បញ្ចូលសមតុល្យក្នុងផ្លាកលេខ (License Plate Top-Up) តាមរយៈ Mobile Banking មុនពេលចូល ប្រើប្រាស់ផ្លូវល្បឿនលឿន តាមច្រក ANPR នៅខាងស្តាំដៃបង្អស់នៃច្រកចូលចេញភ្នំពេញ និងព្រះសីហនុ ដើម្បីចំណេញពេលវេលា និងកាត់បន្ថយការកកស្ទះ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១៤ វិច្ឆិកា ២០២២ តទៅ។
ដើម្បីបង្កនូវភាពងាយស្រួល ក្នុងការធ្វើដំណើរ ដោយកាត់បន្ថយភាពស្មុគស្មាញ រយៈពេលរង់ចាំយូរ និងកាត់បន្ថយការកកស្ទះចរាចរណ៍ សូមបងប្អូនប្រជាពលរដ្ឋ ដែលគ្រោងនឹងធ្វើដំណើរ លើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ អាចធ្វើការចូលចេញ និងការទូទាត់សាច់ប្រាក់/បញ្ចូលសមតុល្យទឹកប្រាក់ តាមរយៈកាមេរ៉ា ចាប់ផ្លាកលេខស្វ័យប្រវត្តិ ANPR និងទូទាត់ប្រាក់តាមរយៈ ប្រព័ន្ធធនាគារដៃគូរបស់ក្រសួង សាធារណការ និងដឹកជញ្ជូន។ មុនចូលប្រើប្រាស់ផ្លូវល្បឿនលឿន លោកអ្នកអាចបញ្ចូលសមតុល្យទៅ ក្នុងផ្លាកលេខសម្គាល់ យានយន្តជាមុន (Prepaid License Plate Top-Up) ដោយប្រព័ន្ធទូទាត់ប្រាក់អេឡិចត្រូនិក តាមកម្មវិធីធនាគារ ក្នុងទូរស័ព្ទដៃ (Mobile Banking) នៃគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ គិតត្រឹមថ្ងៃ១៤ វិច្ឆិកា ឆ្នាំ២០២២ មានគ្រឹះស្ថានដៃគូ ចំនួន០៥ ដែលបានដាក់ឱ្យប្រើប្រាស់ នូវកម្មវិធី Mobile Banking ដើម្បីបញ្ចូលសមតុល្យទឹកប្រាក់ តាមរយៈផ្លាកលេខ សម្គាល់យានយន្ត តាមរយៈធនាគារជីបម៉ុង (Chip Mong Bank) ធនាគារអេស៊ីលីដា (ACLEDA Bank) ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ធនាគារវីង (Wing Bank) និងធនាគារ វឌ្ឍនៈ (VATTANAC Bank)។
សូមចូលទៅកាន់វេបសាយ ដែលអាចប្រើប្រាស់ធនាគារ ទូទាត់កម្រៃប្រើប្រាស់ ផ្លូវល្បឿនលឿនបានតាម https://ew.mpwt.gov.kh ។ លោកអ្នកបញ្ជូលបញ្ចូល សមតុល្យទឹកប្រាក់តាម រយៈផ្លាកលេខសម្គាល់ យានយន្តមុនពេលចូល ប្រើប្រាស់ផ្លូវ (License Plate Top-Up) ដែលមានទម្រង់ដូចគ្នា ទៅនឹងការបញ្ជូលទឹកប្រាក់ ក្នុងទូរស័ព្ទដៃ (Mobile Top-Up) ហើយអាចពិនិត្យសមតុល្យ ទឹកប្រាក់ដែលបានបញ្ចូល ឬនៅសល់ ដោយការស្គែន QR Code នៅលើលតាបត្រ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ឬលតាបត្រអនុញ្ញាត សម្រាប់ទោចក្រយានយន្ត។ សូមចងចាំថា៖ ការដាក់ដំណើរការសាកល្បងនេះ ធ្វើនៅតាមច្រកខាងស្តាំដៃបំផុត នៃស្ថានីយភ្នំពេញ និងស្ថានីយក្រុងព្រះសីហនុតែប៉ុណ្ណោះ។
ដើម្បីការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ប្រកបដោយអនុលោមភាព ព្រមទាំងធានាសុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ រាល់យានយន្តដែលចូល ទៅប្រើប្រាស់ផ្លូវល្បឿនលឿន តម្រូវឱ្យបំពេញនូវលក្ខខណ្ឌដូចតទៅ៖
• ត្រូវមានការចុះបញ្ជី និងបំពាក់ផ្លាកលេខសម្គាល់ត្រឹមត្រូវ
• ត្រូវមានលតាត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) មានសុពលភាព (ករណីរថយន្ត)
• ត្រូវមានលតាបត្រទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំចាប់ពី 500cc ឬប្រើប្រាស់ថាមពលអគ្គិសនី ចាប់ពី 27kW ឡើងទៅ (ករណីទោចក្រយានយន្ត)។
លោកអ្នកអាចស្វែងយល់ពី ព័ត៌មានលម្អិតបន្ថែម ដោយធ្វើការទាក់ទងទៅកាន់៖
• 1399 (សម្រាប់ព័ត៌មានលម្អិតពីសេវាកម្ម)
• 1275 (សម្រាប់ព័ត៌មានទូទៅ)