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងបទដ្ឋានបច្ចេកទេសស្តង់ដាផ្សេងៗ ជូនដល់វិស្វករ ដែលចុះបញ្ជី នៅគណៈវិស្វករកម្ពុជា ពីព្រោះថា មន្ទីរពិសោធន៍នេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការក្លាយជាស្ពាន ផ្សាភ្ជាប់ទ្រឹស្តីទៅនឹង ការអនុវត្តជាក់ស្តែង តាមរយៈការធ្វើតេស្តត្រួតពិនិត្យ ការវាយតម្លៃសម្ភារ គ្រឿងផ្គុំ ការធ្វើកោសល្យវិច័យ លើការងារវិស្វកម្ម និងការផ្តល់វិញ្ញាបនបត្រ ទទួលស្គាល់ប្រកបដោយ ភាពប្រាកដច្បាស់លាស់៕