ស្ថានីយកម្លាំងខ្យល់ខ្នាតយក្សរបស់អេហ្ស៊ីប នឹងចាប់ផ្ដើមផ្គត់ផ្គង់ ថាមពលបៃតង ទៅកាន់អឺរ៉ុបនាឆ្នាំ២០៣០


ស្ថានីយ៍ដំណើរការដោយកម្លាំងខ្យល់ បានកំពុងរីកដុះដាល ជាបន្តបន្ទាប់នៅតាមតំបន់ និងផ្នែកជាច្រើនជុំវិញភពផែនដី ក្នុងដំណើរឆ្ពោះទៅរក ការលុបចោល ការផលិតថាមពលអគ្គិសនី ដែលបំភាយឧស្ម័នពុល ឬប៉ះពាល់ទៅដល់បរិស្ថានផែនដី។ ស្ថិតក្នុងដំណើរនេះ អេហ្ស៊ីប បានកំពុងរៀបចំគម្រោងការយក្ស ដោយបង្កើតស្ថានីយអគ្គិសនី ដ៏ធំមួយ ដែលដំណើរការដោយកម្លាំងខ្យល់ និងត្រៀមផ្គត់ផ្គង់ ទៅកាន់ប្រទេសជាច្រើន នៅទ្វីបអឺរ៉ុប។

ស្ថានីយ៍ផលិតថាមពលអគ្គិសនី កកើតឡើងវិញបាន ដោយប្រើប្រាស់កម្លាំងខ្យល់ មានមូលដ្ឋានស្ថិតនៅប្រទេសអេហ្ស៊ីប គ្រោងនឹងបើកការដ្ឋាន សាងសង់នាឆ្នាំ ២០២៤ ខាងមុខ ដោយចំនាយថវិកាសរុប ប្រមាណជា ១១ ពាន់លានដុល្លារ។ គម្រោងដ៏ធំមួយនេះ គឺជាមហិច្ឆិតាដ៏ធំសំបើម ថែមទាំងបម្រើទៅដល់ ផលប្រយោជន៍ជាច្រើន ជូនទៅដល់មនុស្សជាតិ នៅទ្វីបអឺរ៉ុបផង ក៏ដូចជាសហព័ន្ធអារ៉ាប់រួមផងដែរ នៅពេលវាចាប់ផ្ដើម បើកឱ្យដំណើរការជាផ្លូវការ។

ស្ថានីយ៍ខ្នាតយក្សមួយនេះ មានទីតាំងស្ថិតនៅ តំបន់វាលខ្សាច់ភាគខាងលិច នៃតំបន់ Minya និងតំបន់ Aswan ដែលមានអំណោយផល ពីខ្យល់ធម្មជាតិ នៃវាលខ្សាច់ដ៏ធំល្វឹងល្វើយ និងស្ថិតក្រោមការសាងសង់ឡើង ដោយក្រុមហ៊ុនសំណង់ Abu Dhabi ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Masdar and Infinity Power Holdings។ នៅពេលសាងសង់ រួចរាល់ជាស្ថាពរ សា្ថនីយ៍មួយនេះ មានអានុភាព អាចផលិតថាមពលអគ្គិសនីបៃតង ក្នុងទំហំសរុប ១០ ជីហ្គាវ៉ាត់ ហើយរំពឹងថា នឹងអាចបើកដំណើរការ ជាផ្លូវការ នាឆ្នាំ២០៣០ ខាងមុខ។

ស្ថានីយ៍ដ៏សំខាន់មួយនេះ គឺជាដំណោះស្រាយដ៏សំខាន់មួយ ក្នុងវិស័យថាមពលរបស់អឺរ៉ុប និងរួមចំណែកផងដែរ សម្រាប់ការផ្គត់ផ្គង់ ទៅកាន់អារ៉ាប់រួម ផងដែរ ដោយត្រូវលុបបំបាត់ចោល នូវការផលិតថាមពលអគ្គិសនីណា ប៉ះពាល់ទៅដល់បរិស្ថាន ក្នុងដំណើរឆ្ពោះទៅកាន់ឆ្នាំ ២០៥០ និង ២០៦០ ទៅតាមគោលនយោបាយជាតិ នៃប្រទេសនីមួយៗ។ ម្យ៉ាងទៀត ស្ថានីយ៍នេះនឹងរួមចំណែក កាត់បន្ថយការកើនឡើងនៃ កម្ដៅរបស់ភពផែនដី ដែលជាដើមចមបង្ក ទៅជាគ្រោះធម្មជាតិ និងបម្រែបម្រួល អាកាសធាតុជាច្រើន៕