កាលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំ កិច្ចពិគ្រោះយោបល់ ជាមួយវិស័យឯកជន ស្តីពីការពង្រីកទីផ្សារនាំចេញ ទៅអេមីរ៉ាតអារ៉ាប់រួម តាមរយៈការចរចា បង្កើតកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-United Arab Emirates Comprehensive Economic Partnership Agreement - "CAM-UAE CEPA")។
ក្នុងកិច្ចពិភ្សាគ្នានេះ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពី គោលបំណង និងសារៈប្រយោជន៍ នៃការចរចាបង្កើតកិច្ចព្រមព្រៀង CAM-UAE CEPA ដែលនឹងចូលរួម លើកកម្ពស់បរិយាកាស សេរីភាវូបនីយកម្មផ្នែកពាណិជ្ជកម្ម និងវិនិយោគ តាមរយៈការបើកច្រក ទីផ្សារឱ្យកាន់តែទូលាយ និងបង្កើនឱកាសវិនិយោគទ្វេភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងធ្វើឱ្យស៊ីជម្រៅ ទៅលើកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ចផ្សេងៗទៀត។ ជាវឌ្ឍនភាព ការចរចាជុំទី១ បានប្រព្រឹត្តទៅ កាលពីថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម ប្រកបដោយលទ្ធផល គួរឱ្យកត់សម្គាល់។
សូមបញ្ជាក់ថា ពាណិជ្ជកម្មទំនិញរវាង កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម សម្រេចបានក្នុងទំហំ ១៥១លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ជាមួយនឹងកំណើន ៥៣ភាគរយ បើធៀបនឹងឆ្នាំ២០២០។ មុខទំនិញសំខាន់ៗ សម្រាប់ពាណិជ្ជកម្មទ្វេភាគី រួមមាន៖ សម្លៀកបំពាក់, ស្បែកជើង, កង់, ផលិតផលធ្វើដំណើរ, ថ្នាំជក់, អង្ករ, បរិធានអគ្គិសនីនិងបង្គុំយានយន្ត, ជ័រកៅស៊ូក្រាលផ្លូវថ្នល់, ស្ករចម្រាញ់ចេញពីមើមរុក្ខជាតិ, ចំណីសត្វ, ប្រេង, ប្លាស្ទីក, យានយន្ត, ក្រដាស ជាដើម៕